Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ក្រុមហ៊ុនបរទេសត្រូវ​យក​ពលរដ្ឋអាមេរិកាំងធ្វើការ ក្រោយចាប់ខ្លួនកម្មករកូរ៉េរាប់រយនាក់នៅ Hyundai

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ បានប្រាប់ឱ្យ​ក្រុមហ៊ុនបរទេសផ្សេងៗឱ្យ «ជ្រើសរើស» និង «បណ្ដុះបណ្ដាល» ពលរដ្ឋអាមេរិកាំង​​ឱ្យ​ធ្វើការនៅរោងចក្ររបស់ពួកគេ​លើទឹកដីសហរដ្ឋអាមេរិក ហើយគោរពតាមច្បាប់អន្តោប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ការទាមទារ​នេះធ្វើឡើងក្រោយ​អាជ្ញាធរអន្តោប្រវេសន៍បាន​វាយឆ្មក់រោងចក្ររបស់ក្រុមហ៊ុនផលិតអាគុយ​រថយន្ត​ Hyundai នៅរដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍ ដោយ​ចាប់ខ្លួនកម្មករ ៤៧៥ នាក់ រួមទាំងជនជាតិកូរ៉េភាគច្រើន។ ​មេដឹកនាំកូរ៉េខាងត្បូងបាន​ឱ្យដឹងថា ប្រទេសរបស់លោកនឹង​បញ្ជូលពលរដ្ឋកូរ៉េចំនួន ៣០០ នាក់ ដែលត្រូវបាន​ចាប់ខ្លួន ក្រោយ​មាន​ការចរចាជាមួយ​អាជ្ញាធរបរទេស។

ក្នុងសំណេរដែលបង្ហោះឡើងលើបណ្ដាញសង្គម Social Truth លោក ត្រាំ ដែល​រឹតបណ្ដឹងខ្លាំងលើគោលនយោបាយអន្តោប្រវេសន៍ខុសច្បាប់ បាន​និយាយថា៖ «បន្ទាប់ពីប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍នៅលើរោងចក្រអាគុយរថយន្ត​ Hyundai ក្នុងរដ្ឋ Georgia ខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនបរទេសទាំងអស់ដែលវិនិយោគនៅសហរដ្ឋអាមេរិក សូមគោរពច្បាប់អន្តោប្រវេសន៍របស់ប្រទេសយើង​»។

រូបភាព AP ពីថ្ងៃទី ៤ កញ្ញា ដែល​អាជ្ញាធរអន្តោប្រវេសន៍អាមេរិក វាយឆ្មក់នៅរោងចក្រ Hyundai ក្នុងរដ្ឋ Georgia

លោកបន្តយ៉ាងដូច្នេះថា៖ «យើងស្វាគមការវិនិយោគរបស់អ្នក​ ហើយយើងលើកទឹកចិត្តអ្នកឱ្យនាំអ្នកឆ្លាតៗដោយ​ស្របច្បាប់មក ​ជាមួយ​នឹងទេពកោសល្យបច្ចេកទេសដ៏អស្ចារ្យ ដើម្បី​ផលិតផលិត​ផលលំដាប់ពិភពលោក ហើយយើងនឹងសម្រួលវា​ឱ្យបានឆាប់រហ័ស និងស្របច្បាប់សម្រាប់អ្នក។ អ្វីដែលយើងស្នើសុំជាថ្នូរ​គឺ អ្នកត្រូវជ្រើសរើស ​និងបណ្តុះបណ្តាលកម្មករអាមេរិកាំង»។

លោក ត្រាំ បាន​បង្ហោះសារយ៉ាងដូច្នេះ ក្រោយ​រងការសាកសួរថា ការចាប់ខ្លួនពលករកូរ៉េនៅរោងចក្ររបស់ក្រុមហ៊ុន Hyundai អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយ​កូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់នៅអាស៊ី។ យ៉ាងណាមិញ លោកថាលោកនឹង​គិតមើលពីលទ្ធភាពដែល​អាមេរិក​អនុញ្ញាត​ឱ្យ​អ្នកជំនាញបរទេសចូលទៅសហរដ្ឋអាមេរិក ដើម្បីបណ្ដុះបណ្ដាលពលរដ្ឋអាមេរិកាំង។

ក្រោយ​ហេតុការណ៍កាលពីសប្ដាហ៍មុន​ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្តែងការសោកស្ដាយចំពោះការចាប់ខ្លួនរបស់អាជ្ញាធរអាមេរិក​ ​និងការបង្ហាញវិដេអូស្ដីពីប្រតិបត្តិការចាប់ខ្លួននោះ ដែលរួមបញ្ចូលទាំងការប្រើរថពាសដែកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម