Connect with us

សេដ្ឋកិច្ច

លោក ថោង ខុន ប្រាប់មន្រ្តីរាជធានីខេត្ត​ពិនិត្យឲ្យបានហ្មត់ចត់​ចំពោះការបើកអាជីវកម្ម​សេវាកម្សាន្តទាំងអស់​នៅទូទាំងប្រទេស

បានផុស

នៅ

មន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត ត្រូវរៀបចំលក្ខណៈសម្បត្តិឲ្យបានហ្មត់ចត់ ក្នុងការត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ(KTV) និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលរាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យបើកឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះជាការថ្លែងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានគតិយុត្តស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន ផ្តល់ជាអនុសាសន៍បែបនេះ ដើម្បីធានាថា ការបើកសេវាកម្មទាំងនេះមិនបណ្តាលឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ ឡើងវិញ។

ម្ចាស់អាជីវកម្មដែលចង់បើកអាជីវកម្មខារ៉ាអូខេ អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ត្រូវដាក់ពាក្យស្នើសុំបើកអាជីវកម្មទៅកាន់រដ្ឋបាលរាជធានី-ខេត្ត តាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំណែកក្រុមមន្ត្រីជំនាញនៃរដ្ឋបាលរាជធានី-ខេត្ត ឬមន្ទីរទេសចរណ៍ ត្រូវចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ វិធានការសុខាភិបាល ក៏ដូចជាបទដ្ឋានគតិយុត្តនានា មុននឹងអនុញ្ញាតឱ្យអាជីវកម្មទាំងនោះបើកឡើងវិញ។ ម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាអនុវត្តតាមបទដ្ឋានគតិយុត្តិស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ត្រៀមបើកអាជីវកម្មម៉ាស្សា អាជីវកម្មខារ៉ាអូខេ និងអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក។ នេះជាការគូសបញ្ជាក់របស់លោក ថោង ខុន។

ចំណុចសំខាន់នៃការបើកសេវាកម្សាន្តនានាឡើងវិញនេះ គឺដើម្បីធានាបាននូវនិរន្តរភាព លើកស្ទួយវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ព្រមទាំងការពារសុវត្ថិភាពដល់អ្នកបម្រើការនៅតាមមូលដ្ឋានអាជីវកម្ម ក៏ដូចជាអ្នកទៅទទួលសេវាកម្មកម្សាន្តផងដែរ។

បន្ថែមលើនេះ លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងថា សេវាកម្មកម្សាន្តនៅតាមអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក បៀរហ្កាឌិននេះ ក៏ជាកត្តាដ៏សំខាន់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ ដែលអាចជួយបង្កើនប្រាក់ចំណូលដល់បុគ្គលិក និងសេដ្ឋកិច្ចជាតិ។

លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា អាជីវកម្មម៉ាស្សានៅទូទាំងប្រទេស មានចំនួនសរុប៦៨៧អាជីវកម្ម ត្រូវបានបិទ-ផ្អាក១០០ភាគរយ នៅពេលដែលផ្ទុះការឆ្លងជំងឺកូវីដ-១៩។

សូមរំលឹកថា ការចំណាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  អស់ប្រមាណជាង ២ពាន់លានដុល្លារហើយ រយៈពេលជិត ២ឆ្នាំមកនេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម