Connect with us

កូវីដ-១៩

ប្រធានមន្ទីរអប់រំរាជធានី បង្ហាញលម្អិត ពីករណីរកឃើញ អូមីក្រុង ក្នុងសាលាឯកជនមួយ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ១៣ ខែមករានេះ ថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី ១ មានទីតាំងនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញ សិស្សម្នាក់វិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ព្រមទាំងគ្រូម្នាក់ និងសិស្ស ៧ នាក់ទៀត ក៏រកឃើញវិជ្ជមានកូវីដ-១៩ ដែរ ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុង នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា កាលពីចុងសប្ដាហ៍ថ្ងៃទី ៩ ខែមករាកន្លងទៅ សិស្សថ្នាក់ទី ៨ ម្នាក់នោះមានអាការៈផ្ដាសាយគួរឱ្យសង្ស័យ ហើយគ្រួសារបានយកទៅធ្វើតេស្ត ក៏រកឃើញមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង។ អាណាព្យាបាលសិស្សក៏បានជូនដំណឹងមកសាលា ហើយសាលាបានធ្វើតេស្តវីរុសកូវីដ-១៩ ដល់គ្រូ និងសិស្សដែលបានមកបង្រៀន និងរៀនទាំងអស់ចំនួន ១៩៧ នាក់ ក្នុងនោះមានស្តី ៩៥នាក់ ដោយសិស្សមានចំនួន ១៨៥ នាក់ ស្រីមានចំនួន ៩១ នាក់។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បានបន្តថា ជាលទ្ធផល បានរកឃើញ លោកគ្រូម្នាក់ និង សិស្ស ៧ នាក់ ក្នុងនោះមានស្រី ២ នាក់ វិជ្ជមានកូវីដ-១៩ បន្ថែមទៀត ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុងទេ។

លោក ហែម ស៊ីណារ៉េត បញ្ជាក់ថា បច្ចុប្បន្ន សិស្សដែលមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង កំពុងសម្រាកព្យាបាលនៅ ស្ដាតអូឡាំពិក ដោយមានស្ថានភាពសុខភាពធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរ ឬគួរឱ្យកត់សម្គាល់ទេ។
ទាក់ទងទៅនឹងប្រភពនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុម មកកាន់សិស្សខាងលើ លោកប្រធានមន្ទីរអប់រំ មិនទាន់ទទួលបាននៅឡើយទេ ដោយក្រុមការងារកំពុងស្រាវជ្រាវបន្ត។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្ថែមថា បន្ទាប់ពីរកឃើញគ្រូ និងសិស្សមានវិជ្ជមានកូវីដ-១៩ សាលាបានសម្រេចឱ្យគ្រូ និងសិស្សសម្រាកព្យាបាល និងរៀនតាមអនឡាញរហូតដល់ជាសះស្បើយ ហើយថ្នាក់ដែលសិស្សមានវីរុសកូវីដ-១៩ ទាំងអស់ ត្រូវប្ដូរមករៀនតាមប្រព័ន្ធអេឡិចត្រូនិកវិញរយៈពេល ២ សប្ដាហ៍។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារកឃើញអូមីក្រុងជាង ២០០ ករណីហើយ ទាំងនាំចូល និងឆ្លងក្នុងសហគមន៍។ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញមុននេះបានបង្ហាញថា កម្ពុជាបានរកឃើញអ្នកជំងឺអូមីក្រុងក្នុងសហគមន៍ សរុបចំនួន ២៨ ករណី ដោយ ១២ ករណី ជាករណីថ្មីទើបរកឃើញចុងក្រោយ គិតត្រឹមថ្ងៃទី ១២ ខែមករានេះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម