Connect with us

ជីវិតកម្សាន្ដ

ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ លើកទឹកចិត្តឲ្យអ្នកសិល្បៈយោគយល់អធ្យាស្រ័យគ្នារាប់អានគ្នា

បានផុស

នៅ

លោក រិ​ន កវី ដែលជា​ស្ថាបនិក​នៃ​ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា​៖ ក្រុម​របស់ខ្ញុំ បង្កើត​តាំងពី​ឆ្នាំ​២០១៥ ហើយ​តាំងពី​កកើត​ក្រុម​រហូតដល់​សព្វថ្ងៃ គឺ​ខ្ញុំ​ជា​អ្នក​បង្ហាត់បង្រៀន​តែម្នាក់ឯង តែ​ខ្ញុំ​មាន​ស្គាល់​លោកគ្រូ​នៅ​ខាង​ភ្នំពេញ​ខ្លះ និង​ខាង​សៀមរាប​បាន​សុំ​រៀន​ពី​តិចនិក​ខ្លះៗ​តាម​(Facebook ) ក្នុងនោះ​មាន លោកគ្រូ កិ ស្រុក​ពួក​(​តិចនិក​ស្រឡៃ​)​លោកគ្រូ កែវ ប្រសិទ្ធី​(​ខាង​ឯកសារ និង​តុង​សំឡេង) លោកគ្រូ កែវ សុន្ទ​នក​វី (​បច្ចេកទេស​របៀប​គោះ​រនាត និង​ទ្រឹស្ដី​ខ្លះៗ​ពី​ភ្លេង​) លោកគ្រូ កែវ ដូលី​វណ្ណ (​តិចនិក​ដង្ហើម ឧបករណ៍​ផ្លុំ​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ភ្លេងពិណពាទ្យ ដែល​ត្រូវបាន​មនុស្ស​មួយ​ភាគ​តូច​ហៅថា​ភ្លេង​សៀម​វិញ តំណាង​ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ ក៏បាន​បន្តទៀតថា​៖ នេះ​ជា​អ្វីដែល​ខ្ញុំ​តែង​ឮ​ព្រោះថា ខេត្ដ​ខ្ញុំ​ជាប់​ថៃ​ផង ខ្ញុំ​សែន​ស្រណោះ​វង់ភ្លេង​ពិណពាទ្យ​យើង​ណាស់ តែ​ខ្ញុំ​តែង​ពន្យល់​ដោយ​សុជីវធម៌ ដល់​ពួកគាត់ ហើយ​ដោយសារតែ​ឮ​ពាក្យ​នេះ បានជា​ខ្ញុំ​ខំប្រឹង​បង្រៀន បង្កើតជា​ក្រុម​ភ្លេងពិណពាទ្យ​ឡើង ដើម្បី​ឲ្យ​ក្មេងៗ ពិសេស​យុវជន​ក្នុង​ខេត្ដ​បាន​ស្គាល់ ហើយ​ជួយ​ខ្ញុំ​លុបបំបាត់​ឈ្មោះ ថា​ភ្លេង​សៀម​នេះ​ចេញ ព្រោះ​ណាមួយ​ជាប់​ព្រំដែន​ថៃ​ផង​។

​​យើង​ដឹង​ហើយ​ថា ភាគច្រើន​នៃ​ទស្សនីយភាព​របាំ ពិធី​បុណ្យទាន ឬ​មហោស្រព​ផ្សេងៗ សុទ្ធតែ​ត្រូវការ​វង់ភ្លេង​ពិណពាទ្យ​។ សម្រាប់​ចំណាប់អារម្មណ៍​លោក រិ​ន កវី ផ្ទាល់ ជឿជាក់ថា​វា​នឹង​បាត់បង់​ទេ​ព្រោះ​ជា​ភ្លេង​របស់​ខ្មែរ កូន​ខ្មែរ​យើង​នៅតែមាន​និស្ស័យ​នឹង​ភ្លេង​នេះ ហើយ​ឈាមជ័រ​ខ្មែរ​យើង ​គឺមាន​ការស្រឡាញ់​ជា​តំណពូជ​។​

​បច្ចុប្បន្ន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ គឺជា​បេក្ខជន​ប្រកួត​នៅក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ដែលមាន​សមត្ថភាព​ឆ្នើម ឆ្ពោះ​មកកាន់​វគ្គ​ជម្រុះ​ចុងក្រោយ​។ ការ​ជម្រុះ​ពីមួយ​វគ្គ​ទៅមួយ​វគ្គ កាន់តែ​ស្វិតស្វាញ​ទៅៗ ដែល​ទាមទារ​ឲ្យ​បេក្ខជន​នីមួយៗ​ប្រឹងប្រែង​ខ្លាំង​។ តាំងពី​វគ្គ​ដំបូង មកដល់​វគ្គ​នេះ ចំពោះ​ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ បាន​ឆ្លងកាត់​នូវ​ការលំបាក​ច្រើន​គួរសម​ដែរ បញ្ហា​ចម្បង​ដែល​ត្រូវ​ប្រឈម​គឺ​ត្រូវ​ថែរក្សា​សុវត្ថិភាព អនុវត្ដ ៣​កុំ​៣​ការពារ ហើយ​ទាមទារ​ឲ្យ​មានការ​ប្រឹងប្រែង​ខ្ពស់ ហាត់​ទឹកដៃ សំយោគ​នូវ​សាច់ភ្លេង បង្កើត​ការទាក់ទាញ​ក្នុងការ​សម្ដែង សោភ័ណភាព​ភ្លេង​ត្រូវ​ជួសជុល ឬ​ទិញ​ផ្លាស់​ថ្មី​នូវ​ឧបករណ៍ និង​លាប​ពណ៌​ថ្មី​។​ល​។​

​ជា​ចុងក្រោយ ស្ថាបនិក​ក្រុម​នេះ​ក៏មាន​ពាក្យពេចន៍ និង​សំណូមពរ​ដល់​ពុក​ម៉ែ​បងប្អូន​ជាពិសេស​បងប្អូន​អ្នកសិល្បៈ​បុរាណ​ខ្មែរ​ថា ឲ្យ​ជួយ​គាំទ្រ ស្រឡាញ់​ការពារ អភិរក្ស នូវ​សិល្បៈ​បុរាណ​យើង ត្រូវ​ចេះ​ចែករំលែក ជួយ​ផ្សព្វផ្សាយ ចំពោះ​អ្នកសិល្បៈ​ចេះ​ស្រឡាញ់គ្នា យោគយល់​អធ្យាស្រ័យ​គ្នា រាប់អាន​គ្នា ធ្វើខ្លួន​ឲ្យ​មានតម្លៃ សុជីវធម៌​ល្អ ថ្លៃថ្នូរ រៀន​ឲ្យ​ច្បាស់​ចេះ​ទាំង​ទ្រឹស្ដី ទាំង​ការ​អនុវត្ដ ព្រោះថា​សិល្បៈ​យើង​រីកចម្រើន​មានតម្លៃ​ក៏​អាស្រ័យ​លើ​សិល្បករ​ហើយ គ្មាន​អ្នកណា មក​យល់ច្បាស់​ពី​តម្លៃ​សិល្បៈ​ខ្មែរ​យើង ជាង​អ្នក​សិល្បៈ​ខ្មែរ និង​ប្រជាជន​ខ្មែរ​យើង​ឡើយ​។

​សូមបញ្ជាក់ថា ការបោះឆ្នោត​ពី​បងប្អូន សាធារណជន​នឹង​រួមចំណែក​ដល់​ទៅ​៤០​ភាគរយ​នៃ​ពិន្ទុសរុប និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​នីមួយៗ​មានឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដូចនេះ បើសិនជា​ពុក​ម៉ែ បងប្អូន ដែល​ពេញចិត្ត​នូវ​ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ សូមមេត្តា​កុំ​ភ្លេច​ជួយ​បោះឆ្នោត​ក្រុម​នេះ តាមរយៈ​ការ​ចុច​រូប​មេដៃ (like) សើច​(haha) វ៉ា​វ (wow) បេះដូង (heart) លើកលែងតែ​រូប​ក្រៀមក្រំ (sad) និង​រូប​ខឹង (angry) នៅលើ​វីដេអូ​បង្ហាញ​សម្ដែង ដែល​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១​។​

​តំណ​ភ្ជាប់​ទៅកាន់​វីដេអូ​៖ https://web.facebook.com/uyfc.svay.rieng/videos/570397710960751

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម