Connect with us

កូវីដ-១៩

អគ្គនាយកដ្ឋានពន្ធនាគារ ទទួលវ៉ាក់សាំង ៦,០០០ដូស សម្រាប់ចាក់ជូនទណ្ឌិត

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទទួលវ៉ាក់សាំង ៦,០០០ដូស ពីក្រសួងសុខាភិបាល ដោយគ្រោងនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ទៅដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារដែលប្រឈមការឆ្លងកូវីដ-១៩ខ្ពស់។

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ៦,០០០ដូស ដល់អគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់ចាក់ជូនអ្នកកំពុងជាប់ឃុំនៅតាមពន្ធនាគារដែលកំពុងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ដូចជាអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារនៅខេត្តកំពង់ស្ពឺជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សវនា មានប្រសាសន៍ថា៖ “ខ្ញុំទើបទទួលព័ត៌មានពីសុខាភិបាលមកថា គាត់នឹងផ្ដល់ អាស្ត្រាសេណេកា ៦,០០០ដូស សម្រាប់ចាក់ជូនជនជាប់ឃុំ។ ទីតាំងយើងកំពុងតែរៀបចំហើយតាមផែនការ ទីតាំង និងកន្លែងប្រឈម កណ្ដាល និងកំពង់ស្ពឺ កន្លែងសំខាន់ដែលយើងផ្ដោត។​ ពន្ធនាគារខេត្តព្រះសីហនុ យើងចាក់ស៊ីណូវ៉ាក់​ ដូសទី២ហើយ”។

លោកមានប្រសាន៍បញ្ជាក់ប្រាប់ កម្ពុជាថ្មី បន្ថែមថា មន្ត្រីពន្ធនាគារយើងចាក់អស់ហើយ ដូសទី២បានជិតគ្រប់គ្នាហើយ លើកលែងតែអ្នកមានបញ្ហាសុខភាព។

លោកមានប្រសាសន៍ថា៖ “ចំពោះជនជាប់ឃុំ យើងចាក់បានជាង១ម៉ឺននាក់ហ្នឹង បូកទាំងពន្ធនាគារខេត្តព្រះសីហនុ។ ហើយចំពោះខាងខេត្តកំពតអីជាដើមហ្នឹង ប្រហែលជាមានផែនការដែរ ខេត្តដែលផ្ទុះខ្លាំងក្នុងសហគមន៍ ព្រោះកំពត មួយរយៈចុងក្រោយនេះមានផ្ទុះច្រើន អ៊ីចឹងយើងប្រុងប្រយ័ត្ន”។​​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរូបនេះ បានថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពពលរដ្ឋទាំងអស់ មិនថាអ្នកនៅក្នុងសហគមន៍ ឬក៏នៅក្នុងពន្ធនាគារ។

លោក នុត សវនា មិនទាន់អាចបញ្ជាក់ចំនួនករណីវិជ្ជមានកូវីដ-១៩ក្នុងពន្ធនាគារនៅឡើយទេ ប៉ុន្តែអះអាងថា ស្ថានភាពនៃការឆ្លងជំងឺកូវីដនៅក្នុងពន្ធនាគារមកដល់ពេលនេះ មានការថយចុះខ្លាំង និងអាចគ្រប់គ្រងបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម