Connect with us

ព័ត៌មានជាតិ

ការចំណាយលើការដើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំចិនអាចនឹងធ្លាក់ចុះនៅឆ្នាំនេះ

បានផុស

នៅ

កាលពីឆ្នាំ២០២០កន្លងទៅ គ្រួសារខ្មែរកាត់ចិនមួយចំនួនធំបានធ្វើការចំណាយលើការដើរកម្សាន្តនៅតាមរម្មណីដ្ឋានទេសចរណ៍នានាទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២១នេះអ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ជឿថា ការចំណាយរបស់ពួកគេអាចនឹងធ្លាក់ចុះ នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយសារបញ្ហាចំណូល និងការបន្តភ័យខ្លាចជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ មានប្រសាសន៍ថា៖ «ការចំណាយទៅលើការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋមួយចំនួននាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះអាចនឹងធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២០។ ការសម្រេចចិត្តមិនចំណាយនេះកើតមានជាពិសេសទៅលើអ្នកដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងកម្សាន្ត ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ១៩។ កាលពីឆ្នាំ២០២០កន្លងទៅ ពួកគេភាគច្រើនត្រូវបានព្យួរការងារ ឫកាត់ប្រាក់ខែ ដែលបានកាត់បន្ថយចំណូលរបស់ពួកគេយ៉ាងខ្លាំងនៅពេលនោះ។»

លោក សុផល បានបន្តថា ទោះជាយ៉ាងណា អ្នកដែលមានជីវភាពធូធារអាចនឹងចំណាយជាធម្មតាដូចឆ្នាំមុន តែអ្វីដែលខុសប្លែកនោះគឺថាពួកគេនឹងផ្ដោតលើការធ្វើដំណើរកម្សាន្តក្នុងស្រុកវិញ ជាជាងដើរកម្សាន្តនៅក្រៅស្រុកទេ ដោយសារ តែជំងឺកូវីដ១៩មិនទាន់មានភាពធូរស្បើយនៅឡើយនៅលើពិភពលោក។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ

ចំពោះអ្នកសេដ្ឋកិច្ចមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ការចំណាយទៅលើការដើរលេងកម្សាន្តរបស់ពលរដ្ឋខ្មែរអាចនឹងធ្លាក់ចុះខ្លាំងនៅឆ្នាំនេះបើធៀបនឹងឆ្នាំ២០២០កន្លងទៅ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជា​ មានប្រសាសន៍ថា៖ «នាឱកាសបុណ្យចូលឆ្នាំចិន២០២១នេះ ការចំណាយរបស់ប្រជាពលរដ្ឋអាចនឹងធ្លាក់ចុះ៤០% ដោយសារជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងប្រាក់ចំណូលរបស់ពួកគេកាលពីឆ្នាំមុន និងបន្តធ្វើឱ្យមានការភ័យខ្លាចរហូតមកដល់ពេលបច្ចុប្បន្ន។»

លោក សិរីវឌ្ឍន៍ បានបន្តថា នៅឆ្នាំនេះជំងឺកូវីដ១៩នៅមិនទាន់រលាយបាត់នៅឡើយទេ ទោះបីជាមានវាំងសាំងក៏ដោយ ។ ការដើកម្សាន្តនៅតាមរម្មណីយដ្ឋានទេសចរណ៍មួយចំនួននឹងមានការធ្លាក់ចុះខ្លះ មិនដូចឆ្នាំមុនទាំងស្រុងនោះទេ ពីព្រោះពលរដ្ឋមួយចំនួនជាពិសេសអ្នកវ័យចំណាស់នៅបន្តភ័យខ្លាចនឹងជំងឺកូវីដ១៩នៅឡើយ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជា

អ្នកស្រី សេង លីហួរ ដែលមានវ័យ៤០ឆ្នាំ និងមានកូន២នាក់ គឺជាបុគ្គលិកផ្នែកសណ្ឋាគារមួយកន្លែងនៅខេត្តសៀម រាប។ ដោយសារតែជំងឺកូវីដ១៩ អ្នកស្រីត្រូវបានព្យួរការងាររយៈពេលជាង៦ខែកាលពីឆ្នាំ២០២០កន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលគ្រួសារយ៉ាងខ្លាំង។

អ្នកស្រីមានប្រសាសន៍ថា៖ «កាលពីឆ្នាំ២០២០កន្លងទៅ ខ្ញុំបានដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំចិន ប៉ុន្តែនៅឆ្នាំនេះខ្ញុំនឹងមិនធ្វើការចំណាយទៅលើការដើរកម្សាន្តទៀតទេ ពីព្រោះម្យ៉ាងចំណូលរបស់ខ្ញុំបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ហើយម្យ៉ាងទៀតខ្ញុំនៅមានការភ័យខ្លាចចំពោះជំងឺកូវីដ១៩នៅឡើយ ជំងឺនេះនៅមិនទាន់មានវ៉ាក់សាំងការពារបានទាំងស្រុងនៅឡើយទេ។»

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម