ឆ្នាំ២០២០នេះ គម្រោងរោងចក្រផលិតស្រាបៀថ្មីចំនួន ២ បានសុំសិទ្ធិវិនិយោគអាជីវកម្មនៅទីផ្សារកម្ពុជា ក្រោយទទួលបានការយល់ព្រមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
រោងចក្ររបស់ក្រុមហ៊ុនក្រុមហ៊ុន វឌ្ឍនៈប្រូវើរី (VATTANAC BREWERY) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃ ២៥ មិថុនា ឆ្នាំ ២០២០ មានទីតាំងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រផលិតស្រាបៀ វឌ្ឍនៈ ប្រូវើរី កាលពីថ្ងៃ ២៥ មិថុនា ២០២០
ប្រើទុនវិនិយោគ ១៣៩ លានដុល្លារ អាចចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មនៅឆ្នាំ ២០២១ ជាមួយសមត្ថភាពផលិតរហូតដល់ ៧៦ លានកេស ក្នុងមួយឆ្នាំ។ រោងចក្រនេះ រំពឹងនឹងបង្កើតឱកាសការងារដល់បុគ្គលិករហូតដល់ជាង ១,៥០០នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក៏បានអនុញ្ញតិឲ្យរោងចក្រផលិតស្រាបៀនិងភេសជ្ជៈមួយទៀតរបស់ក្រុមហ៊ុន HANUMAN BEVERAGES ធ្វើអាជីវកម្ម ដោយប្រើទុនវិនិយោគ ១៦០ លានដុល្លារអាមេរិក។ រោងចក្រទីពីរនេះ មានទីតាំងនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលគ្រប់គ្រង អាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង។
កម្ពុជាបានក្លាយមូលដ្ឋាននៃរោងចក្រផលិតស្រាបៀយីហោធំៗមានទាំងក្នុងស្រុកនិងមកពីក្រៅប្រទេស។ ទំនោរនិយមការទទួលទានស្រាបៀរបស់ពលរដ្ឋក្នុងស្រុក និងកំណើនភ្ញៀវទេសចរបរទេសប្រហែល ៦ លាននាក់ក្នុងមួយឆ្នាំ នាំឲ្យតម្រូវការស្រាបៀមានការកើនឡើងជារៀងរាល់ឆ្នាំ។
ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យគ្រឿងស្រវឹង បានរកចំណូលចូលរដ្ឋប្រហែល ៤០០ លានដុល្លារក្នុងមួយឆ្នាំ។
នៅកម្ពុជាបច្ចុប្បន្នក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានចំនួន ១០ រួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និងក្រុមហ៊ុន Phnom Penh Beer Co., Ltd៕