Connect with us

អត្ថាធិប្បាយ

តើ​បត្យាប័ន​អាចធ្វើបាននៅពេលណា និងមិនអាចធ្វើបាននៅពេលណា?

បានផុស

នៅ

ថ្មីៗ​នេះ ​មាន​ការ​ចោទសួរ​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​បត្យាប័ន ដោយ​សារ​តែ​មាន​បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា ​ជា​ជនសង្ស័យ ហើយ​ជន​ជាប់​ចោទនេះ បាន​ចាកចេញ​ពី​ប្រទេសរបស់ខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេង​មួយ​ទៀត ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន និង​ការ​កាត់ក្ដី​ពី​តុលាការ ។ ស្របពេលជា​មួយ​គ្នា​នេះ យើង​សង្កេត​ឃើញ​ថា ​មាន​ប្រទេស​មួយ​ចំនួន​បាន​ចុះ​សន្ធិ​សញ្ញា​ជា​មួយ​គ្នា​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ធ្វើ​បត្យាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាដំបូងបំផុត យើងត្រូវស្គាល់សិនថា តើ​បត្យាប័ន​គឺ​ជា​អ្វី ? តើ​ជន​បែប​ណា​ខ្លះ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​បត្យាប័ន? ហើយ​ប្រទេស​ដែល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង ឬ​សន្ធិសញ្ញា​មាន​កាតព្វកិច្ច​ត្រូវ​តែ​គោរព​លើ​បត្យាប័ន ​ឬ​យ៉ាងណា? បត្យាប័ន គឺ​ជានីតិវិធីនៃ​ការ​ប្រគល់​ខ្លួន​បុគ្គល​ម្នាក់​ដោយ​រដ្ឋ (រដ្ឋ​ដែល​ត្រូវ​បាន​ស្នើសុំ) ទៅ​ឱ្យ​អាជ្ញាធរ​របស់​រដ្ឋ​មួយ​ផ្សេង​ទៀត (រដ្ឋ​ដែល​បាន​ធ្វើ​ការ​ស្នើ​សុំ)ក្នុង​គោល​បំណង​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ឬ​ការ​អនុវត្តការ​កាត់​ទោស។

ទោះបី​ជា​ច្បាប់​អន្តរជាតិ មិន​បាន​ផ្ដល់​កាតព្វកិច្ច​ឲ្យ​រដ្ឋ​ធ្វើ​បត្យាប័ន​ក៏ដោយ ក៏សន្ធិសញ្ញា​គំរូ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ធ្វើបត្យាប័ន (សន្ធិ​សញ្ញា​គំរូ​របស់ អ.ស.ប) បាន​ចែង​អំពី​គំរូ​សម្រាប់​ច្បាប់​ជាតិ និង​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បត្យាប័ន ព្រម​ទាំង មាន​បំណង​ចែង​អំពី​ប្រ​ទេស​ដែល​មាន​មូលដ្ឋាន​បែបនេះ ដើម្បី​ធានា​ថា​ ដំណើរការ​នៃ​ការ​ធ្វើ​បត្យាប័នឆ្លុះ​បញ្ចាំង​អំពី​កាត​ព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ។

មាត្រា៣នៃសន្ធិសញ្ញា​គំរូ​របស់​អង្គការ​សហប្រជាជាតិស្ដីពី​ការ​ធ្វើបត្យាប័ន បានចែង​ថា ​ការ​ធ្វើ​បត្យាប័ន​មិន​ត្រូវ​បាន​អនុញ្ញាត ប្រសិន​បើ​បុគ្គល​ដែល​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​បត្យាប័ន អាច​ពាក់ព័ន្ធ​នឹង​ការ​ដាក់ទណ្ឌកម្ម ហើយ​ការ​ធ្វើ​បត្យាប័ន​អាច​នឹង​ត្រូវ​បាន​បដិសេធ ប្រសិន​បើ​រដ្ឋ​ដែល​ត្រូវ​បាន​ស្នើសុំ ចាត់​ទុក​ថា ​បទល្មើស​ដែល​ត្រូវ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​បត្យាប័ន មាន​ពាក់ព័ន្ធ​នឹង​នយោបាយ ឬ​យោធា ។ រដ្ឋ​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​បត្យាប័ន ត្រូវ​បដិសេធ​សំណើសុំ​ធ្វើ​បត្យាប័ន ប្រសិន​បើ​រដ្ឋ​ដែល​ធ្វើការ​ស្នើសុំ មាន​ការ​កាត់ទោស​ប្រហារជីវិត​ចំពោះ​បទល្មើស លុះត្រាតែ​មាន​ការធានា​ថា ​នឹង​មិន​មាន​ការអនុវត្ត​ការ​កាត់​ទោស​ប្រហារជីវិត។ ក្នុង​ករណីបែបនេះ សេចក្ដី​សម្រេច​ថា ​មិន​ធ្វើ​បត្យាប័ន​មាន​លក្ខណៈ​ស្រប​ច្បាប់។

ប្រទេស​ខ្លះ ព្រម​ធ្វើ​បត្យាប័ន ដោយ​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​ទេតាម​គោលការណ៍​បដិការ។ នេះ​ប្រកាន់​យក​ភាគ​ច្រើន​ដោយ​រដ្ឋ​នៃ​ប្រព័ន្ធ​ស៊ីវិល( Civil Law ) ។ រដ្ឋ​ក្រុម​នេះ ជា​ទូទៅ​មិន​ធ្វើ​បត្យាប័ន​ជនជាតិ​ខ្លួន​ទេ ដែល​តម្រូវ​ឲ្យ​មានយុត្តាធិការ​ទូលាយសម្រាប់​កាត់ទោស​ប្រជាពលរដ្ឋ​ខ្លួន ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ក្រៅ​ប្រទេសតាម​គោលការណ៍។ ការ​ធ្វើ​បត្យាប័ន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចែង​ក្នុង​មាត្រា ៣៣ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ និរទេស ឬ​ចាប់ខ្លួន​ទៅ​ឱ្យ​ប្រទេស​ណា​មួយ​ឡើយ លើកលែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក”។

ក្នុង​ដំណើរ​ការ​បត្យាប័ន រដ្ឋ​នៃ​ប្រព័ន្ធ​ស៊ីវិល ទាមទារ​តែ​ឯកសារ​គាំទ្រ​មួយ​ចំនួន ខុស​គ្នា​នឹង​ប្រទេស​នៃ​ប្រព័ន្ធ​កុំមុនឡ (Common Law) ដែល​ទាមទារ​នូវ​កម្រិត​ភស្តុតាង​បង្ហាញ​ថា បុគ្គល​ដែល​គេ​ចង់​បាន បាន​ប្រព្រឹត្តិ​បទល្មើស។ បន្ថែម​ពី​លើ​នេះ ប្រទេស​កុំមុនឡ ប្រកាន់​យក​យុត្តាធិការ​ចង្អៀត មាន​សមត្ថកិច្ច​កាត់​ទោស​តែ​បទល្មើស​កើត​ក្នុង​ដែនដី​ខ្លួន។ ម្ល៉ោះ​ហើយ ការ​ធ្វើ​បត្យាប័ន​ទៅ​រួច ជា​ទូទៅ​លុះ​ត្រា​មាន​កិច្ចព្រមព្រៀង។ ទោះបី​ជា​យ៉ាង​នេះ​ក្តី កាតព្វកិច្ច​បត្យាប័ន ទោះបី​ក្នុង​សន្ធិសញ្ញា​ពហុ ឬ​ទ្វេភាគី មិន​មាន​ភាព​ដាច់ខាត​ទេ។ អនុសញ្ញា ​ស្ដីពី​ការ​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម មាត្រា ៧ ចែងថា រដ្ឋ បើ​មិន​ធ្វើ​បត្យាប័ន ត្រូវ​កាត់​ទោស​ជនល្មើស​ដោយ​តុលាការ​ខ្លួនឯង ។


ការ​ធ្វើ​បត្យាប័ន ទាមទារ​នូវ​ការ​គោរព​គោលការណ៍​ចម្បង​ ដូច​ជា​ការ​តម្រូវ​ថា បទល្មើស​ទោះ​មាន​ឈ្មោះ​ខុសគ្នា​ក្ដី ត្រូវ​តែ​ជា​បទល្មើស​ចែង​ក្នុង​ច្បាប់​របស់​ប្រទេស​ទាំង​ពីរ (វា​អាច​ប្រែប្រួល​តាម​កំណត់​ច្បាប់ ឬ​សន្ធិសញ្ញា​នីមួយៗ​តម្រូវ)។ ដូច​បាន​បញ្ជាក់​ខាងលើ កាតព្វកិច្ច​ធ្វើ​បត្យាប័ន​មិន​ដាច់​ខាត​ទេ ។ វា​មាន​កម្រិត​ដែល​នាំ​ឱ្យ​មាន​ការ​បដិសេធ​បាន។ មូលដ្ឋាន​បដិសេធ​មាន​២​គឺ ដាច់ខាត និង​មិនដាច់ខាត។ ដាច់ខាត គឺ​រាប់បញ្ចូល​នូវ​ការ​ហួស​ថេរវេលា​នៃ​ការ​ចោទ​ប្រកាន់ និង​មិន​ដាច់ខាត គឺ​ការ​វិនិច្ឆ័យ​សេចក្ដី​នៅ​ក្នុង​រដ្ឋ​ស្នើសុំ ដោយ​គ្មាន​វត្តមាន​របស់​ជនល្មើស។ មូលហេតុ​មួយ​ចំនួន ទទួល​ឥទ្ធិពល​ពី​ការ​លើក​កម្ពស់ ឬ​ការពារ​សិទ្ធិមនុស្ស និង​អធិបតេយ្យ​ភាព​របស់​រដ្ឋ មាន​ដូចជា ការ​បញ្ជូន​ទៅ​រង​នូវ​ការ​ប្រហារ​ជីវិត អំពើ​ទារុណកម្ម​ក្រោយ​ពេល​បញ្ជូន​ទៅ។ រដ្ឋ​ទទួល ​មិន​ត្រូវ​ចោទ​ប្រកាន់​ជនល្មើស ក្រៅ​ពី​បទល្មើស មាន​ចែង​ក្នុង​សំណើ​បត្យាប័ន ហើយ​បើ​ចង់​ធ្វើ​ត្រូវ​សុំ​ការ​អនុញ្ញាត​រួច​បញ្ជូន។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​បត្យាប័ន​នៅ​កម្ពុជា ត្រូវ​អនុវត្ត​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ២០០៧ និង​សន្ធិសញ្ញា​ធ្វើ​បត្យាប័ន​ទ្វេភាគី។ ទោះបី​យ៉ាងណា​ក៏​ដោយ ច្បាប់​ស្ដីពី​ការ​ធ្វើ​បត្យាប័ន​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​លក្ខណៈ​ជាក់​លាក់​នៅ​ត្រង់​ចំណុច​មួយ​ចំនួន និង​មាន​ភាព​ខ្វះ​ចន្លោះ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ដោយ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​អនុវត្តន៍​ច្បាប់។ កម្ពុជា ​មាន​សន្ធិសញ្ញា​បត្យាប័ន​ជា​មួយ​រដ្ឋ​មួយ​ចំនួន ដូចជា ចិន ឡាវ កូរ៉េខាងត្បូង និង​វៀតណាម​រួច​មក​ហើយ។ បច្ចុប្បន្ន​កម្ពុជា ​កំពុង​ត្រៀម​ធ្វើ​បត្យាប័ន​ជា​មួយ​ប្រទេស​បារាំង​នា​ពេល​ខាងមុខនេះ ។ កន្លង​មក​កម្ពុជា​ បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ផ្ទេរ​ទណ្ឌិត នឹង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​យុត្តិធម៌​ព្រហ្មទណ្ឌ ដូចជា​ការ​ជួយ​ប្រមូល​ភស្តុតាង​ជាដើម។ កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ៕

ដោយ ៖ សេម វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម