Connect with us

ព័ត៌មានជាតិ

អ្នក​ខ្លះ​សល់ពង​​ពេញ​រោង យុវជន​ម្នាក់ ៣ ថ្ងៃ លក់​ពង​ទា​បាន​ជិត ១៥ ០០០ គ្រាប់ រក​ពង​លក់​មិន​ចង់​បាន

បានផុស

នៅ

យុវជន​ម្នាក់​រស់នៅ​ខេត្ត​កំពង់ឆ្នាំង ត្រឹម​រយៈ​ពេល ៣ ថ្ងៃ អាច​លក់​ពង​ទា​បាន​ជាង ១៥ ០០០ គ្រាប់ ខណៈ​មាន​អ្នក​ចិញ្ចឹម​ជា​ច្រើន​រអ៊ូ​លក់​មិន​ចេញ ឬ​លក់​ខាត​ក៏​មាន។

យុវជន​រស់ កាណាល់ ប្រាប់​តិកនិក​ដែល​អាច​លក់​ពង​ទា​បាន​រាប់​ម៉ឺន​គ្រាប់​រយៈ​ពេល​ខ្លី​ថា ការ​ពិត​ទៅ​មុខរបរ​ចិញ្ចឹម​ទា​យក​ពង​នេះ ជា​មុខ​របរ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក តែ​ដោយសារ​មួយ​រយៈ​នេះ ពង​ទា​ដែល​ធ្លាប់​បោះ​អោយ​ម៉ូយ​រាល់​ដង​លក់​អត់​ចេញ គេ​ក៏​ជួយ​លក់​ដោយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​វ័យ​ក្មេង​​បន្ត​ថា ត្រឹម​មួយ​ថ្ងៃ​ក្រោយ​ផុស​លក់​លើ​អនឡាញ មាន​អ្នក Share ជាង 1K មាន​អ្នក​​ទិញ​ជា​ហូហែរ។ ត្រឹម ៣ ថ្ងៃ​ តាមយុវជន​រូប​នេះ លក់​បាន​ជាង ១៥ ០០០ គ្រាប់ ហើយ​មក​ដល់​ម៉ោង​នេះ​ នៅ​តែ​មាន​អ្នក​សួរ​រក​ទិញ​ រក​ពង​លក់​មិន​ចង់​បាន។

យុវជន​ដែល​មាន​បទពិសោធន៍លើ​អនឡាញ​​ប្រាប់​បន្ត​ថា មូលហេតុ​ដែល​មាន​អ្នកគាំទ្រ​ទិញ​ពង​ទា​របស់​គេ​ច្រើន​គឺ​ទីមួយ​ទំនុកចិត្ត និង​ទីពីរ​គឺភាពអាណិតអាសូរ។

យុវជន​ដែល​មាន​មិត្តភ័ក្រ​អ្នកធ្វើការ​ច្រើន និង​ក៏​កំពុង​ប្រកប​របរ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ​នោះ​លើក​ឡើង​ថា ដោយសារ​ពង​ដែល​គេ​លក់​ជា​ពងទា​ក្នុង​ស្រុក ហើយ​ជា​ពង​ដែល​ចិញ្ចឹម​ធម្មជាតិ មិនមែន​ជា​ពង​នាំ​ចូល។ យុវជន​រូប​នេះ​ថា កន្លង​ទៅ​ល្បី​ពង​ទា​ចាក់​ថ្នាំ ទើប​មាន​អ្នក​ទិញ​ខ្លះ​អល់អែក​ ខ្លាច​មិន​ចង់​ទិញ។ តែ​ពង​ដែល​គេ​លក់​​ជាពង​​កសិដ្ឋាន​របស់ឪពុកម្តាយ​របស់​គេ​​ផ្ទាល់ ទើប​ធ្វើ​ឲ្យ​បង​ប្អូន​មិត្តភ័ក្ក​ទុកចិត្ត។ ម្យ៉ាង​ទៀត​ក៏​អាច​មក​ពី​សណ្តាន​ចិត្ត​អាណិតអាសូរ​ ដោយសារ​គេ​មាន​បណ្តាញ​មិត្តភ័ក្រ​ច្រើន​នៅលើ​បណ្តាញ​សង្គម ហើយ​ក្រោយការ​ផុស​លក់​មាន​ការ Share ច្រើន​ទៀត ក៏​លក់​បាន​ច្រើន​ទៅ។

បើ​តាម​យុវជន​រូប​នេះ បាន​​បង្ហើប​តម្លៃ​ពង​ទាដែល​គេ​លក់ ​គឺ​លក់​រាយ​មួយ​គ្រាប់​ ៣៥០ រៀល​ និង​បោះដុំតម្លៃ ២៨០ រៀល​ក្នុង​មួយ​គ្រាប់។

កសិដ្ឋាន​មួយ​នៅ​ខេត្ត​កំពត​ បាន​ប្រកាស​ប្រមូល​ទិញពងទាចំនួន​ ២០០ ០០០ ពង ពីខេត្តគោលដៅ​ចំនួន ២ គឺខេត្តតាកែវ និងខេត្តព្រៃវែង។ កសិដ្ឋាន​នេះ​ ហ៊ាន​ទិញ​ក្នុងមួយគ្រាប់ ៤០០ រៀល និង​ពងទាខូចៗ​គឺ២០០​រៀល តាមជាក់ស្តែង។

ម្ចាស់​កសិដ្ឋាន​ភូមិពងទា​ខ្មែរ​បាន​បើក​យុទ្ធនាការ ជំរុញការ​លក់​ពងទាក្នុង​ស្រុក​តាមរយ:បណ្តាញទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ​ ដើម្បី​ជួយ​សម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទានា​ពេល​បច្ចុប្បន្ននេះ។ ក្រុម​ការងារ​នឹង​ចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ តែ​ប្រកាស​មិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ។

ក្រោយ​វិបត្តិ​ពង​ទា​ធ្លាក់​ថ្លៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន​ ដោយ​ច្រាន​ចោល​ការលើកឡើងថា ការ​ធ្លាក់ថ្លៃ​ពង​ទា​ក្នុង​ស្រុក បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ជាហេតុធ្វើឲ្យផលិតផលស៊ុតមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។

ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារ​ស្ថានភាពជំងឺកូវីដ ១៩ គំរាមកំហែង ដែលធ្វើឲ្យតម្រូវការស៊ុតត្រូវបានកាត់បន្ថយជាអតិបរិមា។ ការចិញ្ចឹមបក្សីយកស៊ុត ក៏​មានការកើនឡើងនៅគ្រប់តំបន់​ទូទាំងប្រទេស ម្យ៉ាងទៀតនៅក្នុងរដូវត្រីត្រូវ ប្រពលរដ្ឋមួយចំនួនបែរមកបរិភោគត្រីជំនួសឲ្យស៊ុតបក្សីវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម