Connect with us

ព័ត៌មានជាតិ

ផ្លូវ​ទំនប់​ស្រះ​លួង​ប្រ​វែ​ង​៦៧៥​ម៉ែត្រ ​ស្ថិត​ក្នុង​សង្កាត់​ពញា​ពន់​ត្រូវបាន​ជួសជុល​កែ​លម្អ​រួចរាល់​​

បានផុស

នៅ

ទន្ទឹមនឹង​ការស្ដារ​ស្រះ​លួង ​ដែលជា​ស្រះ​បុរាណ​មាន​តាំងពី​យូរយារ​មក​ហើ​យ​នោះ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​បាន​ធ្វើ​ការជួសជុល​កែលម្អ​ផ្លូវ​១​ខ្សែ​ស្ថិតនៅតាម​បណ្ដោយ​ស្រះ​លួង​ប្រវែង​៦៧៥ម៉ែត្រ ក្នុង​ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់​ ចាប់ពី​ផ្លូវ​១៥១ដល់​ព្រំប្រទល់​ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ ខេត្តកណ្ដាល​ដែល​មក​ទល់ពេលនេះ​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

លោក ទៀប យោ​ទ្ធា​រម្យ ប្រធាន​កា​រិ​យ​ល័យ​សាធារណៈការ​ ដឹកជញ្ជូន អនាម័យ បរិស្ថាន​ និង​សណ្ដាប់​ធ្នាប់សាធារណៈ បាន​ឲ្យ​ដឹងថា​ ការជួសជុល​កែ​លម្អ​ផ្លូវ​នេះ ក្នុង​គោលបំណង​ដើម្បី​ជា​ទំនប់​ព័ទ្ធ​ស្រះ​ផង​ និង​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ជូន​ដល់​ប្រជាព​ល​រដ្ឋ​នៅ​តំបន់​នេះ​ផងដែរ​។ កំណាត់​ផ្លូវ​១​ខ្សែ​នេះ​ ចាប់ពី​ផ្លូវ​១៥១​ដល់​មាត់​ស្រះ​លួង​ផ្នែក​ខាងត្បូង​មាន​ទទឹង​៧​ម៉ែត្រ ប៉ុន្ដែ​ចាប់ពី​មាត់​ស្រះ​លួង​ខាងត្បូង​ ដល់​ព្រំប្រទល់​ឃុំ​ឈ្វាំង គឺមាន​ទទឹង​ជាង​១០​ម៉ែត្រ​ ដោយសារ​នៅ​ទីនោះ​ពុំមាន​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​នរបស់បងប្អូន​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា តាមពិត​ផ្លូវ​នេះ​បាន​ដំណើរការ​ជួសជុល​តាំងពីខែកក្កដា​ ឆ្នាំ​២០២០​មក​ ដោយ​ធ្វើ​ការ​ឈូស ឆាយ​កិន​បង្ហាប់ កាត់​ដើមឈើ ដែល​ដុះ​មក​លើ​ផ្លូវ​ និង​រុះ​សំ​យ៉ាប​ផ្ទះ​ដែល​សង់​លយ​ចូល​មកលើ​ទ្រូងផ្លូវ​ផងដែរ​។ ដោយសារបញ្ហា​គ្រោះទឹកជំនន់​ផង​ ដោយសារជំងឺឆ្លង​កូ​វីដ​១៩​ផង​ ទើបធ្វើ​ឲ្យ​ការជួសជុល​ផ្លូវ​នេះ មានការ​យឺតយ៉ាវ​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​ទំនប់​ស្រះ​លួង​ ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ដាក់បញ្ចូល​ក្នុង​គម្រោង​មូលនិធិ​អភិវឌ្ឍ​ខណ្ឌ​រយៈពេល​៥​ឆ្នាំ​រួច​ហើ​យ ដែល​ទៅ​ថ្ងៃ​អនាគត​ និង​ត្រូវ​ធ្វើការ​ជួសជុល​ដោយ​ចាក់​បេតុង​។​

​ដោយឡែក​លោក សុខ សម្បត្តិ​ អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ បាន​បញ្ជាក់ថា ផ្លូវ​ទំនប់​ស្រះ​លួង​នេះ​ ពីមុន​មាន​ទទឹង​តែ​៥​ម៉ែត្រ​ប៉ុណ្ណោះ​ គឺមាន​លក្ខណៈ​តូចចង្អៀត​ដែល​កន្លែង​ខ្លះ​រថយន្ដ​ចៀស​គ្នា​ស្ទើរ​មិន​រួច​។​ ប៉ុន្ដែ​នៅ​ជំហាន​ដំបូង​នេះ​ ត្រូវបាន​ពង្រីក​ដល់​បង្គោល​ភ្លើង មាន​ទំហំ​៧​ម៉ែត្រ​ដែល​អាច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើចរាចរ​បាន​ប្រសើរ​ជាង​មុន​។​

លោក​អភិបាលខណ្ឌ មានប្រសាសន៍ថា​ ផ្លូវ​នេះ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើចរាចរ​ចេញចូល​រវាង​ខណ្ឌ​ព្រែក​ព្នៅ​ និង​ស្រុព​ញា​ឮ​ ហើយ​ជាពិសេស​នៅ​រដូវប្រាំង​បងប្អូន​ប្រ​ជា​ពលរដ្ឋ​ តែង​ធ្វើចរាចរ​ទៅមក​ចេញចូល​ក្នុង​ការ​ដឹកជញ្ជូន​ទឹក​ចេញពី​ស្រះ​លួង​យកទៅ​ប្រើប្រាស់​ខណៈដែល​អាជ្ញាធរ​ខណ្ឌ​បាន​ស្ដារ​ស្រះ​លួង​ឡើងវិញ​រួចរាល់​៕

អត្ថបទ​ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម