Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាបិទច្រកព្រំដែន​ដឹកជញ្ជូនទំនិញសំខាន់​ពីប្រទេសថៃ​

បានផុស

នៅ

យោធាមីយ៉ាន់ម៉ា បាន​បិទប្រតិបត្តិការច្រកព្រំដែនតាមស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 ដោយ​ពុំជូនដំណឹងជាមុនទៅអាជ្ញាធរថៃ។ នេះបើតាមការចុះផ្សាយរបស់ Thai Enquirer នា​រសៀលថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទនេះមាន​ន័យថា គ្រប់ដំណើរការ​រថយន្ត និងលំហូរទំនិញទាំងអស់ត្រូវបាន​បញ្ឈប់ ដែល​បង្កជាការរាំងស្ទះដល់​ការ​ដឹកជញ្ជូន ជាពិសេសទំនិញ​ថៃដែលឆ្លងទៅមីយ៉ាន់ម៉ា កាត់តាមច្រក Mae Sot–Myawaddy 2។

ការបិទដដែល​ ត្រូវបាន​គេរាយការណ៍ថា មាន​បញ្ជាពីរដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា ​ដើម្បីផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធ​ក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ​ ស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 1 នៅតែបន្តបើក សម្រាប់ឱ្យ​ការធ្វើដំណើររបស់ប្រជាជន និងការដឹកជញ្ជូនទំនិញខ្នាតតូច។ ​មកទល់ពេល​នេះ​ អាជ្ញាធរថៃមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធនឹង​បញ្ហា​នេះផងដែរ បណ្ដាញទូរទស្សន៍ថៃ Thai PBS បាន​រាយការណ៍កាលពីសប្ដាហ៍មុនថា យោធាមីយ៉ាន់ម៉ារឹតបន្តឹងការដឹកជញ្ជូនទំនិញ​ពីប្រទេសថៃនៅតាម​ច្រកព្រំដែន Mae Sot-Myawaddy 2 ដែល​បង្កការកកស្ទះរថយន្តដឹកទំនិញពីថៃទាំងតូច និងធំប្រមាណ ៦០០ គ្រឿង គិតត្រឹមព្រឹកថ្ងៃសុក្រ។

គួរគូសបញ្ជាក់ថា ច្រកព្រំដែន Mae Sot-Myawaddy 2 ស្ថិតនៅក្នុង​ក្រុង​ Mae Sot នៃខេត្ត តាក់ របស់ថៃ និងក្រុង Myawaddy នៃរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ដែលជាចំណុចព្រំដែនរសើបនាពេលកន្លងមក ពាក់ព័ន្ធការជួញដូរមនុស្សពីថៃទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការក្នុងមជ្ឈមណ្ឌលបោកប្រាស់អនឡាញ។ ច្រកនេះ គឺជាច្រកដឹកជញ្ជូនដ៏សំខាន់បំផុតមួយរវាងប្រទេសទាំង២។

បើតាម Thai PBS ឈ្មួញមីយ៉ាន់ម៉ាបានអះអាងនៅសប្ដាហ៍មុន​ថា ​ការរឹតបន្តឹងការត្រួតពិនិត្យ​លើរថយន្តដឹកទំនិញពីថៃនាពេល​នោះ ​មាន​បញ្ជាពីអគ្គមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធភូមា ​ដើម្បីរក​មើលរថយន្តដឹកទំនិញដែលគ្មានអាជ្ញាប័ណ្ណជួញដូរតាម​ព្រំដែនត្រឹមត្រូវ និង​ដើម្បីទប់ស្កាត់ប្រភពចំណូល​របស់ក្រុមឧទ្ទាមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលផ្សេងៗ ដូចជា KNU និង PDF ដែលរកបានពីប្រតិបត្តិកររថយន្តដឹកទំនិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម