សេដ្ឋកិច្ច
គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា មានផ្ទៃដីជាង ៥០០ ហិកតា បង្កើតការងារជាង ៥ ម៉ឺនកន្លែង
គម្រោងសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមាន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។
លោក ហេង សួរ បានថ្លែងថា គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។
បើតាមលោករដ្ឋមន្ត្រី ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទៀត។
សូមជម្រាបថា នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះដែរលោក ហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងគុណភាពនៃការអប់រំ និងបង្កើនសមត្ថភាពរបស់បុគ្គលិកនៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខាកាមរបស់វិទ្យាស្ថាន៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល