Connect with us

សេដ្ឋកិច្ច

អភិបាលខេត្ត៖ ទីក្រុងរណបមានលំនៅដ្ឋាន៥,០០០ខ្នងនឹងផ្លាស់ប្ដូរមុខមាត់ខេត្តកំពង់ស្ពឺ

បានផុស

នៅ

ខេត្តកំពង់ស្ពឺ ដែលមានទីតាំងភូមិសាស្រ្តមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញគឺជាតំបន់ឧស្សាហកម្មដ៍មានសក្ដានុពលមួយនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នខេត្តមួយនេះមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ ដែលមានរោងចក្រជាច្រើននៅក្នុងនោះនិងបានបង្កើតការងារមួយចំនួនធំដល់ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ នៅថ្ងៃអនាគតអាចនឹងមានគម្រោងទីក្រុងរណបថ្មីមួយ ដែលនឹងលេចជារូបរាងឡើងនៅក្នុងខេត្តឧស្សាហកម្មមួយនេះ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ «គម្រោងទីក្រុងរណបថ្មីមួយទំហំប្រមាណជា ១២០​​ហិកតា ដែលមានលំនៅដ្ឋានដល់ទៅ ៥,០០០ ខ្នងនឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តកំពង់ស្ពឺ ហើយគម្រោងនេះនឹងទាក់ទាញប្រជាជនថ្មីៗជាច្រើនទៀតមកប្រកបការងារ និងរស់នៅក្នុងខេត្តរបស់យើង។»

លោកអភិបាលខេត្តបានបន្តថា ខេត្តកំពង់ស្ពឺមានទីតាំងអំណោយផល ដោយសារតែវានៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដូច្នេះហើយទើបវិនិយោគិននាំគ្នាបង្កើតរោងចក្រផលិតនៅទីនេះ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅមក និងចំណាយតិច។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវល្បឿនលឿនតភ្ជាប់ពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញកាត់ខេត្តកំពង់ស្ពឺប្រហែលជា ៩០គ.ម នឹងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀតឱ្យមកវិនិយោគនៅទីនេះ។

ភាពអំណោយផលផ្នែកភូមិសាស្រ្ត ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៃខេត្តកំពង់ស្ពឺបានធ្វើឱ្យវិស័យអចនទ្រព្យមានសកម្មភាពគួរឱ្យចាប់អារម្មណ៍នៅឆ្នាំនេះ ។

លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងអចនទ្រព្យកម្ពុជាមានប្រសាសន៍ថា៖ «តម្លៃដីធ្លីនៅខេត្តកំពង់ស្ពឺមានភាពល្អប្រសើរនៅឆ្នាំនេះ ដោយសារតែមានបណ្ដុំរោងចក្រជាច្រើននៅទីនោះ ហើយរោងចក្រជាច្រើនទៀតនៅរាជធានីភ្នំពេញនឹងផ្លាស់ទៅខេត្តកំពង់ស្ពឺផងដែរ។ ក្រៅពីនេះ គម្រោងធំៗមួយចំនួនផ្សេងទៀតដូចជាគម្រោងទីក្រុង​រណបក៏នឹងជួយជំរុញវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះឱ្យមានសន្ទុះកាន់តែខ្លាំងនៅថ្ងៃអនាគត»។

លោក សុខ នី​ម បន្តថា បច្ចុប្បន្ន​ដី​សម្រាប់​ធ្វើ​រោងចក្រ​នៅ​តាម​ផ្លូវ​៥១​ មានតម្លៃ​ថ្លៃ​ជាងគេ ​ចន្លោះ​ពី​៥០​ ទៅ​១០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​ដី​ស្ថិតនៅ​ខាងក្នុង​មានតម្លៃ​ធូរ​ជាង​ចន្លោះ​ពី​៧​ ទៅ​២០​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដូច្នេះ អ្នក​វិនិយោគ​ដីធ្លី​ អាច​មាន​ឱកាស​ចំណេញ​ច្រើន បើ​ពួកគេ​ទិញ​ដី​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​។

អ្នកវិនិយោគដីធ្លីមួយរូប លោក ហោ ហេង ដែលបានទិញដីធ្លីជាច្រើនកន្លែងទុកនៅខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០២០មានភាពជឿជាក់ចំពោះការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ ដោយលោករំពឹងថាតម្លៃដីធ្លី ដែលលោកបានទិញនឹងមានតម្លៃថ្លៃជាងនេះនៅឆ្នាំនេះ និងឆ្នាំក្រោយ។

លោក ហេង រំពឹងថា នឹងទទួលបានផលចំណេញច្រើនពីការវិនិយោគដីធ្លីនៅទីនោះ ជាមួយនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងទីក្រុងរណបថ្មីមួយនៅថ្ងៃអនាគត រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិសំខាន់ៗជាច្រើនផ្សេងទៀត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺទៅក្រុងភ្នំពេញ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម