Connect with us

ព័ត៌មានជាតិ

កិច្ចព្រមព្រៀងចៀសពន្ធត្រួតគ្នាកម្ពុជា-កូរ៉េនឹងជួយសម្រួលបន្ទុកមួយកម្រិតដល់វិនិយោគិន

បានផុស

នៅ

កិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នា រវាង​កម្ពុជា និងប្រទេស​កូរ៉េខាងត្បូង​បាន​ចូល​ជា​ធរមាន​ហើយ​​​កាលពី​ថ្ងៃទី​ ២៩ ខែ មករា ឆ្នាំ​ ២០២១ ជាកិច្ចព្រមព្រៀងដែលផ្តល់អត្ថប្រយោជន៍ និងការពារអ្នកវិនិយោគប្រទេសនីមួយៗ ពីការដកពន្ធត្រួតគ្នា។

កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលការធ្វើបែបបទពាណិជ្ជកម្មរវាងប្រទេសហត្ថលេខីចៀសវាងការ​យកពន្ធលើប្រាក់ចំណូល នឹងបន្ធូរបន្ថយបន្ទុកដល់ក្រុមហ៊ុនដែលធ្វើជំនួញណាដែលមានកិច្ចព្រមព្រៀងនេះ។

កម្ពុជា និង​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ការយកពន្ធ​ត្រួតស៊ីគ្នា​លើ​ប្រាក់ចំណូល និង​ការបង្ការ​ការ​គេចពន្ធ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា មើលឃើញថា កិច្ចព្រមព្រៀងពន្ធត្រួតស៊ីគ្នារវាងកម្ពុជា-កូរ៉េខាងត្បូង ក៏ដូចទៅនិងកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសចំនួន១០ ផ្សេងទៀតដែលបានចូលជាធរមានជាមួយរដ្ឋាភិបាលកម្ពុជា។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលទៅលើបែបបទពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសការជួយសម្រួលការធ្វើពាណិជ្ជកម្មទ្វេភាគី មានន័យថា មានទាំងការជួញដូរទំនិញផង ទាំងផលចំណេញនៃការវិនិយោគផង។

លោក បណ្ឌិត ឆេង គឹមឡុងលើកឡើងថា “ ឧទាហរណ៍ថា ក្រុមហ៊ុនវិនិយោគរបស់ ជនជាតិកូរ៉េមកដាក់ទុនវិនិយោគនៅកម្ពុជា ហើយត្រូវជាប់កាតព្វកិច្ចពន្ធជាតិរបស់កម្ពុជា ក៏ប៉ុន្តែក្រុមហ៊ុនកូរ៉េក៏ត្រូវប្រកាសពន្ធនៅក្នុងប្រទេសកូរ៉េដែរ ដូច្នេះការព្រមព្រៀងទៅដល់ការកាត់បន្ថយនូវការយកពន្ធត្រួតស៊ីគ្នានេះ គឺលើកទឹកចិត្តឲ្យក្រុមហ៊ុនបរទេស មកវិនិយោគនៅកម្ពុជារួចនូវកាតព្វកិច្ចពន្ធត្រួតស៊ីគ្នានៅប្រទេសខ្លួនដែរ”។

លោកបញ្ជាក់ថា ពេលមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានេះ ក្រុមហ៊ុនវិនិយោគមិនចាំបាច់ធ្វើការបកស្រាយ រៀបចំឯកសារផ្សេងទៀត ឬចំណាយទៅលើកាព្វកិច្ចពន្ធនោះទេ ហើយសម្រាបអ្នកវិនិយោគកម្ពុជាក៏ដូចគ្នាដែរ ប្រសិនបើទៅរកស៊ីនៅក្រៅស្រុក មានន័យថា ប្រសិនបើពួកគាត់ជាប់ពន្ធនៅបរទេស ឧបមាថាកូរ៉េ ពោលគឺពួកគាត់មិនបាច់បង់ពន្ធនៅស្រុកខ្មែរទៀតនោះទេ។

បើតាមអ្នកវិភាគសេដ្ឋកិច្ចរូបនេះ ការធ្វើបែបនេះ គឺជាវិធីសាស្ត្រមួយដើម្បី ជួយសម្រួលបែបបទខាងសារពើរពន្ធ សម្រាប់ក្រុមហ៊ុន ដើម្បីជួយលើកទឹកចិត្ត ជួយសម្រួល មានន័យថាប្រើយន្តការដូចគ្នាតែមួយ ទៅតាមគោលការណ៍ ដែលព្រមព្រៀងគ្នារវាងរដ្ឋាភិបាលទាំងពីរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា បច្ចុប្បន្នលោកដឹងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងមិនយកពន្ធត្រួតស៊ីគ្នាជាមួយប្រទេសចំនួន១០ រួចមកហើយ។ លោក​​គិតថាកិច្ចព្រមព្រៀងនេះ មានសារសំខាន់សម្រាប់វិនិយោគិនមកពីបរទេស ចូលមករកស៊ីនៅកម្ពុជា។

លោកថា “វាពាក់ព័ន្ធនឹងពន្ធមួយចំនួន ដែលគាត់ (វិនិយោគគិន) ចេញមករស៊ីនៅប្រទេសកម្ពុជាហើយ គាត់បង់ពន្ធនៅកម្ពុជារួចហើយ ហើយបើគ្មានកិច្ចព្រមព្រៀងនេះ លុយដែលគាត់ចំណេញ គាត់យកចូលទៅប្រទេសកូរ៉េ ឬប្រទេសផ្សេងៗដែលមិនទាន់មានកិច្ចព្រមព្រៀងនេះ វាជាបន្ទុកបង់បន្ថែម”។

លោកថា បើយើងមានកិច្ចព្រមព្រៀងនេះ គឺអ្នកវិនិយោគបង់តែ ១៤ ភាគរយ ដែលបង់នៅកម្ពុជារួចជាការស្រេច បើមិនមានកិច្ចព្រមព្រៀងប្រាក់ហ្នឹងទៅកូរ៉េត្រូវបង់ម្តងទៀត។

ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) ​បង្ហាញថា កម្ពុជា​នាំ​ទំនិញ​ទៅ​កូរ៉េ​ក្នុងតម្លៃ​ជាង ៣១៧ លាន​ដុល្លារ​ឆ្នាំ២០២០ ធ្លាក់ចុះ ៥,៤ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មានតម្លៃ​ជាង ៥៦៧ ​លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ជាង ៦៩៦ ​លាន​ដុល្លារ​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កូរ៉េខាងត្បូង​មាន​ដូចជា​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម រីឯ​កម្ពុជា​នាំចូល​វិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក​។

កម្ពុជាបានចុះកិច្ច​ព្រមព្រៀង​ពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នាជាមួយបណ្តាប្រទេសផ្សេងៗ​បានចំនួន ១០ ប្រទេសហើយមកដល់ពេលនេះ រួមមានប្រទេស ព្រុយណេ វៀតណាម សា​ធារណរដ្ឋប្រជាមានិតចិន សិង្ហ​បុរី ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី និងជប៉ុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម