Connect with us

សេដ្ឋកិច្ច

មនុស្សជាង ៤៦ម៉ឺននាក់ចេញដើរលេងនៅ​ទូទាំងប្រទេសក្នុងពិធីបុណ្យអុំទូកពីរថ្ងៃ

បានផុស

នៅ

២ថ្ងៃនៃពិធីបុណ្យអុំទូកទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាងសរុបជាង ៤៦ម៉ឺននាក់។ សម្រាប់ថ្ងៃទី២ មានចំនួនភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់។​ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការចល័តរបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយនឹងនៅតែមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលការកក់សណ្ឋាគារនៅតាមគោលដៅសំខាន់ៗដូចជាខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និងរតនគិរី គឺនៅតែមានកម្រិតខ្ពស់ គឺស្ថិតនៅចន្លោះពី ៨០-៩០%។

សកម្មភាពពេលរាត្រីនៅតាមបណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជននានាមានភាពអ៊ូអរ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពកម្សាន្តដូចជាបៀរហ្កាដិនជាដើម បានបើកដំណើរការឡើងវិញ ដែលគាំទ្រដល់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងបង្កើនចំណូលរបស់វិស័យឯកជន និងប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោក ថោង ខុន គូសបញ្ជាក់ថា ការគ្រប់គ្រងគុណភាពសេវាកម្ម ផលិតផលទេសចរណ៍ បរិស្ថាន អនាម័យ គឺពុំមានបញ្ហាកត់សម្គាល់ណាមួយកើតឡើងទេ ស្របពេលដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានខិតខំផ្តល់សេវាជូនភ្ញៀវទេសចរប្រកបដោយស្តង់ដា ទោះបីប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នាពេលកន្លងមក។

ពាក់ព័ន្ធការងារទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរ បានខិតខំពង្រឹងការអនុវត្ត និងចូលរួមអនុវត្តរាល់វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល វិធានសុវត្ថិភាពទេសចរណ៍ SOP ពិសេសវិធានការ ៣កុំ និង ៣ការពារ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបន្តខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ បើទោះបីតំបន់ខ្លះប្រឈមនឹងស្ថានភាពភ្លៀងធ្លាក់។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២ នៃបុណ្យអុំទូករួមមាន៖  រាជធានីភ្នំពេញទទួលបានភ្ញៀវទេចរ ៦៦,៧៥០នាក់ ខេត្តសៀមរាប ៤៧,៧០២នាក់ ខេត្តព្រះសីហនុ ៤៤,២៤២នាក់ ខេត្តកំពត ៣៣,២៥២នាក់ ខេត្តកែប ២៩,១១៧នាក់ ខេត្តពោធិ៍សាត់ ២១,៣១៣នាក់ ខេត្តបាត់ដំបង ១១,១៨៩នាក់ ខេត្តមណ្ឌលគិរី ១០,៦២០នាក់ ខេត្តរតនគិរី ១០,១៧៨នាក់។

លោករដ្ឋមន្ត្រី ថោង ខុន រំពឹងទុកថា ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២ មានការកើនឡើងខ្លាំង ពោលគឺកើនឡើង១៥២.១៥% បើធៀបនឹងថ្ងៃទី១៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម