Connect with us

កូវីដ-១៩

ត្រឹមតែ​រយៈពេល​៥​ថ្ងៃ ចាក់​បាន​ជិត​២០​ម៉ឺន​នាក់ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​

បានផុស

នៅ

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​កាលពី​យប់មិញ​ថា រយៈពេល​៥ ថ្ងៃ​(​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​ឧសភា​) នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម នៅ​រាជធានី​ភ្នំពេញ ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៩៦,០៦៦​នាក់ ក្នុងនោះ​ស្ត្រី​១០២,៣៣៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម បាន​ចំនួន​៤៨,៨៤៨​នាក់ ក្នុងនោះ​មាន​នារី​២៥,៣៨១​នាក់ ហើយ​តាម​ផែនការ ក្រសួងការពារជាតិ នឹង​ខិតខំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​តំបន់​ក្រហម រហូត​បាន​រួចរាល់​។​

​ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ទាំងអស់ កុំ​មានការ​ព្រួយបារម្ភ​ខ្លាច​អស់​វ៉ាក់សាំង ឬ​មិនបាន​ចាក់​វ៉ាក់សាំង គឺ​រាជរដ្ឋាភិបាល​បាន​ត្រៀម​វ៉ាក់សាំង​រួចរាល់​ហើយ ដើម្បី​ផ្តល់​ជូន​បងប្អូន​ក្នុង​យុទ្ធនាការ​នេះ ហើយ​សូម​បងប្អូន​អនុវត្ត​តាម​វិធានការ​សុខាភិបាល និង​ចៀសវាង​បង្ក​ភាព​កកកុញ​។​

​សូមបញ្ជាក់ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ក្រហម នឹងធ្វើ​រហូត​អស់​។ សម្ដេច​បន្តថា សម្រាប់​នៅ​តំបន់​ក្រហម កន្លងទៅ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​បញ្ជូន​វ៉ាក់សាំង​ចំនួន​៩០ ម៉ឺន​ដូ​ស ជូនទៅ​កងយោធពល​ខេមរភូមិន្ទ ដែល​ត្រូវ​ចូលទៅ​ចាក់​នៅ​តំបន់​ក្រហម ហើយ​ចំនួន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​រហូត​ជាង​៥២ ម៉ឺន​នាក់ ប៉ុន្តែ​ទោះបីជា​ចំនួន​វ៉ាក់សាំង​មិន​គ្រប់​ទៅតាម​ចំនួន​ប្រជាពលរដ្ឋ​ក៏ដោយ ក៏​មិន​ដើរចោល​ប្រជាពលរដ្ឋ​នោះទេ ពីព្រោះ​នៅ​ថ្ងៃទី​១១ ខែឧសភា ខាងមុខ វ៉ាក់សាំង នឹង​មកដល់​៥០ ម៉ឺន​ដូ​ស ហើយ​ថ្ងៃទី​១៥ និង​មកដល់​៥០ ដូ​ស​ទៀត ដូច្នេះ​នឹង​ចាក់​រហូត​អស់​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​មូលហេតុតំបន់ក្រហមនៅតែក្រហម ទោះបីបានបិទខ្ទប់៣សប្ដាហ៍មកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម