Connect with us

កូវីដ-១៩

ផ្ទុះជំងឺកូវីដ-១៩នៅស្ទឹងត្រែង ភាគច្រើន ចេញពីអាហារដ្ឋាន និងម្ចាស់ហាងលួចបើកខារ៉ាអូខេ ផ្ទុយវិធានសុខាភិបាល

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលឆ្លងកូវីដ-១៩ ចំនួន ១៦នាក់បន្ថែមទៀត គិតត្រឹមម៉ោង៥រសៀល ថ្ងៃទី០១ កក្កដា ឆ្នាំ២០២១នេះ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីផ្ទុះជំងឺកូវីដ-១៩ ភាគច្រើនចេញពីអាហារដ្ឋាន ភោជនីយដ្ឋាន ដែលម្ចាស់ហាងលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីវិធានសុខាភិបាល ធ្វើឱ្យបុគ្គលិកបម្រើការងារក្នុងនោះ ឆ្លងមេរោគកូវីដ-១៩ ក្នុងមួយកន្លែងៗ មួយថ្ងៃរកឃើញអ្នកឆ្លងមិនក្រោម៣០នាក់នោះទេ និងបន្តចម្លងដល់ភ្ញៀវប្រុសៗថែមទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីផ្ទុះជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ចំហាយនៃការឆ្លងបានរីករាលដាល ប៉ះពាល់ផ្ទាល់ និងប្រយោល បាន និងកំពុងរីករាលដាលក្នុងខេត្ត និងទីជនបទមួយចំនួន រហូតត្រូវបានបិទខ្ទប់ភូមិផងដែរ។ ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២៤ ខែមិថុនា ដែលមានការផ្ទុះចេញពីអាហារ ដ្ឋានភោជនីយដ្ឋាន ជាច្រើនកន្លែង និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាច្រើននាក់រហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ នៅតែបន្តរកឃើញជារៀងរាល់ថ្ងៃ។ 

រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សាធារណជន​ ដែល​បាន​បប៉ះពាល់ផ្ទាល់​ជាមួយអ្នកឆ្លងកូវីដ-១៩ មេត្តារួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ​ ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​យក​សំណាក​វិភាគ។ ចំណែកអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ ថ្ងៃ ហើយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ។ ក្នុងពេលធ្វើចត្តាឡីស័ក បើមានសុខភាព​ប្រែប្រួល ដូចជាឡើង​កម្ដៅ​លើសពី​៣៧ អង្សា​សេ​ ក្អក ស្ងួតបំពង់ក កណ្ដាស់ ហៀរ​សំបោរ ឈឺ​បំពង់ក មាន​កំហាក ថប់ដង្ហើម ត្រូវ​ប្រញាប់​ធ្វើការទំនាក់ទំនងទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ ឬ​មន្ទីរពេទ្យ​ខេត្ត ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ឃុំ សង្កាត់​ និង​អាជ្ញាធរ​មូលដ្ឋាន​ជាដើម។

គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងកូវីដ-១៩ មានចំនួន២៨០នាក់ ស្រី១៣២នាក់ ជាសះស្បើយ១៦នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៦៤នាក់ ស្រី១២៥នាក់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម