នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអភិបាលខេត្តកែប ព្រមទាំងសហការីបានបន្តដំណើរមកខេត្តកែប ចុះពិនិត្យការចិញ្ចឹមត្រីអណ្តែង និងកង្កែបរបស់កសិករ ឈ្មោះសែត សារ៉េន នៅភូមិដំណាក់ចង្អើរ សង្កាត់ជ្រៃធំ ក្រុងកែប ខេត្តកែប។
ទាក់ទិននឹងការចិញ្ចឹមលោកពូ សែត សារ៉េន បានឲ្យដឹងថា ទើបចាប់ចូលរួមក្នុងចលនាជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១។ បច្ចុប្បន្នចាប់ផ្តើម ប្រមូលផលជាបណ្តើរៗ លក់បានតម្លៃត្រីអណ្តែង ១២០០០៛/គ.ក្រ និងកង្កែប ១៥០០០៛/គ.ក្រ។ ចាប់លក់ទៅដោយថ្ងៃ ថ្ងៃខ្លះរកចំណូលបាន ២៥ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ទាំងត្រីអណ្តែង និងកង្កែប។ ក្រៅពីនេះលោកពូអាចរកចំណូលបានពីផលស្រូវ ដូង និងមាន់ ដែលអាចទ្រទ្រង់ជីវភាពបានយ៉ាងល្អប្រសើរ។
ចេញពីផ្ទះលោកពូ សែត សារ៉េន ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខេត្តកែប បានអញ្ជើញមកសួរសុខទុក្ខសមាជិកសហគន៍មកសិកម្មទំនប់អង្គភោគផល។ បច្ចុប្បន្ន សហគមន៍មានសមាជិក៤៨គ្រួសារ ប្រកបរបរសំខាន់ៗមានធ្វើស្រូវ ដាំបន្លែ ដំឡូងជ្វាចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងចិញ្ចឹមមាន់ គ្រាន់ជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម បានអញ្ជើញមកពិនិត្យសកម្មភាពដាំបន្លែរបស់កសិករ សែម វល័ក្ខ នៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប ដោយគាត់បានដាំបន្លែស្ពៃ ក្រញាញ់ ត្រឡាច ត្រសក់ទ្រើង ស្លឹកគ្រៃ និងល្ហុង ទុកគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមសាទរចំពោះសមិទ្ធផលដែលលោកពូ សែត សារ៉េន សមាជិកសហគមន៍ និងប្អូន សែម វល័ក្ខ ទទួលបាននាថ្ងៃនេះ។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យពួកគាត់បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបានជំរុញដល់ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកជួយលើការងារ បច្ចេកទេសដាំដុះ និងចិញ្ចឹមត្រី កង្កែប និងសត្វបន្ថែមទៀតធ្វើយ៉ាងណាជំរុញផលិតភាពផលិតកម្មរបស់កសិករឲ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ ៖ សេង ណារិទ្ធ