Connect with us

ព័ត៌មានជាតិ

អ្នកជំនាញមើលឃើញផ្ទុយគ្នាពីស្ថានភាព​​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​នេះ ខណៈវ៉ាក់សាំងកូវីដ១៩ នឹង​​មក​ដល់​ខែក្រោយ​

បានផុស

នៅ

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនពេលដែលព័ត៌មាននៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាម ចិននឹងដឹកមកដល់ កម្ពុជា ​នៅខែកុម្ភៈឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញ​ក្នុងវិស័យសេដ្ឋកិច្ច​ធំៗមួយចំនួន មើលឃើញខុសគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១​នេះ ខណៈខ្លះយល់ឃើញថាមិនទាន់មានភាពប្រសើឡើងខ្លាំងនោះទេ។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានប្រាប់កម្ពុជាថ្មីថា កម្ពុជានៅតែមានសង្ឃឹម នឹងរំពឹងថា នៅឆ្នាំ ២០២១នេះ វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា នឹងរីកលូតលាស់ជាងឆ្នាំមុន។ឆ្នាំមុនមិនមានព័ត៌មានអំពីវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះទេ។

លោកបញ្ជាក់ថា នៅឆ្នាំ២០២១នេះ កម្ពុជាមានសង្ឃឹម ថាសេដ្ឋកិច្ចនឹងងើបឡើងជាវិជ្ជមាន។

លោកថាថ្លែងថា “ នេះជាដំណឹងល្អដែលរាជរដ្ឋាភិបាល បានសម្រេចទទួលជំនួយវ៉ាក់សាំង ក៏ដូចជាការត្រៀមទិញវ៉ាក់សាំង ហើយវ៉ាក់សាំងដែលមកដល់ខែកុម្ភៈខាងមុខ ផ្តល់ភាពវិជ្ជមានច្រើន សម្រាប់ពលរដ្ឋខ្មែរដែលមានតម្រូវការចាក់ដោយស្ម័គ្រចិត្ត គាត់អាចប្រើវ៉ាក់សាំងបានតាមផែនការរបស់រាជរដ្ឋាភិបាល ហើយកាលណាមានវ៉ាក់សាំងទៅ មនុស្សក៏អាច ធ្វើដំណើរបានវិញ ហើយអាជីវកម្មទូទៅក៏រំពឹងទុកថានឹងអាចវិលមករកភាពប្រក្រតីឡើងវិញ”។

បើតាមអ្នកជំនាញខាងវិស័យធនាគាររូបនេះ វិស័យទូទៅនឹងដំណើរការបន្តិចម្តងៗឡើងវិញ ដោយសារវ៉ាក់សាំងនេះបានជួយច្រើនណាស់ ព្រោះទូទាំងសកលលោក មិនត្រឹមតែកម្ពុជានោះទេ រំពឹងថា កាលណាមានវ៉ាក់សាំង គន្លឹះសំខាន់នៅលើវ៉ាក់សាំងនោះឯង ដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន បើគ្មានវ៉ាក់សាំងទេ យើងនៅតែខ្វល់ដូចឆ្នាំ ២០២០ ប៉ុន្តែបើមានវ៉ាក់នឹងលើកទឹកចិត្តទូទៅដល់សហគមន៍ជាតិកម្ពុជា។

លោក បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន អចលនទ្រព្យខ្មែររៀលអេស្ទេត

ចំណែកឯ លោក បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន អចលនទ្រព្យខ្មែររៀលអេស្ទេត យល់ឃើញថា ប្រសិនបើជំងឺ កូវីដ១៩ កើតមានតែនៅស្រុកខ្មែរ ហើយមានវ៉ាក់សាំងព្យាបាលក្នុងស្រុកជា នោះអ្វីៗ នឹងល្អប្រសើឡើងវិញ ប៉ុន្តែលោកថា ជំងឺកូវីដ១៩ គឺជាជំងឺដែលកើតមាននៅទូទាំងពិភពលោក ដូច្នេះអ្នកជំនួញខ្មែរមិនមែនធ្វើជំនួញតែគ្នាឯងនោះទេ គឺធ្វើជំនួញជាមួយបរទេស។

លោកថា អ្វីដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចងើបឡើងវិញ គឺទាល់តែជំងឺកូវីដ១៩ អស់ពីផែនដី មានន័យថាប្រទេសណាក៏អាចព្យាបាលជំងឺកូវីដ១៩បាន មានវ៉ាក់សាំងគ្រប់គ្រាន់ នោះ ទើបសេដ្ឋកិច្ចមានភាពល្អប្រសើឡើងវិញ ក្នុងដំណាក់កាលនេះ គឺមិនទាន់អាចនោះទេ។

ប៉ុន្តែយ៉ាងណា លោកក៏បញ្ជាក់ថា ព័ត៌មាននៃវ៉ាក់សាំងកូវីដ១៩នេះ ក៏អាចល្អជាងមុន តែមិនទាន់ល្អគ្រប់គ្រាន់ ដែលអាច​រុញឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាដូចមុនឆ្នាំ ២០១៩នោះទេ គ្រាន់តែថាអាចល្អជាងឆ្នាំ ២០២០ ដោយសារយើងមានវ៉ាក់សាំងខ្លះ និង​ល្អក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ មិនអាចល្អដូចមុនោះទេ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់​សាំងកូវីដ​១៩ ចំនួន ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីរដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងសម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ដល់​ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។

បើ​តាម​លោក​ជំទាវ ឱ វ៉ាន់ឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ម្សិលមិញថា វ៉ាក់សាំង​របស់​ចិន នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​នៅ​អំឡុង​ខែ​កុម្ភៈ​នេះ ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន ៣០ ម៉ឺន​ដូស។ ហើយថា វ៉ាក់សាំង​របស់ចិន​​មានប្រសិទ្ធិភាព​រហូត​ដល់ ៧៩ ភាគរយ និង​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាមប្រទេស​ជា​ច្រើន​​ មាន​នៅ​អាមេរិក​ឡាទីន អាហ្វ្រីក អាស៊ី និង​អឺរ៉ុប ហើយ​មក​ដល់​ពេលនេះ​​ក៏​មិន​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​វ៉ាក់សាំង​កូវីដ​នឹង​យក​មក​ចាក់​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​លើ​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម