អាប់ដេត​ព័ត៌មា​ថ្មី​បន្ថែម​ ពី​ព្រលានយន្តហោះភ្នំពេញថ្មី​​​​ នៅ​ខេត្ត​កណ្តាល – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាប់ដេត​ព័ត៌មា​ថ្មី​បន្ថែម​ ពី​ព្រលានយន្តហោះភ្នំពេញថ្មី​​​​ នៅ​ខេត្ត​កណ្តាល

Published

on

​លោក ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​បានថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅព្រឹកនេះ​ថា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះភ្នំពេញ​ថ្មីនៅ​ស្រុក​កណ្តាល​ស្ទឹងខេត្តកណ្តាល កំពុង​ដំណើរការ​គ្មាន​ការ​រាំងស្ទះ​នោះ​ទេ ដែល​គ្រោង​បញ្ចប់​ដំណាក់​កាលទីមួយ​នៅ​​ឆ្នាំ​២០២៣។

ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​ ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ OCIC ​ត្រូវ​បាន​សាងសង់​នៅលើ​​ផ្ទៃដី​ទំហំ ​២៦០០​ហិកតា។

​លោកម៉ៅ ភិរុណ បញ្ជាក់​ថា មកដល់ពេលនេះការដ្ឋាន​សាងសង់​សម្រេច​បាន​ ​១៨ ភាគរយ តែ​ក្រុមហ៊ុន​​មិនទាន់បានអភិវឌ្ឍ​​ពេញ​ផ្ទៃ​ដី​ទាំង​២៦០០ ហិកតា។ ​បើតាម​គម្រោង​នៅ​ឆ្នាំ​២០២៣​ខាងមុខ ក្រុមហ៊ុន​នឹងបញ្ចប់​ផ្លូវ​រត់​​១ ឬ​២ ដើម្បី​ដំណើរការ​ហោះហើរ​បឋម​។

លោក​បន្តថា ​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី​​នៅ​ក្នុង​គម្រោង​​សាងសង់​ព្រលាន​​ អាជ្ញាធរ​​បាន​ដោះស្រាយស្ទើររួច​​អស់ហើយ នៅ​តែ​បញ្ហា​​​តិច​តួច​ដែល​​ត្រូវ​សម្របសម្រួល​​ដោះស្រាយ​បន្ត​ទៀត​។​

សូមបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១,៥០០​លាន​ដុល្លារ​។ អាកាសយានដ្ឋាន​​នេះ សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា គ្រោង​​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​។ សមត្ថភាព​ព្រលាន​នេះ​ អាចទទួល​អ្នកដំណើ​រ​បាន​ប្រមាណ​១៣​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣, ៣០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៣០ និង​៥០​លាន​នាក់​នៅក្នុង​ឆ្នាំ​២០៥០​។​

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប និង OCIC ធ្លាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក​។ អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី​៩ នៅក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​។​

នៅពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ ព្រមទាំង​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​បាន​ចំនួន​២៧​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ​២០៥០ វា​នឹង​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់ ៣០​លាន​នាក់​ស្របតាម​ផែនការមេ​។​

ចំពោះ​ការសាងសង់​វិញ អ្នកឧកញ៉ា ពុង ឃាវ​សែ បញ្ជាក់ថា ក្រុមហ៊ុន បានជ្រើសរើស​ក្រុមហ៊ុន​បរទេស​មួយចំនួន និង​ប្រើប្រាស់​ធនធាន​បច្ចេកទេស និង​បទពិសោធន៍​របស់​ក្រុមហ៊ុន OCIC ផ្ទាល់ ហើយ​គោលបំណង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ដើម្បី​លើកកម្ពស់​ដល់​វិស័យ​សំណង់ ដោយ​នាំយក​នូវ​បច្ចេកទេស​ថ្មីៗ​ទំនើបៗ​មក​អនុវត្ត ដែលជា​កត្តា​នាំ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដើរ​ទាន់​ពិភពលោក​ផងដែរ​។ នៅពេល​សង់​រួច ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ នឹង​លើកមុខ​មាត់​ដល់​ប្រទេស​កម្ពុជា ទាំង​ក្នុង​វិស័យ​អាកាសចរណ៍ ទាំង​ក្នុង​វិស័យ​ពាក់ព័ន្ធ​នានា និង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​៕

អត្ថបទ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services