Connect with us

ព័ត៌មានជាតិ

ទោះកូវីដរំខាន ធនាគារអេស៊ីលីដា ចំណេញប្រាក់ជាង ១៤១ លានដុល្លារឆ្នាំ ២០២០

បានផុស

នៅ

ធនាគារ អេស៊ីលីដា ចំណេញប្រាក់ជាង ១៤១ លានដុល្លារអាមេរិកនៅឆ្នាំ២០២០ មានកំណើន ១៧% ធៀបនឹងឆ្នាំ២០១៩។

របាយការណ៍ត្រីមាសចុងក្រោយរបស់ធនាគារអេស៊ីលីដាបង្ហាញថា ប្រាក់ចំណូលមិនទាន់បង់ពន្ធរបស់ធនាគារអេស៊ីលីដា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ១៨០ លាន​ដុល្លារ ខណៈដែលទ្រព្យសកម្ម​សរុប​មានដល់ទៅជាង​៦ពាន់៥រយ​លាន​ដុល្លារអាមេរិក កើនខ្ពស់ជាង​ពីឆ្នាំ​២០១៩​ដល់ទៅប្រមាណ​ជិត ៤០០ លាន​ដុល្លារ។

ឥទ្ធិពលនៃការរាតត្បាត ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចជាតិ ស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ មាន​ការភ័យ​ខ្លាច ជំងឺកូវីដ១៩ អូស​បន្លាយ អាច​ធ្វើ​ឲ្យ​វិស័យ​ធនាគារ​អាច​ជួប​វិបត្តិ ដោយសារ​លំហូរ​សាច់​ប្រាក់​នឹង​អាចត្រូវ​រាំង​ស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា ជាទូទៅសុខភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពល្អប្រសើរនៅឆ្នាំ ២០២០។

ការរីកចម្រើនលូតលាស់នេះ កើតចេញពីការបន្ធូរបន្ថយរបស់រដ្ឋាភិបាល ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យា អនុវត្តបើកដើមទុនទ្រនាប់ ការបន្ថយប្រាក់បម្រុងកាតព្វកិច្ចមកនៅត្រឹម ៧% ព្រមទាំងការបន្ធូបន្ថយលើពន្ធកាត់ទុកសម្រាប់ប្រាក់កម្ចីពីបរទេស។

បើតាមលោក អ៊ិន ចាន់នីមូលហេតុទាំងនេះ បានធ្វើឲ្យវិស័យធនាគារ អាចគាំទ្រនូវការលូតលាស់របស់ខ្លួន ដោយសារការបន្ធូបន្ថយលក្ខណ្ឌច្បាប់ មិនមែនដោយសារ ឱកាសក្នុងការធ្វើអាជីវកម្មនោះទេ។

លោក អ៊ិន ចាន់នីបានប្រាប់កម្ពុជាថ្មីថា ហិរញ្ញវត្ថុធនាគារ បានលូតលាស់ក្នុងរង្វង់ប្រមាណ ២០% ក្នុងឆ្នាំ ២០២០ ក្នុងវិស័យឥណទាន និងវិស័យប្រាក់សន្សំ។

លោកថ្លែងថា “កំណើនប្រាក់ចំណេញ​មានការកើនឡើងគួឲ្យកត់សម្គាល់ ហើយគុណភាពក៏រក្សាបានល្អ ក្នុងពេលដែលកំណើនអាជីវកម្មរបស់ធនាគារអេស៊ីលីដា មានភាពល្អប្រសើ នៅឆ្នាំ ២០២០ ឥណទានលូតលាស់ ប្រមាណ ១៦ ភាគរយ”។

ឥណទាន​ដែលអេស៊ីលីដា​បាន​ផ្ដល់ជូន​អតិថិជន​ក៏មាន​កំណើនដែរ ដោយ​ឆ្នាំ២០២០ មានដល់ទៅជាង ៤ពាន់៥រយ​លាន​ដុល្លារ កើនជាង ១៦% ធៀបនឹង​ឆ្នាំ២០១៩។

ចំណែក ឥណទានមិនដំណើរការវិញ មាន​ប្រមាណ ២,៤% នៅក្នុងឆ្នាំ២០២០។ ប្រាក់បញ្ញើអតិថិជន​មានប្រមាណ ៤ពាន់​៣រយលាន​ដុល្លារ កើនជិត​៣រយលាន​ដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម