Connect with us

សេដ្ឋកិច្ច

វៀតណាមនៅតែជាទីផ្សារគ្រាប់ស្វាយចន្ទីធំរបស់កម្ពុជា ប្រមាណ​៩០%

បានផុស

នៅ

ទីផ្សារវៀតណាមបានស្រូបយកគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណជាង ៩០ ភាគរយធៀបនឹងគោលដៅទីផ្សារនាំចេញ នៃប្រទេសជាច្រើនផ្សេងទៀតមានត្រឹមតែជិត ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមរយៈបាយការណ៍ក្រសួងកសិកម្មក្នុងរយៈពេល១០ ខែ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បានបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបជាង ៩១ ម៉ឺនតោន កើនឡើងជាង ៣០០ ភាគរយ ដោយក្នុងនោះទីផ្សារវៀតណាមបានស្រូបយកគ្រាប់ស្វាយចន្ទីពីកម្ពុជាមានរហូត ៩០ ម៉ឺនតោន ខណៈទីផ្សារប្រទេសថៃមានជាង ៤ ពាន់តោន និងទីផ្សារចិនជាង ៣ ៨០០ តោន និងបន្តបន្ទាប់មានទីផ្សារឥណ្ឌា ជប៉ុន និង កូរ៉េជាដើម។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាពេលនេះបានកំពុងក្លាយជាទំនិញយុទ្ធសាស្រ្តមួយទៀត បន្ទាប់ពីដំឡូងមី និងអង្ករ។ ក្រោយពីមើលឃើញអំពីសក្តានុពលដំណាំស្វាយចន្ទី បច្ចុប្បន្នវិនិយោគិនទាំងក្នុង និងក្រៅស្រុកភាគច្រើនងាកមកវិនិយោគលើ ដំណាំស្វាយចន្ទី ដោយបាន និងកំពុងត្រៀមខ្លួនឱ្យមានទាំងចម្ការរ និងឱ្យមានទាំងកន្លែងកែច្នៃខ្នាតតូចដែលបម្រើឱ្យការផលិតត្រៀមសម្រាប់ការនាំចេញ។

គួរបញ្ជាក់ថា វៀតណាមជាទីផ្សារនាំចេញដ៏ធំគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយអ្នកដាំស្វាយចន្ទី និងក្រសួងកសិកម្មយល់ថា នេះជាឱកាសដែលកម្ពុជាអាចនឹងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរបស់ខ្លួនទៅវៀតណាម។

តាមការអះអាងអ្នកជំនាញកសិកម្មបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាភាគច្រើនជាគ្រាប់ស្វាយចន្ទីស្រស់មិនទាន់កែច្នៃ បន្ទាប់មកប្រទេសទាំងនោះ ជាពិសេសវៀតណាមបានយកគ្រាប់ស្វាយចន្ទីទាំងនោះទៅកែច្នៃដើម្បីនាំចេញលក់បន្តទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអ្នកវិនិយោគជួយបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមទៀត ខណៈកម្ពុជាមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន​ ៣០ និង រោងចក្រកែច្នៃ និងវេចខ្ទប់ចំនួន ៥ ប៉ុណ្ណោះ។ រោងចក្រទាំងនេះមាន​សមត្ថភាព​កៃ​ច្នៃ​គ្រាប់ស្វាយចន្ទី​បាន​ត្រឹមតែ​ប្រមាណ​ ១០​ ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ទូ​ទាំង​ប្រទេស​អាច​ផលិតស្វាយចន្ទី​នៅសល់ពីនេះ ត្រូវបាននាំទៅកាន់ប្រទេសវៀតណាម។ ដូចនេះគ្រាប់ស្វាយចន្ទី​ប្រមាណ​ជាង ​៩០ ​ម៉ឺន​តោន​ទៀតត្រូវ​ពឹង​លើ​ទីផ្សារ​វៀតណាម​ទាំងស្រុងដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឈ្មួញ​ពី​វៀតណាម​អាច​ទម្លាក់​តម្លៃ​ទៅ​តាម​ចិត្តបាន​។

សូម​ជម្រាប​ថា បើ​តាម​សមាគម​ស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា តាមតួលេខក្រៅផ្លូវការដែលសមាគមធ្លាប់បានសិក្សាបានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា ដោយក្នុង ១ ​ហិកតាអាច​ផ្តល់​ផល​មធ្យម ១,៥ តោនក្នុង ១ ឆ្នាំ។​ ប្រភពព័ត៌មានដដែលនេះបានគូសបញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទីដែលវៀតណាមទិញពីកម្ពុជាមានតម្លៃជាមធ្យម ១.៥៨០ ដុល្លារអាមេរិកក្នុងមួយតោនកើនឡើងជិត ៦% ធៀបនឹងឆ្នាំមុន៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម