Connect with us

ព័ត៌មានជាតិ

ស្ថានីយ​តម្លៃ​ជិត ២លាន​ដុល្លារ​នៅស្ទឹងត្រែង អាចផ្គត់ផ្គង់កូនត្រី​ពូជ​ខេត្ត​ភូមិភាគឦសាន​

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ ដ៍ធំមួយនៅខេត្តស្ទឹងត្រែង ដែលចំណាយថវិការបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ នៅលើផ្ទៃដីជាង១០ហិកតា គ្រោងបញ្ចប់ការ​សាងសង់នៅចុងខែសីហាឆ្នាំ ២០២១នេះ។

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង​បានមានប្រសាសន៍ថា ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជនេះ មានទីតាំងនៅចំណុចអូរខ្លុង ភូមិឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយចំណាយថវិកា​ជាង​មួយលានប្រាំពីសែនដុល្លារ រហូតមកដល់ថ្ងៃទី ០៧ខែសីហានេះសម្រេច​បាន ៩៥% ហើយគ្រោងបញ្ចប់​ការសាងសង់នៅចុងខែសីហាឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរកសិកម្មបានបន្តថា នៅពេលស្ថានីយសាងសង់​រួចរាល់ អាចផលិតកូនត្រីក្នុងមួយឆ្នាំរហូត ៣លានកូន ហើយអាចផ្ទេរបច្ចេកទេសដល់កសិករ ទាំងការផលិតកូនត្រី ក៍ដូចជាការចិញ្ចឹមត្រីសាច់ ដោយ​ផ្តោត​ជាសំខាន់ ទៅលើការបណ្តុះបណ្តាលយកសិករឲ្យក្លាយទៅជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្ម ឲ្យមាននៅតាមមូលដ្ឋាន។

លោកបន្តថា ទាំងការផលិតកូនត្រី ការផលិតត្រីសាច់ ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយដ៍ធំមួយនេះ អាចបំពេញសេចក្តីត្រូវការនិងផ្គត់ផ្គង់កូនត្រីសំរាប់ខេត្តនៅភូមិភាគឥសាន្ត។

លោកស្រី សមវិចិត្រ ប្រធានខណ្ឌបាល​ជលផលស្ទឹងត្រែងបានបញ្ជាក់ថា ស្ថានីយស្រាវជ្រាវនេះ អាចផលិតកូនត្រី ដែលមានគុណភាពល្អ អាច​ចែកជូនដល់កសិករក្រីក្រ និងមួយចំនួនទៀតអាច​យក​លក់ទៅឲ្យកសិករក្នុងតម្លៃធូរថ្លៃ ដោយ​មាន​កន្លែងចិញ្ចឹមត្រីគំរូផង និងជាកន្លែងបណ្ដុះបណ្ដាល​បង្ហាញ​ដល់​កសិករ​ផងដែរ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ស្ថានីយអាច​ផលិតនិងភ្ញាស់កូនត្រីមានតម្លៃសេដ្ឋកិច្ច ដូចជាត្រីខ្យា ត្រីត្រសក់ ត្រីព្រួល ជាដើម ដែល​ជា​ពពួកត្រី​មាន​តម្រូវការ​លើ​ទីផ្សារ អាច​ជំរុញកសិករ​ងាក​មក​ចិញ្ចឹម​បង្កើត​ប្រាក់ចំណូលកាន់តែល្អ។

លោកបន្ថែមថា មួយចំណែកទៀតផ្នែកជលផល អាចមានលទ្ធភាពជួយកែប្រែកសិករនិងអ្នកនេសាទ ដែលធ្លាប់តែពឹងផ្អែកលើធនធានធម្មជាតិ ឲ្យក្លាយទៅជាកសិករចិញ្ចឹមត្រីនេះជាការបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ទៅតាមច្បាប់ស្តីពីជលផល ដើម្បីកាត់បន្ថយដល់ការធ្វើនេសាទហួសកំរិត។

នេះជាលើកទីមួយហើយ ដែលខេត្តស្ទឹងត្រែងមាន ស្ថានីយស្រាវជ្រាវនិងផលិតកូនត្រីពូជ សម្រាប់ផ្តល់បច្ចេកទេស និងចែកចាយពូជត្រី ទៅវារីវប្បកម្មជាលក្ខណៈគ្រួសារ ឈានទៅធ្ចើជាម្ចាស់ក្នុងការផលិតកូនត្រី និងធ្វើជាអ្នកចែកចែកចាយពូជត្រីទៅតាមបណ្តាខេត្តនិងទៅប្រទេសជិតខាងផងដែរ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម