Connect with us

សេដ្ឋកិច្ច

អ្នកជំនាញចង់ឱ្យយុវជន រៀនជំនាញបច្ចេកទេស ខណៈមានតម្រូវការទីផ្សារការងារខ្ពស់

បានផុស

នៅ

អ្នកជំនាញបច្ចេកទេសបណ្ដុះបណ្ដាល ជួសជុលរថយន្ត បានប្រាប់ឱ្យដឹងថា ជំនាញបច្ចេកទេស មានតម្រូវការទីផ្សារការងារខ្ពស់ ប៉ុន្តែនៅតែខ្វះធនធានមនុស្ស។

លោក ស៊ឹម សុរិន្ទ នាយកសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ដែលជា ​សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត បានផ្ដល់បទសម្ភាសន៍ដល់កម្ពុជាថ្មីថា សាលាបង្រៀន ហ្ស៊ី វ៉េ សេ បើកបង្រៀនជំនាញផ្នែករថយន្ត គ្រឿងចក្រ និងម៉ាស៊ិនកសិកម្មផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សភាគច្រើនចេញពីសាលា JVC ដែលមាននៅតាមបណ្ដាក្រុមហ៊ុន រថយន្តក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ។

ក្រៅពីនេះ មានសិស្សមករៀនជាច្រើនទៀត ត្រូវបានបញ្ជូនចេញទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសជប៉ុនជាដើម ខណៈតម្រូវការរបស់ក្រុមហ៊ុនក្នុងស្រុក ដែលទាក់ទងទៅសាលារបស់លោក គ្រូ ក៏មានច្រើន។ បច្ចុប្បន្នសាលារបស់លោក គ្រូ ស៊ឹម សុរិន្ឌ កំពុងមានទំនាក់ទំនងជាមួយភាគីជប៉ុន ក្នុងការនាំចេញអ្នកបច្ចេកទេសទៅធ្វើការនៅទីនោះ។

បើតាមលោក គ្រូបង្រៀនបច្ចេកទេសរថយន្ត និងជានាយកសាលា JVC រូបនេះ បានឱ្យដឹងថា បច្ចុប្បន្នចំនួនសិស្សមានការកើនឡើងគុណ នឹង ៣ ដែលមានប្រមាណ ៣០០ ទៅ ៤០០ នាក់ ក្នុង១ឆ្នាំ បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុន ប៉ុន្តែតម្រូវការ ទីផ្សារការងារនៅតែមានខ្ពស់ ហើយក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកបានទាក់ទងយកសិស្សពីសាលាលោកគ្រូទៅអស់ៗ ជារៀងរាល់ឆ្នាំ។

លោក ស៊ឹម សុរិន្ទ ប្រាប់ថា ដោយសារតែការអភិវឌ្ឍរបស់ប្រទេសជាតិ មានការកើនឡើង ដូច្នេះតម្រូវការ អ្នកកាន់គ្រឿងយន្ត គ្រឿងចក្រក៏មានច្រើនដែរ។

លោក ស៊ឹម សុរិន្ទ បញ្ជាក់ទៀតថា “យើងនៅមានការខ្វះខាតច្រើនណាស់ សំខាន់ចំណេះដឹង ជាពិសេសយុវជនទទួលព័ត៌មាន មិនសូវបាន និងការពិចារណានៅមានការខ្វះខាត។ ខ្ញុំឃើញចេះតែស្ដាយកម្លាំង ខ្ញុំឃើញគ្នាមួយចំនួនទៅរកស៊ីការងារប្រើពលកម្មកម្លាំង គឺបានប្រាក់ចំណូលតិចណាស់ ហើយមនុស្សច្រើនណាស់ដែលធ្វើការងារអស់ហ្នឹង ហើយបើសិនជាចំណាយពេលខ្លី តែរយៈពេល ៦ ខែទៅ១ ឆ្នាំ ឱ្យមានបច្ចេកទេសក្នុងខ្លួន គឺងាយស្រួលរកការងារធ្វើ”។

លោកបន្តលើកឡើងទៀតថា “បើយើងបានចូលរៀនហើយ យើងរៀនផងធ្វើការផង ការងារដែលមិនរៀនយើងធ្វើកើត ទុកឱ្យអ្នកផ្សេងធ្វើទៅ បើយើងចេះគិត ចូលបច្ចេកទេសគឺជួយយើងមួយជីវិតហ្មង មិនពិបាកដណ្ដើមម៉ូយដណ្ដើមអីទេ មានន័យថា គេមករកយើងវិញ អាហ្នឹងមិនមែនយើងទៅរកគេទេ”។

លោកគ្រូនាយកសាលាបន្តថា លោកឃើញយុវជនច្រើនណាស់ រត់តាមគ្នាទៅរកការងារកម្លាំងពលកម្ម ហើយការងារប្រភេទនេះ មនុស្សណាក៏អាចធ្វើបានដែរ ខណៈម្នាក់ៗហាក់មិនចង់ងាកមកមើលពីជំនាញបច្ចេកទេស លោកបញ្ជាក់ថា អនាគតទៅមុខនៅកម្ពុជា ការងារបច្ចេកទេសមានតម្រូវការខ្ពស់ ពីព្រោះអ្នកវិនិយោគដែលមកពីបរទេសគេមក គេក៏មិនចង់យកអ្នកបច្ចេកទេសមកពីស្រុកគេដែរ ដោយចំណាយច្រើន លើការស្នាក់នៅ ធានារ៉ាប់រងច្រើន។

លោកថា ប្រសិនបើយុវជនមានឆន្ទៈ ចប់ប្ដូរទិសដៅមកជំនាញបច្ចេកទេសវិញ លោកគិតថា ចំណូលមិនពិបាក ហើយកម្លាំងក៏មិនសូវប្រើដែរ ព្រោះអ្នកបច្ចេកទេស មិនដែលសូវប្រើកម្លាំង គឺប្រើជំនាញបញ្ញា បញ្ជាគ្រឿងចក្រ គ្រឿងយន្ត។ ជាពិសេសអ្នកក្រីក្រ អ្នកលំបាក បើខំងើបតែបន្តិចមកបានហើយ។

សូមជំរាបថា សិស្សអាចចូលរៀន នៅសាលា JVC ដោយតម្រូវឱ្យមានសញ្ញាបត្រឌីប្លូម ជាប់ ឬធ្លាក់ នេះគឺលក្ខខណ្ឌអាហារូបករណ៍របស់រដ្ឋ ចំណែកឯថ្នាក់មធ្យមត្រូវមានសញ្ញាបត្របាក់ឌុបធ្លាក់ឬជាប់ ខណៈដែលថ្នាក់បឋមចំណាយត្រឹមតែ ២៥០ ដុល្លារ ក្នុង១ ឆ្នាំ ចំណែកឯថ្នាក់មធ្យមចំណាយ ៣០០ ដុល្លារ៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម