សេដ្ឋកិច្ច
គ្រោះរាំងស្ងួតកាត់បន្ថយទិន្នផល និងគុណភាពទុរេនវៀតណាម
កសិករដាំទុរេនក្នុងប្រទេសវៀតណាម បានបង្ហាញការព្រួយបារម្ភថា ការឡើងកំហាប់អំបិលក្នុងដី និងគ្រោះរាំងស្ងួតនៅតំបន់ដាំទុរេនសំខាន់ៗរបស់ប្រទេស នឹងកាត់បន្ថយទិន្នផល និងគុណភាពផ្លែទុរេន។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress។

នាយកវិទ្យាស្ថាន Southern Fruit Institute របស់វៀតណាម លោក Vo Huu Thoai បានប្រាប់សារព័ត៌មានសិង្ហបុរី CNA ថា៖ «បញ្ហាសំខាន់នៃរដូវប្រមូលផលផ្លែទុរេននេះគឺ គ្រោះរាំងស្ងួតអូសបន្លាយ និងការឡើងកំហាប់ជាតិអំបិលក្នុងដីដោយសារទឹកសមុទ្រ ដែលបានធ្វើឱ្យថយចុះទិន្នផល និងគុណភាពនៃចំការទុរេនរបស់ប្រទេសវៀតណាម»។
គួរគូសបញ្ជាក់ថា តំបន់ដីសណ្តមេគង្គ ដែលមានចំការទុរេនពាក់កណ្ដាលរបស់ប្រទេស បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការផ្លាស់ប្តូរលំនាំធាតុអាកាស និងការកើនឡើងនៃទឹកប្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លើសពីនេះទៀត ទំនប់វារីអគ្គីសនីដែលបានសាងសង់ពីផ្នែកខាងលើនៃទន្លេមេគង្គ ធ្វើឱ្យលំហូរទឹកផ្នែកខាងក្រោយខ្សោយ ដែលនាំឱ្យមានការខ្វះខាតទឹកសាប។
ប្រជាជនរាប់ពាន់នាក់នៅតំបន់ដីសណ្ដមេគង្គ កំពុងទទួលរងការខ្វះខាតទឹកសាបធ្ងន់ធ្ងរ ដោយសារតែគ្រោះរាំងស្ងួត និងជាតិប្រៃក្នុងដីខ្ពស់ ដែលជំរុញឱ្យអាជ្ញាធរក្នុងតំបន់ប្រកាសភាពអាសន្នកាលពីដើមខែមុន។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
កាលពីពាក់កណ្ដាលខែមីនា របាយការណ៍របស់វិទ្យាស្ថានវិទ្យាសាស្រ្តធនធានទឹក ចំណុះឱ្យក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានបង្ហាញថា ការឡើងកំហាប់ជាតិអំបិលខ្ពស់ក្នុងដី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកសិផលនៅតំបន់ដីសណ្ដមេគង្គ ដោយបង្កការខូតខាតសរុបប្រចាំឆ្នាំជិត ៣ ប៊ីលានដុល្លារ។
ចំណែកឯគ្រោះរាំងស្ងួតវិញ រួមជាមួយនឹងរលកកំដៅដែលបក់បោកពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងបាតុភូតធាតុអាកាស អែល នីណូ បានធ្វើឱ្យជាតិប្រៃក្នុងដីកាន់តែអាក្រក់ទៅៗនៅឆ្នាំនេះ ដែលប៉ះពាល់ដល់ការផលិតទុរេន។

កសិករទុរេនម្នាក់ ឈ្មោះ Tran Van Nghia បានប្រាប់ CNA ថា៖ «ការគំរាមកំហែងដ៏ធំបំផុតចំពោះទុរេន គឺទឹកប្រៃ។ ដើមទុរេន គឺងាយនឹងទទួលរងនូវទឹកប្រៃ»។ ចំណែកឯកាសែតវៀតណាម Thanh Nien បានរាយការណ៍ ដោយស្រង់សម្ដីកសិករដាំទុរេនម្នាក់ក្នុងខេត្ត Ben Tre នៃតំបន់ដីសណ្តទន្លេមេគង្គ ឈ្មោះ លោក Phan Hoang Tan ដែលនិយាយថា ទិន្នផលទុរេនចំការរបស់លោកបានធ្លាក់ចុះរហូតដល់ ៣០ ភាគរយ បើធៀបនឹងការប្រមូលផល៣លើកមុនៗ ដោយសារតែកម្ដៅខ្លាំង និងកង្វះទឹកសាប។
ដោយមើលឃើញក្នុងអត្រាបច្ចុប្បន្ន លោក Thoai ពីវិទ្យាស្ថាន Southern Fruit Institute និយាយថា បញ្ហានេះរំពឹងថានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនអនុវត្តដំណោះស្រាយឱ្យបានទាន់ពេលវេលា។
គួរគូសបញ្ជាក់ថា វៀតណាមបាននាំចេញទុរេនក្នុងតម្លៃ ២,៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន ដោយ ៨៧ ភាគរយក្នុងនោះ នាំចេញទៅចិន។ តួលេខនេះរំពឹងថានឹងកើនឡើងដល់ ៣,៥ ប៊ីលានដុល្លារនៅឆ្នាំនេះ ចំពេលមានកំណើនតម្រូវការ ប៉ុន្តែការរំពឹងដដែលអាចក្លាយជាភាពមិនច្បាស់លាស់ ដោយសារគ្រោះរាំងស្ងួត និងការឡើងកំហាប់អំបិលក្នុងដី។
ផ្ទុយទៅវិញមួយទៀត រលកកម្ដៅក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងលើកកម្ពស់ផលិតកម្មទុរេនរបស់ម៉ាឡេស៊ី ជាពិសេសសម្រាប់ពូជទុរេន Musang King។ ការណ៍នេះអាចបង្កើនការប្រកួតប្រជែងសម្រាប់ប្រទេសវៀតណាម ខណៈម៉ាឡេស៊ីកំពុងបញ្ចប់ការចរចា ដើម្បីនាំចេញទុរេនស្រស់ទៅប្រទេសចិន នៅចុងឆ្នាំ ២០២៤។
ក្រៅពីនោះ ការផ្គត់ផ្គង់លើសចំណុះ អាចនឹងក្លាយជាក្តីកង្វល់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារកសិករវៀតណាម ប្តូរពីដំណាំផ្សេងមកដាំទុរេន ខណៈតួលេខពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានបង្ហាញថា ចំការទុរេនគ្របដណ្ដប់លើផ្ទៃដី ១៥០ ០០០ ហិចតា (ហួសគោលដៅ ៧៥ ០០០ ហិចតារបស់ក្រសួង) នៅទូទាំងប្រទេស ហើយក្នុងនោះទៀតសោត ចំការទុរេនត្រឹមតែ ១៣ ភាគរយប៉ុណ្ណោះ ដែលត្រូវតាមស្ដង់ដារ និងត្រូវបានអនុម័តឱ្យនាំចូលចិន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


