Connect with us

អត្ថាធិប្បាយ

កុំបន្ទោសអាហ្វហ្គានីស្ថាន! បើអាមេរិកមិនយល់ពីកំហុសរបស់ខ្លួន អាមេរិកនឹងបន្តធ្វើខុសទៀត

បានផុស

នៅ

ហេតុអ្វីបានជាសហរដ្ឋអាមេរិក ដែលជាសង្គមទទួលបានជោគជ័យបំផុតរបស់ពិភពលោក បានបង្ហូរឈាមនិងចំណាយទ្រព្យសម្បត្តិយ៉ាងច្រើននៅបរទេស ចាប់ពីកម្ពុជានិងវៀតណាម ទៅដល់អាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ហើយបរាជ័យយ៉ាងអាម៉ាស់បែបនេះ? តាមពិតទៅ វាអាចមានហេតុផលរចនាសម្ព័ន្ធធំធេង ចំពោះការបរាជ័យធំៗទាំងនេះ។ ហេតុផលអាចមានដូចជាការគ្រប់គ្រង វប្បធម៌និងការសម្របសម្រួល។

កម្លាំងខ្លាំងបំផុតរបស់សង្គមអាមេរិកគឺស្មារតីអាចធ្វើបាន។ នៅពេលជនជាតិអាមេរិកខិតខំដើម្បីគោលដៅដែលមានមហិច្ឆតា ដូចជាបញ្ជូនបុរសទៅឋានព្រះចន្ទ ពួកគេគ្រប់គ្រងបានយ៉ាងពេញលេញហើយ ខិតខំធ្វើគ្រប់បែបយ៉ាងដោយមិនពន្យាពេល។ ការងារគឺអស្ចារ្យនៅលើដីអាមេរិកប៉ុន្តែ វាបង្កើតគ្រោះមហន្តរាយនៅលើដីបរទេស។

ខ្ញុំបានមើលឃើញពីបញ្ហារបស់ទីក្រុងវ៉ាស៊ីនតោន ដូចនឹងការគ្រប់គ្រងដំបូងនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៣។ នៅពេលខ្ញុំបម្រើការជាអ្នកការទូតវ័យក្មេងម្នាក់នៅស្ថានទូតសិង្ហបុរី ក្នុងរាជធានីរបស់កម្ពុជាដែលហែកហួរដោយសង្រ្គាម ខ្ញុំបានណាត់ជួបជាមួយអ្នកការទូតស្រីវ័យក្មេងមកពីស្ថានទូតអាមេរិក។ នាងមានការងារយ៉ាងងាយស្រួល។ រៀងរាល់ព្រឹក នាងនឹងទទួលបានការណែនាំយ៉ាងច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោន អំពីអ្វីដែលកម្ពុជាគួរធ្វើចំពោះសេដ្ឋកិច្ចដែលមានបញ្ហារបស់ខ្លួន។ នាងបើកឡានដោយខ្លួនឯង ហើយផ្តល់ការណែនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា។ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមានអ្នកសេដ្ឋកិច្ចឆ្នើម ៗ នៅលើពិភពលោក ការធ្វើបែបនេះសមហេតុផលហើយ ប៉ុន្តែវាក៏បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ពិបាកគ្រប់គ្រងទីភ្នាក់ងារឬការគ្រប់គ្រងលើជោគវាសនារបស់ខ្លួនផងដែរ។ ដូច្នេះនៅពេលដែលសហរដ្ឋអាមេរិកចាកចេញទៅ រដ្ឋាភិបាលក៏ត្រូវដួលរលំ។

ដូចគ្នានេះដែរ កងទ័ពអាហ្វហ្គានីស្ថានដែលមានកម្លាំង ៣០០ ០០០ នាក់ បានធ្វើយ៉ាងល្អប្រឆាំងនឹងកងទ័ពតាលីបង់តូចៗដែលមានកម្លាំង ៧៥ ០០០ នាក់ នៅពេលមេបញ្ជាការនិងទាហានអាមេរិកត្រូវបានបង្កប់ជាមួយអង្គភាពកងទ័ពអាហ្វហ្គានីស្ថានដើម្បីធ្វើការសម្រេចចិត្តនិងសម្រេចអំពីពេលវេលានិងរបៀបប្រយុទ្ធ។ ដូចរដ្ឋាភិបាលកម្ពុជាដែរ កងទ័ពអាហ្វហ្គានីស្ថាន គ្មានការគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឡើយ។ ដូច្នេះ នៅពេលដែលការគ្រប់គ្រងរបស់អាមេរិកលែងមាន គ្រប់យ៉ាងបានដួលរលំ។ សហរដ្ឋអាមេរិកបានទៅអាហ្វហ្គានីស្ថានដើម្បីកសាងនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេល ២០ ឆ្នាំមកនេះ អាមេរិកមិនអាចរកឃើញអាកប្បកិរិយាបែបប្រជាធិបតេយ្យជាងនេះទេ។

អាមេរិកបានសន្មត់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani គឺស្របច្បាប់ ពីព្រោះគាត់ត្រូវបានបោះឆ្នោតជ្រើសរើសតាមបទដ្ឋានប្រជាធិបតេយ្យអាមេរិក។ ពិតទេ? មានតែជនជាតិអាហ្វហ្គានីស្ថានប្រហែល ១.៨ លាននាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៩.៧ លាននាក់និងប្រជាជនចំនួន ៣១.៦ លាននាក់ ដែលបានបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលលើកចុងក្រោយ។ ផ្ទុយទៅវិញ នៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិដឹកនាំដោយអ្នកការទូតអាល់ហ្សេរីដ៏ឆ្នើមលោក Lakhdar Brahimi បានព្យាយាមបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានឡើងវិញបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលតាលីបង់ដំបូងក្នុងឆ្នាំ២០០១, លោក Brahimi បានចូលជ្រៅទៅក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌អាហ្វហ្គានីស្ថាន ហើយបានកោះហៅ loya jirga ដែលជាក្រុមប្រឹក្សាប្រពៃណីរបស់ មេដឹកនាំតំបន់ដែលពិភាក្សាអំពីសំនួរជាតិសំខាន់ៗ។ ដំណើរការនេះមានភាពរញ៉េរញ៉ៃ។ ​UN មិនអាចគ្រប់​គ្រងបានទេ ប៉ុន្តែរដ្ឋាភិបាលដែលកើតចេញពីដំណើរការ loya jirga គឺរីករាយនឹងភាពស្របច្បាប់និងជំហរ ជាងរដ្ឋាភិបាលរបស់លោក Ghani ដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យ។

វាជារឿងគួរឲ្យភ្ញាក់ផ្អើលដែលសហរដ្ឋអាមេរិកមិនទទួលបានមេរៀនដ៏មានតម្លៃ ពីការទទួលបានជោគជ័យនៅក្រៅប្រទេស។ បន្ទាប់ពីការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥ វាគឺជាការសម្រេចចិត្តដ៏អស្ចារ្យក្នុងការរក្សាអធិរាជជប៉ុន Hirohito ឲ្យនៅគ្រងរាជបល្ល័ង្ក ជំនួសឲ្យការកាត់ទោសព្រះអង្គជាឧក្រិដ្ឋជនសង្គ្រាម ដែលសហរដ្ឋអាមេរិកអាចធ្វើបាន។ ការបន្តកាន់តំណែងរបស់ទ្រង់ បានផ្តល់ការធានាដល់ជនជាតិជប៉ុននូវវប្បធម៌របស់ពួកគេ។ កងទ័ពអាមេរិកដែលដាក់ពង្រាយនៅអាហ្វហ្គានីស្ថានដើម្បីកសាងប្រព័ន្ធនយោបាយអាហ្វហ្គានីស្ថានឡើងវិញ បានបង្ហាញពីការគោរពតិចតួចបំផុតចំពោះវប្បធម៌អាហ្វហ្គានីស្ថាន។

នៅពេលដើរលើដីបរទេស វាជាសុភនិច្ឆ័យដ៏សាមញ្ញដើម្បីធ្វើការសម្របសម្រួលនិងទទួលយកស្ថាប័នក្នុងស្រុក។ ប្រទេសអ៊ីរ៉ាក់បានបរាជ័យយ៉ាងធំធេង ដោយសារតែការសម្រេចចិត្តដ៏មហន្តរាយមួយដែលបណ្តាលមកពីការបដិសេធធ្វើសម្បទាន៖ ការរំសាយកងទ័ពអ៊ីរ៉ាក់និងគណបក្ស Ba’ath ដែលជាសសរស្តម្ភពីរនៃសង្គមអ៊ីរ៉ាក់។

អំណាចដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិកគឺជាទ្រព្យសម្បត្តិធំបំផុតរបស់ខ្លួន ហើយក៏ជាចំណុចខ្សោយធំបំផុតរបស់ខ្លួនផងដែរ។ ដោយមានអំណាចខ្លាំង ទីក្រុងវ៉ាស៊ីនតោនមិនដែលស្ថិតនៅក្រោមសម្ពាធណាមួយដើម្បីសម្របសម្រួលឡើយ ទោះបីវាជារឿងធម្មតាក៏ដោយ។ នេះជាឧទាហរណ៍សាមញ្ញមួយ៖ អាហ្វហ្គានីស្ថានគឺជាសង្គមបុរាណមួយ ដែលមានប្រទេសជិតខាងចាស់ទុំគឺអ៊ីរ៉ង់។ បន្ទាប់ពីការរស់នៅជាមួយគ្នារាប់ពាន់ឆ្នាំ ពិតណាស់ត្រូវតែមានប្រាជ្ញាច្រើននៅក្នុងប្រវត្តិសាស្ត្រនិងវប្បធម៌អ៊ីរ៉ង់អំពីរបៀបរស់នៅជាមួយអាហ្វហ្គានីស្ថាន។ អ្វីដែលសមហេតុសមផលបំផុតសម្រាប់រដ្ឋបាលអាមេរិកដែលត្រូវធ្វើគឺ ត្រូវបែងចែកភាពខុសគ្នារបស់ខ្លួនជាមួយជនជាតិអ៊ីរ៉ង់លើបញ្ហាផ្សេងទៀត ហើយយ៉ាងហោចណាស់និយាយជាមួយពួកគេអំពីការបង្កើតអង្គភាពនយោបាយរឹងមាំនិងឯករាជ្យនៅអាហ្វហ្គានីស្ថាន។ ហើយអ៊ីរ៉ង់ប្រហែលជានឹងសហការយ៉ាងល្អ ព្រោះប្រទេសនេះបាត់បង់ច្រើនជាងអាមេរិកពីប្រទេសអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់។ ទោះយ៉ាងណា គំនិតនៃការសម្របសម្រួលជាមួយអ៊ីរ៉ង់ហាក់ដូចជាមិនអាចទៅរួចឡើយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

ប្រសិនបើសហរដ្ឋអាមេរិកនៅតែមិនដឹងអំពីកំហុសរចនាសម្ព័ន្ធសំខាន់ៗដែលខ្លួនបានធ្វើនៅអាហ្វហ្គានីស្ថាននិងកន្លែងផ្សេងទៀតនោះ អាមេរិកនឹងបន្តធ្វើម្តងទៀត។ ទោះយ៉ាងណាក៏ដោយ មានសញ្ញាតិចតួចណាស់អំពី ការដឹងពីកំហុសរបស់ខ្លួន។ ផ្ទុយទៅវិញ មនុស្សជាច្រើននៅវ៉ាស៊ីនតោន កំពុងស្តីបន្ទោសជនជាតិអាហ្វហ្គានីស្ថានចំពោះការបរាជ័យដ៏មហន្តរាយនេះ ដោយចង្អុលជាពិសេសទៅ អំពើពុករលួយ។ ប៉ុន្តែអំពើពុករលួយទាមទារទាំងតម្រូវការនិងការផ្គត់ផ្គង់។ ប្រសិនបើសហរដ្ឋអាមេរិកមិនឈ្លក់វង្វេងជាមួយប្រាក់ដុល្លារទេនោះ អំពើពុករលួយក៏នឹងមិនកើតឡើងដែរ។

នៅក្នុងសៀវភៅឆ្នាំ ២០០៨ លោក Ghani និងសហអ្នកនិពន្ធ Clare Lockhart បានពិពណ៌នាគម្រោងមួយដែលបង្ហាញពីបញ្ហានៃជំនួយបរទេសជាច្រើន។ ទោះបីជាជំនួយនេះត្រូវបានផ្តល់ដោយទីភ្នាក់ងារនិងអង្គការមិនរកប្រាក់ចំណេញផ្សេងៗរបស់ UN ក៏ដោយប្រាក់ ប៉ុន្តែភាគច្រើនគឺបានមកពីសហរដ្ឋអាមេរិក។

លោកស្រី Lockhart បានជួបអ្នកភូមិម្នាក់នៅអាហ្វហ្គានីស្ថាន ដែលប្រាប់នាងពីរឿងរ៉ាវនៃប្រាក់ ១៥០ លានដុល្លារដែលបានក្លាយទៅជាផ្សែង។ នាងរៀបរាប់ពីបុរសនោះថា “យើងបាន ឮតាមវិទ្យុថានឹងមានកម្មវិធីកសាងឡើងវិញនៅក្នុងតំបន់របស់យើង ដើម្បីជួយយើងសាងសង់ផ្ទះ បន្ទាប់ពីត្រលប់មកពីការនិរទេសខ្លួនហើយយើងពិតជារីករាយណាស់”។

Lockhart បន្តរៀបរាប់ នេះគឺគឺជារដូវក្តៅឆ្នាំ២០០២។ ភូមិនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃខេត្ត Bamiyan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថានហើយត្រូវបានកាត់ផ្តាច់ទាំងស្រុងពីពិភពលោក។ ទីភ្នាក់ងារនិងអង្គការក្រៅរដ្ឋាភិបាលរបស់ UN បានប្រញាប់ប្រញាល់ផ្តល់គម្រោង “ផលប៉ះពាល់រហ័ស” ដើម្បីជួយពលរដ្ឋអាហ្វហ្គានីស្ថានបន្ទាប់ពីសង្គ្រាម។ លុយ១៥០លានដុល្លារនេះ អាចផ្លាស់ប្តូរជីវិតរបស់ប្រជាជននៅក្នុងភូមិនានាដូចភូមិនេះបាន។

ប៉ុន្តែវាមិនដូចអ្វីដែលយុវជននោះពន្យល់ទេ។ បន្ទាប់ពីរយៈពេលច្រើនខែមក មានរឿងតិចតួចណាស់បានកើតឡើង។ យើងប្រហែលជាមិនចេះអក្សរប៉ុន្តែយើងមិនល្ងង់ទេ។ ដូច្នេះយើងបានទៅរកមើលថាមានអ្វីកើតឡើង។ ហើយនេះគឺជាអ្វីដែលយើងបានរកឃើញ។ ប្រាក់ត្រូវបានទទួលដោយទីភ្នាក់ងារមួយនៅទីក្រុងហ្សឺណែវដែលបានយក ២០ ភាគរយហើយបានម៉ៅការបន្តទៅទីភ្នាក់ងារមួយទៀតនៅវ៉ាស៊ីនតោនឌីស៊ី ដែលបានយក ២០ ភាគរយដែរ។ ជាថ្មីម្តងទៀតវាត្រូវបានម៉ៅការបន្តហើយ ២០ ភាគរយទៀតត្រូវបានគេយកបាត់។ ហើយរឿងនេះបានកើតឡើងម្តងទៀតនៅពេលដែលប្រាក់ មកដល់ទីក្រុងកាប៊ុល។

ដូច្នេះវានឹងក្លាយជាកំហុសដ៏ធំមួយសម្រាប់ជនជាតិអាមេរិក ក្នុងការស្តីបន្ទោសជនជាតិអាហ្វហ្គានីស្ថានដែលជាជនរងគ្រោះនៃកំហុសដែលបានធ្វើនៅវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Foreign Policy

ចុចអាន៖ លោក ចូ បៃដិន ព្រមានថា ការវាយប្រហារមួយទៀតនៅ ព្រលានយន្តហោះក្រុង កាប៊ុល ជិតកើតឡើងហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម