Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ សាំងនៅកម្ពុជា អាចចុះថ្លៃនៅដើមឆ្នាំ ២០២២

បានផុស

នៅ

តម្លៃសាំងនៅកម្ពុជា ឡើងថ្លៃជាបន្តបន្ទាប់ ក្លាយជាកង្វល់របស់ពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរនៅក្នុងវិស័យដឹកជញ្ជូន។ នៅចុងឆ្នាំ ២០២១នេះ តម្លៃសាំងទំនងជាមិនទាន់ចុះថ្លៃនៅឡើយទេ ដោយសារប្រេងឥន្ធនៈនៅលើពិភពលោកខ្វះកម្លាំងផលិត និងមានតម្រូវការខ្ពស់ ដែលជាហេតុនាំឱ្យតម្លៃប្រេងបន្តឡើងថ្លៃ។

បើតាមការប៉ាន់ស្មានតម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងចុះថ្លៃបន្តិចវិញ នៅដើមឆ្នាំ ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោក សុវិជាតិ សង្កត់ធ្ងន់ថា យើងត្រូវទ្រាំលំបាកប្រហែល២ខែទៀត ពោលគឺដើមឆ្នាំក្រោយអាចជាសញ្ញាល្អមួយ គឺសាំងនឹងធ្លាក់ចុះតម្លៃ នៅពេលដែលប្រទេសផលិតប្រេងប្រឹងប្រែងផលិត ផលិតកម្មរបស់ខ្លួន។ លោកថា « គេមិនអាចទុកឱ្យវិបត្តិប្រេងបន្តអូសបន្លាយយូរទេក្នុងរឿងនេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា វិបត្តិប្រេងឡើងថ្លៃនេះ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺកើតឡើងជាសកល សូម្បីប្រទេសជិតខាងយើងដូចជា ថៃ វៀតណាម ក៏ឡើងថ្លៃដូចគ្នា គ្រាន់តែមានការសម្របសម្រួលពីរាជរដ្ឋាភិបាលតាមវិធានការផ្សេងៗគ្នារបស់ប្រទេសនីមួយៗ។

លោក ប៉ែន សុវិជាតិ ពន្យល់អំពីមូលហេតុដែលតម្លៃប្រេងសាំងបន្តឡើងថ្លៃនៅចុងឆ្នាំនេះថា ប្រទេសយើងមិនមែនជាប្រទេសផលិតប្រេងទេ គឺយើងនាំចូលប្រេងពីទីផ្សារអន្តរជាតិ ដូចជានាំចូលពីប្រទេសសិង្ហបុរី ថៃ វៀតណាម ដូច្នេះប្រសិនបើតម្លៃប្រេងឥន្ធនៈឡើងជាទូទៅ នៅកម្ពុជា ក៏ឡើងដូចគ្នា។

អ្នកជំនាញលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន ប្រទេសផលិតធ្លាប់មានបទពិសោធន៍ផលិតប្រេងលើសចំនួន ដែលជាហេតុធ្វើឱ្យខ្វះកន្លែងស្តុកប្រេង ត្រូវបញ្ចេញក្នុងតម្លៃមួយដែលទាបបំផុត ទើបក្រោយៗមកប្រទេសផលិតប្រេងផលិតត្រឹមតែគ្រប់ចំនួនប្រើប្រាស់ប៉ុណ្ណោះ។ មូលហេតុមួយទៀត គឺក្នុងបរិបទវិបត្តិកូវីដ-១៩ មនុស្សមិនសូវចេញក្រៅ មធ្យោបាយធ្វើដំណើរក៏មិនប្រើប្រាស់ច្រើន ប៉ុន្តែក្រោយប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងក្នុងកម្រិតមួយខ្ពស់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏មានការថមថយ មធ្យោបាយធ្វើដំណើរចាប់ផ្តើមកើនឡើងវិញ ជាហេតុធ្វើឱ្យការផ្គត់ផ្គង់ប្រេងមិនគ្រប់តម្រូវការ ទើបតម្លៃប្រេងឡើងថ្លៃជាលំដាប់។

គិតត្រឹមថ្ងៃទី ០៣ ខែ វិច្ឆិកានេះ តម្លៃប្រេងស៊ុបពែនៅកម្ពុជា មានតម្លៃ១លីត្រ ៥០៥០រៀល សាំងធម្មតា១លីត្រ តម្លៃ ៤៥៥០រៀល និងម៉ាស៊ូតតម្លៃ១លីត្រ ៤១០០រៀល៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម