Connect with us

សេដ្ឋកិច្ច

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាអាចគ្រប់គ្រងបាន

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា បើទោះជាទំហំនៃការខ្ចីនឹងត្រូវបង្កើនក្តី ក៏ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះគឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈ បានលើកឡើងបែបនេះ នៅក្នុងអារម្ភកថាក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនា​ពេលថ្មីៗនេះ​។

លោកបានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំមានជាអាទិ៍៖ ១. ក្របខណ្ឌគតិយុត្ត ២. គោលនយោបាយ យុទ្ធសាស្រ្ត និងនីតិវិធីគ្រប់​គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣. សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង៤. ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ​ និងរក្សាទុកទិន្នន័យដើម្បីជាមូលដ្ឋាន នៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។​ 

ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីង-១៩ ធ្វើឱ្យកម្មវិធី/គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យាពេលធ្វើគម្រោងកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីពីដៃគូរអភិវឌ្ឍន៍ និងប្រទេសជាមិត្តមួយចំនួនត្រូវបានផ្អាកនៅក្នុងឆមាសទី១ ឆ្នាំ ២០២១ នេះ។ ក៏ប៉ុន្តែទោះបីជាគម្រោងកម្ចីមួយចំនួន រូវបានពន្យា​ ក៏រាជរដ្ឋាភិបាលនៅតែអាចដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់។ ជាក់ស្តែងការដកសាច់ប្រាក់នៅឆមាសទី១ឆ្នាំនេះមានសរុបចំនួន ៥៤៥,៩៦លានដុល្លារ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានចំនួនប្រមាណ ៧៨ % ត្រូវនឹង ​​​៤២៦,៣៩លានដុល្លារ និងក្របខ័ណ្ឌពហុភាគីមានចំនួនប្រមាណ ២២%ត្រូវនឹង ១១៩,៥៧លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនាពេលថ្មីៗនេះ​។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាបានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះ​កិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤.៨៤​ ប៊ីលានដុល្លារ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្តប់ប្រមាណ ៨៤% និងវិស័យអាទិភាពចំពោះមុខផ្សេង ទៀតប្រមាណ ១៦%។

ជាការកត់សម្គាល់ក្នុងរយៈកាលជាងពីរទស្សវត្សរ៍កន្លងមក កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ដោយកសាងបាននូវសមិទ្ធផលថ្មីៗបន្ថែមជាច្រើនដូចជា៖ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន រោងចក្រផលិតថាម ពលអគ្គិសនី បណ្តាញបញ្ជូន និងចែកចាយថាមពលអគ្គិសនី ស្ថានីយផលិត និងបណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធធារាសាស្ត្រ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ការលើកកម្ពស់គុណភាពអប់រំ ការផ្តល់សេវាសុខាភិបាលជាដើម។

នៅក្នុងអារម្ភកថារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានលើកឡើងថា សមិទ្ធផលធំៗទាំងនេះមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែកនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពឡើយ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់ពីការវិវត្តថ្មីនៃជំងឺកូវដ-១៩ ដែលជាហេតុនាំឱ្យការងើបឡើងវិញនៃកំណើនក្នុងឆ្នាំ២០២១ នេះនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា ឆ្លើយតបនឹងបរិការណ៍នេះ រាជរដ្ឋាភិបាលបានរៀបចំហើយ​គ្រោងនឹងដាក់ចេញនូវ “ផែនការស្តារសេដ្ឋកិច្ចឡើងវិញ” សម្រាប់ ឆ្នាំ២០២១-២០២៣ សំដៅបង្កើនកម្មវិធីចំណាយដែលមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅដោយបន្តខិតខំកៀរគរហិរញ្ញប្បទានបន្ថែមពីប្រភពនានាជាពិសេសពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍​។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងរៀបចំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ​ សំដៅកៀរគរទុនពីប្រភពក្នុងស្រុ​តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារជាលើកដំបូងផងដែរ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម