Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​បាននិងកំពុង​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ​ក្រោយរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ​ឃួ​ង ស្រេង ជា​អភិបាល បាននិងកំពុង​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​១៦​ខ្សែ ​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​កន្លងមក ដើម្បី​សំរួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​និង​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជ​ធានី​ភ្នំពេញ​អោយ​កាន់​តែមាន​សម្រស់​មួយកម្រិត​ថែមទៀត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ល្ងាច​ថ្ងៃទី​២៩​ធ្នូ​នេះ លោក​ សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំ​ពេញ និង​លោក ​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​ នៃ​ការជួសជុល​កែលំអរ​នៅ​ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថី ព្រះសីហនុ នៅក្នុង​មូលដ្ឋាន​ខណ្ឌដូន​ពេញ​ ខណៈដែល​ក្រុមការងារ​កំពុងតែ​អ៊ុត​កៅស៊ូ​AC​លើ​បណ្តោយ​ផ្លូវ​នេះ ។​

​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​មានប្រសាសន៍​លើកឡើងថា សកម្មភាព​ជួលជុល​​ផ្លូវ​លេខ​៥១ ដោយ​ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​មហាវិថីព្រះសីហនុ​នេះ ​ជា​ផ្លូវ​មួយ ក្នុងចំណោម​ផ្លូវ​ទាំង​១៦ខ្សែ​ក្នុង​ខណ្ឌ ដែល​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បានសំរេច​ឲ្យ​ធ្វើ ការជួសជុល​កែលំអរ​ឡើងវិញ​ ជាបន្ទាន់ ក្រោយ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ដើម្បី​សំរួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​។​

លោក ​សុខ ពេញ​វុ​ធ ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដូនពេញ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ ដែល​បាន​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ណែនាំ​ឲ្យ​មានការ​ជួសជុល និង​ស្តារឡើងវិញ រាល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដែល​ខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង​តាម​បណ្តា​ខណ្ឌ​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ដែល​កំពុងតែ​ដំណើរការ ជួសជុល​នេះ​សូម​ចូលរួម​សហការ ដើម្បីអោយ​ការ​ដ្ឋាន​ប្រព្រឹត្ត​ទៅដោយ​រលូន ​និង​បាន​រួចរាល់​តាម​ការគ្រោងទុក​។​

​តាម​ការបញ្ជាក់​ឱ្យដឹងពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល​ផ្លូវ​ខូចខាត​ឡើង​វិ​ញ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ មាន​ចំនួន​១៦​ខ្សែ នៅក្នុង​នោះ រួមមាន​៖ ទី​១ ផ្លូវ​លេខ​២១៤ ដោយ​ចាប់ពី មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ផ្លូវ​លេខ​១៩ ។​

​ទី​២ មហាវិថី​ព្រះ​នរោត្តម ចាប់ពី​រង្វង់​មូល​វត្តភ្នំ​រហូតដល់​វិមានឯករាជ្យ ។​

​ទី​៣ ផ្លូវ​លេខ ១៣០ ចាប់ពី​ផ្សារ​ធំថ្មី​រហូតដល់​មហាវិថី​ព្រះ​នរោត្តម​។​

​ទី​៤ ផ្លូវ​លេខ​៥៣ ចាប់ពី​ផ្លូវ​លេខ ១០៨ ដល់​ផ្លូវ​លេខ​១១០ ។​

​ទី​៥ ផ្លូវ​លេខ​១០៨ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូតដល់​ម​ហា​វិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​៦ ផ្លូវ​លេខ​១១៨ ចាប់ពី មហាវិថី​ព្រះមុនីវង្ស ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​

​ទី​៧ ផ្លូវ​លេខ​១២០ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ផ្លូវ​លេខ ១១៨ ។​

​ទី​៨ ផ្លូវ​លេខ​១៣ ចាប់ពី​មហាវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ ១៧៨ ។​

​ទី​៩ ផ្លូវ​លេខ​៩០ ចាប់ពី​ផ្លូវ​លេខ​៤៧ រហូតដល់​មហាវិថី​ព្រះស៊ីសុវត្ថិ ។​

​ទី​១០ ផ្លូវ​លេខ​១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​ផ្លូវ​លេខ​១៩ ។​

​ទី​១១ រង្វង់​មូល​កួច​កាណុង​។​

​ទី​១២ ផ្លូវ​លេខ​៧២ ចាប់ពី​រង្វង់​មូល​កួច​កាណុង ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​១៣ ផ្លូវ​លេខ​៧៤ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​មហាវិថី​ព្រះស៊ីសុវត្ថិ​។​

​ទី​១៤ ផ្លូវ​លេខ ៧៦ ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​រហូត ផ្លូវ​លេខ​៤៧ ។​

​ទី​១៥ ផ្លូវ​លេខ​៤៧ ចាប់ពី​រង្វង់​មូល​កួច​កាណុង​ដល់​រង្វង់​មូល​វត្តភ្នំ​។​

​ទី​១៦ ផ្លូវ​លេខ​៥១ ចាប់ពី​ផ្លូវ​លេខ​១១៤ ដល់​

​មហាវិថី ព្រះសីហនុ ៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម