Connect with us

កូវីដ-១៩

វិធានការទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី “ដែលតា” ចូលសហគមន៍កម្ពុជា

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា វីរុសកូវីដ-១៩ ប្រភេទ “ដែលតា” (Delta) ដែលបានរកឃើញនៅកម្ពុជា គឺជាការនាំចូល ដោយមិនទាន់មានការឆ្លងក្នុងសហគមន៍ទេ ដូចនេះត្រូវមានវិធានការតឹងរឹងដើម្បីគ្រប់គ្រងមិនឱ្យប្រភេទវីរុសចម្លងលឿននេះសាយភាយក្នុងសហគមន៍កម្ពុជា ដូចប្រទេសដទៃដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងបែបនេះ នៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលបានបញ្ជាទិញពីចិន ចំនួន ១លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា៖ “នេះជាអ្វីដែលជាវិធានការចាំបាច់ដែលយើងត្រូវគ្រប់គ្រងបន្តទៀត។ ដូចនេះការពាក់ម៉ាសឱ្យបានត្រឹមត្រូវ គឺមិនមែនពាក់តែលើចង្កាទេ លាងដៃឱ្យមានញឹកញាប់ ត្រូវរក្សាគម្លាតនេះសំខាន់ណាស់។ ព្រោះវីរុសគឺដូចៗគ្នា តែ “ដែលតា” មានភាគរយចម្លងលឿន”។

ទាក់ទងទៅនឹងវិធានការទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ប្រភេទ “ដែលតា” ចូលកម្ពុជា ទន្ទឹមពេលប្រទេសជិតខាង កំពុងផ្ទុះរីករាលដាលខ្លាំងនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មានប្រសាសន៍ថា កម្ពុជាមានអនុគណៈកម្មការគ្រប់គ្រងការធ្វើចត្តាឡីស័កទប់ស្កាត់ការនាំចូលតាមព្រំដែន ហើយអនុវត្តការធ្វើតេស្តរហ័ស គឺឱ្យតែអ្នកចូលប្រទេសកម្ពុជានឹងធ្វើតេស្តរហ័ស ហើយញឹកញាប់ទៀត ៤ ទៅ ៥ថ្ងៃ ឬមួយសប្ដាហ៍ ធ្វើតេស្តម្ដង។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បញ្ជាក់ទៀតថា៖ “ធ្វើតេស្តរហ័សពួកគាត់ម្ដង កំឡុងពេលធ្វើចត្តាឡីស័កតាមព្រំដែន ហើយរក្សាការតាមដានជាប្រចាំចំពោះអ្នកធ្វើដំណើរចូលមកកម្ពុជា។ នៅពេលគាត់បញ្ចប់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅព្រំដែន និងមុនពេលពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩បន្តទៀត​ ដើម្បីប្រាកដប្រជាថា ពួកគាត់អត់មានមេរោគដែលអាចចម្លងចូលសហគមន៍នោះទេ”។

គួរបញ្ជាក់ថា កម្ពុជា​​បាន​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា «Delta» ចំនួន​៧៥ករណី ដែល​សុទ្ធសឹង តែជាករណីនាំចូលពីប្រទេសថៃតាមរយៈពលករខ្មែរវិលមកកម្ពុជាតាំងពី​ចុងខែមីនាមក។ ក្នុងនោះរកឃើញអំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ និងថ្ងៃទី១៦កក្កដារកឃើញចំនួន៣៧នាក់។

ប្រឈមនឹងកំណើននៃ​ប្រភេទវីរុសកូវីដ-១៩ទាំងនេះ​ ជាពិសេស “ដែលតា​” ដែលពិភពលោកទាំងមូលបានចាត់ទុកថា មានការឆ្លងលឿនខ្លាំង​ និងកាចសាហាវបំផុតនោះ ក្រសួងសុខាភិបាលកម្ពុជា​បន្តទទូចឱ្យពលរដ្ឋត្រូវតែ​រួមគ្នាប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ពស់បំផុត និងដោយទទួលខុសត្រូវ។

មិនត្រឹមតែកម្ពុជាទេ វីរុសបំប្លែងខ្លួននេះ បានបង្កឲ្យមានក្តីព្រួយបារម្ភជាសកល បន្ទាប់ពីត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង១០០ហើយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម