Connect with us

ព័ត៌មានជាតិ

ស្វីស ជាម្ចាស់ជំនួយដ៏សំខាន់របស់កម្ពុជា

បានផុស

នៅ

លោក បណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថារដ្ឋាភិបាលស្វីស​គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាក្នុងការជួយគាំទ្រលើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យ​ដំណើរការ​កម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ កាលពីល្ងាចថ្ងៃទី២៧ឧសភានៅ Factory Phnom Penh លោករដ្ឋមន្ត្រី

 បានថ្លែងអំណរគុណដល់ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។

លោករដ្ឋមន្ត្រី បន្តថា ក្រសួងការងារបានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើនរួមទាំងឧបករណ៍បរិក្ខា បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងនោះមាន៖ គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងដំណាក់កាលទី២, កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា” ដំណាក់កាលទី១ និងដំណាក់កាលទី២, គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញនិងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET  ផ្នែកឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ដល់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំយក​បទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសនានាមកជួយដល់កម្ពុជា។

 លោករដ្ឋមន្ត្រីបានបន្តទៀតថា SDC បាន និងកំពុងធ្វើការជាមួយដៃគូនានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សម្រាប់ការគាំទ្រប្រទេសកម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូល យុទ្ធសាស្ត្ររយៈពេល ៤ឆ្នាំ ស្របតាមផែនការយុទ្ធសាស្រ្តជាអាទិភាពរបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុត ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់​មហិច្ឆតាក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹង​កាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង និងធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។

លោកស្រីហេឡែន  ប៊ុតលីហ្គ័រ  អាតថាយអ៊ីដា (Helene Budliger Artieda) អគ្គរដ្ឋទូតស្វីសប្រចាំព្រះរា​ជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ខ្លួន​ជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។ លោកស្រីបានមានប្រសាសន៍ថា«ពួកយើងនៅទីនេះ គឺដើម្បីរួម​ចំណែកដល់អនាគតនៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់»។

លោកស្រីបានបន្តថាប្រទេសស្វីស ចូលរួមធ្វើការនៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណងពង្រឹងឡើងវិញនូវយន្តការ និងស្ថាប័នក្នុងតំបន់ ដូចជា អាស៊ាន ជាដើមខណៈនៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុក​យ៉ាងសំខាន់​ក្នុងនាម​ជាប្រធានអាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងតំបន់។ ប្រទេសស្វីស រង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម