ព័ត៌មានអន្ដរជាតិ
ផលិតកម្ម និងការលក់រថយន្តនៅថៃ បន្តធ្លាក់ចុះជាគំហុកនៅខែមិថុនា
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតកម្មរថយន្តក្នុងប្រទេសថៃ បានធ្លាក់ចុះ ២០,១១ ភាគរយកាលពីខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែច្បាប់ហិរញ្ញវត្ថុតឹងរ៉ឹង និងបំណុលគ្រួសារខ្ពស់ដែលរឹតត្បឹតការទិញរបស់អតិថិជន ខណៈផលិតកម្មពេញ១ឆ្នាំ ២០២៤ រំពឹងថានឹងទាបជាងឆ្នាំ ២០២៣។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តួលេខនេះបង្ហាញពីស្ថានភាពនៃផលិតកម្មរថយន្តថៃ ដែលកំពុងផុងខ្លួនកាន់តែដុនដាប ដោយបន្តធ្លាក់ចុះពីអត្រាធ្លាក់ចុះ ១៦,១៩ ភាគរយ កាលពីខែឧសភា។
ទន្ទឹមនឹងនេះ សហព័ន្ធដដែល បានបន្តថា ផលិតកម្មរថយន្តប្រចាំឆមាសទី១ ដែលបញ្ចប់នៅចុងខែមិថុនា បានធ្លាក់ចុះ ១៧,៣៩ ភាគរយ បើធៀបនឹងឆមាសដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ៧៦១ ២៤០ គ្រឿង។
អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បានប្រាប់សន្និសីទសារព័ត៌មាន ថា៖ «វិធានការតឹងរ៉ឹងសម្រាប់ការអនុម័តលើឥណទានពីស្ថាប័នហិរញ្ញវត្ថុ គួបផ្សំនឹងបំណុលគ្រួសារដែលជិតស្មើនឹង ៩០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប នាំឱ្យអត្រាបដិសេធប្រាក់កម្ចីរថយន្តស្ថិតនៅកម្រិតខ្ពស់»។
ការលក់រថយន្តក្នុងស្រុក បានធ្លាក់ចុះ ២៦,០៤ ភាគរយក្នុងខែមិថុនា ធៀបនឹងឆ្នាំមុន ដោយលើសការធ្លាក់ចុះ ២៣,៣៨ ភាគរយក្នុងខែឧសភា។

ជាមួយនឹងនិន្នាការដុនដាបនេះ FTI បានទម្លាក់គោលដៅលក់រថយន្តក្នុងស្រុករបស់ខ្លួន ពី ៧៥០ ០០០ គ្រឿងក្នុងការព្យាករកាលពីលើកមុន មកត្រឹម ៥៥០ ០០០ គ្រឿង ពេញមួយឆ្នាំ ២០២៤។ សហព័ន្ធក៏បានកាត់បន្ថយគោលដៅផលិតកម្មរថយន្តផងដែរ មកត្រឹម ១,៧ លានគ្រឿង ដោយថយចុះពី ១,៩ លានគ្រឿង ក្នុងការព្យាករកាលពីលើកមុន។ នៅឆ្នាំ ២០២៣ ថៃបានផលិតរថយន្តប្រមាណ ១,៨៤ លានគ្រឿង។
យ៉ាងណាមិញ ការនាំចេញរថយន្តទៅក្រៅប្រទេសរបស់ថៃ នឹងស្ថិតនៅលើគន្លងប្រក្រតី ដោយសហព័ន្ធរំពឹងការនាំចេញរថយន្តប្រមាណ ១,១៥ លានគ្រឿងក្នុងឆ្នាំនេះ។
គួរគូសបញ្ជាក់ថា ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Toyota និង Honda។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ទើបតែបើករោងចក្ររបស់ខ្លួនក្នុងប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


