លោកឧកញ៉ា លឹម​ ហេង​​ « តុលា​​ការ​​​ពាណិជ្ជកម្ម​ ជា​​យន្តការ​ថ្មី​​ផ្ដល់​​ទំនុក​ចិត្ត ​ដល់​អ្នក​វិនិយោគ​​ឲ្យ​មក​រក​ស៊ី​នៅ​កម្ពុជា​កាន់​​តែ​​ច្រើន​​​​បន្ថែម​ទៀត​​»
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកឧកញ៉ា លឹម​ ហេង​​ « តុលា​​ការ​​​ពាណិជ្ជកម្ម​ ជា​​យន្តការ​ថ្មី​​ផ្ដល់​​ទំនុក​ចិត្ត ​ដល់​អ្នក​វិនិយោគ​​ឲ្យ​មក​រក​ស៊ី​នៅ​កម្ពុជា​កាន់​​តែ​​ច្រើន​​​​បន្ថែម​ទៀត​​»

Published

on

ក្រសួងយុត្តិធម៌គ្រោងបង្កើតតុលាការពាណិជ្ជកម្ម និងដាក់ឱ្យដំណើរការជាផ្លូវការតុលាការនេះនៅចុងឆ្នាំ២០២១ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ នេះគឺជាដំណឹងល្អមួយសម្រាប់ពាណិជ្ជករ និងវិនិយោគិនក្នុងស្រុក ដែលធ្លាប់តែមានបញ្ហាផ្នែកពាណិជ្ជកម្ម និងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា។ ដូច្នេះ ដើម្បីយល់ដឹងបន្ថែមពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា កម្ពុជាថ្មីបានធ្វើបទសម្ភាសន៍ទាំងស្រុងជាមួយលោកឧកញ្៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដូចខាងក្រោម៖

កម្ពុជាថ្មី​៖ ក្រសួងយុត្តិធម៌គ្រោងបង្កើតតុលាការពាណិជ្ជកម្ម និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១នេះ។ តើលោកយល់ឃើញយ៉ាងណាដែរ ចំពោះភាព​ចាំបាច់​នៃការបង្កើតតុលាការពាណិជ្ជកម្មនេះ?

លោកឧកញ៉ា លឹម​ ហេង​​៖ ការបង្កើតតុលាការពាណិជ្ជកម្មនេះគឺជាអ្វីដែលសភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនបានកំពុងទន្ទឹងរង់ចាំ ពីព្រោះសភាពាណិជ្ជកម្មបានស្នើសុំចង់ឱ្យមានតុលារកានេះជាច្រើនឆ្នាំណាស់មកហើយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងរឿងនេះ ក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការរួចហើយដើម្បីរៀបចំដំណើរការនៃការបង្កើតតុលាការពាណិជ្ជកម្មនេះឡើង។

កម្ពុជាថ្មី​ តើកន្លងមក វិស័យ​​ឯកជន​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះទាក់ទងនឹង​បញ្ហា​នេះ? ហើយ​ដោះស្រាយ​យ៉ាង​ណាដែរ?

លោកឧកញ៉ា លឹម​ ហេង​​ នៅពេលយើងមិនទាន់មានតុលាការពាណិជ្ជកម្ម រាល់វិវាទពាណិជ្ជកម្មទាំងឡាយត្រូវបានដោះស្រាយតាមរយៈតុលាការស៊ីវិល ឫតុលាការទូទៅ ហើយយើងមើលឃើញថាវាមិនទាន់មានប្រសិទ្ធភាពពេញលេញនោះទេ។ ម្យ៉ាងទៀត អ្វីដែលវិស័យឯកជនបារម្ភបំផុតគឺពេលខ្លះរឿងពាណិជ្ជកម្មអាចក្លាយជារឿងព្រហ្មទណ្ឌដែលនាំដល់ការចាប់ខ្លួនជាដើម ដែលប្រការនេះធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាច ហើយស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅស្រុកយើង។

កម្ពុជាថ្មី​៖ តើ​​ប្រទេស​នៅ​តំបន់​អាស៊ាន​​ណាខ្លះ​មាន​តុលាការពាណិជ្ជកម្ម និង​បាន​ជំរុញ​​កំណើនសេដ្ឋកិច្ច​ និង​ការ​វិនិយោគយ៉ាង​ណា?

លោកឧកញ៉ា លឹម​ ហេង​​ ប្រទេសមួយចំនួននៅតំបន់អាស៊ានដូចជាសឹង្ហបុរី ថៃ និងម៉ាឡេស៊ីមានប្រព័ន្ធតុលាការពាណិជ្ជកម្មរៀងៗខ្លួន ដែលអាចជួយដោះស្រាយវិវាទពាណិជ្ជកម្មបានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រការនេះបានបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនអន្តរជាតិធំៗជាច្រើនមកដាក់ទុនរកស៊ីនៅប្រទេសពួកគេ ដោយបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ និងបានជួយសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

កម្ពុជាថ្មី​៖ វិស័យ​ឯកជន តើផ្នែក​ណាមួយ​ដែល​ចង់​ឱ្យ​តុលាការពាណិជ្ជកម្មលេច​ចេញ​ជារូបរាង​ឆាប់​ជាងគេ​? ហេតុអ្វី?

លោកឧកញ៉ា លឹម​ ហេង​​ វិស័យឯកជនទាំងអស់សុទ្ធតែចង់ឱ្យតុលាការពាណិជ្ជកម្មលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ ហើយតុលាការដែលត្រូវបានបង្កើតឡើងនេះត្រូវតែមានតម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ដើម្បីការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យមកដាក់ទុនរកស៊ីកាន់តែច្រើននៅស្រុកយើង។

កម្ពុជាថ្មី​៖ ជាយោបល់​របស់​លោក​ តើ​តុលា​ការពាណិជ្ជកម្ម​គួរមាន​ការិយាល័យ​​នៅ​​កន្លែង​ណា​ខ្លះ​?

លោកឧកញ៉ា លឹម​ ហេង​​ តុលា​ការពាណិជ្ជកម្មគួរតែមាន​ការិយាល័យនៅគ្រប់ខេត្តក្រុងទាំងអស់នៅទូទាំងប្រទេសកម្ពុជាដើម្បីបង្ករភាពងាយស្រួលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ដែលកើតមាននៅតាមខេត្តក្រុងនីមួយៗ។ នៅពេលដែលមានវិវាទកើតឡើង ពួកគេអាចដោះស្រាយបញ្ហាទាំងនោះនៅក្នុងខេត្តក្រុងរបស់គេបានភ្លាមៗ ដោយពុំចាំបាច់ចំណាយពេល​មក​ដោះស្រាយនៅរាជធានីភ្នំពេញនោះទេ។

កម្ពុជាថ្មី​៖ ជាចុងក្រោយ ​ប្រសិនបើតុលាការពាណិជ្ជកម្មត្រូវបានបង្កើតឡើងរួចរាល់ នឹងបង្ករភាពងាយស្រួលដូចម្ដេចខ្លះដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា?

លោកឧកញ៉ា លឹម​ ហេង​​ប្រសិនបើតុលាការពាណិជ្ជកម្មត្រូវបានបង្កើតឡើងរួចរាល់ប្រកបដោយតម្លាភាព និងយុត្តិធម៌ ខ្ញុំជឿថាវានឹងជួយទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកមករកស៊ី និងបង្កើតរោងចក្រផលិតកាន់តែច្រើននៅស្រុកយើង ពីព្រោះពួកគេនឹងមានភាពកក់ក្ដៅខ្លាំងជាងមុនក្នុងការវិនិយោគគម្រោងធំៗដែលពួកគេបានចំណាយពេលសិក្សាជាច្រើនឆ្នាំ។ អ្វីដែលសំខាន់គឺនៅពេលដែលមានវិវាទកើតឡើង ពួកគេអាចប្រើប្រាស់កិច្ចសន្យា ហើយដោះស្រាយបញ្ហាទាំងនោះនៅតុលាការពាណិជ្ជកម្ម។ ប្រការនេះគឺជាការលើកទឹកចិត្តដល់ពួកគេក្នុងការបង្កើតសហគ្រាសធំៗនៅក្នុងប្រទេសយើងដោយមិនមានការព្រួយបារម្ភច្រើន ហើយការបង្កើតសហគ្រាសធំៗទាំងនោះនឹងចូលរួមចំណែកដ៏ធំធេងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

អត្ថបទ៖ វ៉ាត វិន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services