Connect with us

សេដ្ឋកិច្ច

ក្រសួងរ៉ែ​ និង​ថាមពលផ្ដល់អាជ្ញា​បណ្ណ​ស្វែង​រករ៉ែមាសឲ្យក្រុមហ៊ុនអូស្រ្តាលីថ្មីទៀតនៅ​ខេត្តត្បូងឃ្មុំ

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពលបានផ្ដល់អាជ្ញាបណ្ណស្វែងរុករករ៉ែមាសឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ដែលជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតអន្តរជាតិ របស់ប្រទេសអូស្ត្រាលី នៅក្នុងតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ។ តែទោះបីយ៉ាងណាក្រុមហ៊ុននេះត្រូវរង់ចាំការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមដំបូង (IESIA) ពីក្រសួងបរិស្ថានផងដែរទើបអាចដំណើរការបាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ​ នៃក្រសួងរ៉ែ និង ថាមពល បានថ្លែងឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា​ ក្រុមហ៊ុននេះនឹងចាប់ផ្តើមប្រតិបត្តិការស្វែង រុករករ៉ែមាសបន្ទាប់ពីទទួលបានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ពីក្រសួងបរិស្ថាន។

ក្នុងសុពលភាពនៃអាជ្ញាបណ្ណលើក ទី១ ដែលផ្ដល់ជូនក្រុមហ៊ុននេះមានរយៈពេល ៣ ឆ្នាំ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករកនិងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។ ចំពោះផែនការ ស្វែង​រុករករ៉ែរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក្នុងដំណាក់កាលដំបូងរយៈពេល៣ឆ្នាំនេះគឺពុំទាន់អាចវាយតម្លៃឬបង្ហាញពីបរិមាណមាសថាមានឬបានចំនួនប៉ុន្មាននៅឡើយនោះទេ។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា អត្ថប្រយោជន៍និងផលវិជ្ជមានផ្នែកសេដ្ឋកិច្ច និងសង្គមកើតចេញពីការអនុវត្តគម្រោងនេះរួមមាន​ ការផ្តល់ឱកាសការងារ និងប្រាក់ចំណូល, កាត់បន្ថយចំណាកស្រកទៅក្រៅប្រទេស,បណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងបទពិសោធន៍ដល់បុគ្គលិក/កម្មករ,ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍និងសេដ្ឋ កិច្ចជាតិ,ការប្រើប្រាស់សេវាកម្មនិងទំនិញក្នុងស្រុក (Local Content),ការចូលរួមអភិវឌ្ឍលើវិស័យផ្សេងៗក្នុងសហគមន៍មូលដ្ឋាន,ការកំណត់ទិន្នន័យនិងសក្តានុពលធនធាន រ៉ែនិងធនធានធម្មជាតិផ្សេងទៀតនៅក្នុងតំបន់គម្រោង ។

គូសបញ្ជាក់ថា ក្រុមហ៊ុន រ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតធំអន្តរជាតិរបស់ប្រទេស​អូស្ត្រាលីដែលបានរុករករ៉ែជាច្រើនប្រទេសមកហើយក្នុងនោះមាន នៅកម្ពុជា ថៃ ម៉ាឡេស៊ី ជាដើម។ ក្រុមហ៊ុននេះកំពុងតែប្រតិបត្តិការអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ផងដែរ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម