កូវីដ-១៩
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ យើងនឹងវិលទៅរកការបិទខ្ទប់ បើការចម្លងរាលដាលធំធេង
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានលើកឡើងថា ករណីឆ្លងថ្មីនៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងខែឧសភានេះ មានចំនួនខ្ពស់ជាងតួលេខក្នុងខែមេសា កាលរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តវិធានការបិទខ្ទប់ដំបូងនៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលទៅទៀត ដែលការណ៍នេះអាចនឹងឈានទៅរកការបិទខ្ទប់ឡើងវិញ បើជំងឺមានការចម្លងរាលដាលធំធេង។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ជុំវិញការបិទខ្ទប់ឡើងវិញនោះ គឺអាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ។
លោកស្រី បានបញ្ជាក់ថា៖ “ជាធម្មតា កាលណាមានករណីឆ្លងច្រើននោះ ចង់មិនចង់គឺត្រូវតែប្រើវិធានការបិទខ្ទប់ហើយ បើមិនបិទខ្ទប់ទេ ការចម្លងនោះនឹងរាលដាលធំធេង ហើយយើងមិនអាចរ៉ាប់រងបានទេ។ បើយើងមិនអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាទេ នោះនឹងអាចចូលក្នុងសភាពមួយ “បិទបើកៗ”។ បិទអ៊ីចឹងទៅ ធូរស្រាលបន្តិចទៅក៏បើក លុះពេលបើកវិញ យើងអនុវត្តវិធានការអត់បានត្រឹមត្រូវ ដូចជាភ្លេចខ្លះ ធ្វេសប្រហែសខ្លះ នាំឱ្យការចម្លងរាលដាលឡើងវិញ ដែលនាំឱ្យបិទវិញ”។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសមួយចំនួនបានបិទខ្ទប់ទៅដល់៣ដង ៤ដង ឬប្រទេសខ្លះមានការបិទទៅដល់១ឆ្នាំក៏មាន ដោយសារការឆ្លងធំពេក មិនអាចរ៉ាប់រងបាន។
លោកស្រី មានប្រសាសន៍ថា៖ “អ៊ីចឹង បើយើងមិនចង់ឆ្លងកាត់ដំណាក់កាលលំបាកបែបនោះទេ យើងត្រូវតែចេះស៊ូទ្រាំនៅក្នុងដំណាក់កាលនេះ ហើយរួចចំណែកទាំងអស់គ្នា ដើម្បីធ្វើម៉េចឱ្យតួលេខនៃការឆ្លងនេះថយចុះ ដែលនេះជាការណ៍សំខាន់”។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា៖ “ប្រសិនបើយើងមិនចង់ឱ្យមានការវិលត្រឡប់នៃការបិទខ្ទប់ឡើងវិញទេ ជាការចាំបាច់ណាស់ត្រូវតែអនុវត្តវិធានការ៣កុំ៣ការពារ ហើយត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ការបើក ជំនួញអាជីវកម្ម ការបើកលក់ដូរអ្វីត្រូវចាត់ចែងរៀបចំឱ្យបានត្រឹមត្រូវ មិនអាចអនុវត្តការរស់នៅរបស់យើងដូចកាលមិនទាន់់មានវត្តមានជំងឺកូវីដ១៩នោះទេ បើយើងអនុវត្តបែបនោះមានន័យថា ការចម្លងនៅតែមាន មានហើយច្រើនទៀត នោះយើងនឹងវិលទៅរកការបិទខ្ទប់”។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានចំនួនច្រើនជាងករណីឆ្លងក្នុងខែមេសាដែលមានការបិទខ្ទប់ដំបូង ចំនួន ៥,៧១៨ករណី ដោយក្នុងខែមេសាមានត្រឹម ១០,៩៧៤ករណី ចំណែកចុងខែឧសភានេះ មានចំនួនរហូតដល់ ១៦,៦៩២ករណី។
គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ៣០,០៩៤នាក់ អ្នកជាសះស្បើយ ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤ករណី៕
អត្ថបទ៖ ច័ន្ទ វីរៈ
ព័ត៌មានពាក់ព័ន្ធ៖ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ និងសរុបក្នុងខែឧសភា ច្រើនជាងខែមេសាដែលមានការបិទខ្ទប់ ជាង ៥,៧០០ករណី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ