Connect with us

កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារបញ្ចុះ​សពអ្នកជំងឺកូវីដ-១៩ ប្រសិនមានការស្នើសុំនិងអនុវត្តតាមវិធានសុខាភិបាល

បានផុស

នៅ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតអោយក្រុមគ្រួសារសាច់ញាតិ បងប្អូនរបស់សពអ្នកជំងឺកូវីដ-១៩ អាចយកសពទៅបញ្ចុះបាន ប្រសិនបើមានការស្នើសុំ និងមានការគោរពតាមបច្ចេកទេសសុខាភិបាលត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េត មាសភក្តី បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកកិច្ចប្រជុំពិភាក្សាលំអិតលើការងារនេះបន្ថែមទៀត ដើម្បីឱ្យការអនុវត្តមានសុវត្ថិភាព បញ្ចៀសហានិភ័យ មិនឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមរំឭកថា ដោយសារទីតាំងបូជាសពអ្នកជំងឺកូវីដ១៩ ដែលរៀបចំនៅក្នុងខេត្តកំពង់ស្ពឺ មិនទាន់មានការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ចំពោះមុខបច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ជួសជុលម៉ាស៊ីនបូជាសពដោយ​ចរន្តអគ្គីសនីសម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ នៅវត្តចំនួន៣ ហើយក្នុងសប្តាហ៍នេះម៉ាស៊ីនបូជាសពដោយចរន្តអគ្គីសនី២គ្រឿងបន្ថែមទៀតនឹងដឹកមកដល់រាជធានីភ្នំពេញផងដែរ។

កាលពីថ្ងៃទី១១ ខែកក្កដា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ឱ្យ​យក​ចិត្តទុកដាក់បន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ ដោយពុំអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យគ្រប់សាកសពអ្នកជំងឺកូវីដ-១៩ឡើយ។

សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ទៅក្នុងមឈូសមុនយកទៅបូជាឬបញ្ចុះ។

ដើម្បីសុវត្ថិភាព ឯកឧត្តមក្រសួងសុខាភិបាល ក៏បានណែនាំ អោយអ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងដាក់លើទីតាំងបូជា ឬអ្នកសែងមឈូសយកទៅបញ្ចុះត្រូវពាក់សម្ភារៈការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ។

ដោយឡែក ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួនមិនឱ្យ​លើស​ពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១.៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ​ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ។ អត្ថបទ៖ ពុធិកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម