លោក Lee Min-ho ជាតារាសម្ដែង តារាចម្រៀង និងជាតារាម៉ូឌែល ដែលត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពខ្ពស់ មានរូបរាងស្រស់សង្ហា ព្រមទាំងជាតារាដែលបានជួយសកម្មភាពសប្បុរសធម៌ក្នុងសង្គមយ៉ាងច្រើនផងដែរ។
ចាប់តាំងពីប្រឡូកចូលសិល្បៈដំបូងក្នុងឆ្នាំ ២០០៦ មក តារាវ័យ ៣២ រូបនេះមានប្រជាប្រិយភាពខ្លាំង ក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ តារាប្រុសកូរ៉េខាងត្បូងរូបនេះក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ព្រោះតែទេពកោសល្យយ៉ាងប៉ិនប្រសប់របស់លោក។
ក្រៅពីគុណសម្បត្តិទាំងនេះ តើតួឯករឿង The King: Enternal Monarch នៅមានរឿងរ៉ាវអ្វីផ្សេងទៀតនៅពីក្រោយភាពល្បីល្បាញបច្ចុប្បន្ន?
លោក Lee Min-ho មិនផឹកគ្រឿងស្រវឹងនោះទេ
ថ្វីបើតារាប្រុសស្រីជាច្រើនបានលាក់ពីការសេពគ្រឿងស្រវឹងរបស់ខ្លួនក៏ដោយ ប៉ុន្តែចំពោះ Lee Min-ho ត្រូវបានគេដឹងថា មិនផឹកគ្រឿងស្រវឹងឡើយ សូម្បីតែនៅជាមួយមិត្តជិតស្និទ្ធក៏ដោយ។
លោក Lee Min-ho បានរួចផុតពីសេចក្តីស្លាប់ចំនួនពីរដង
លោក Lee Min-ho ធ្លាប់បានជួបគ្រោះថ្នាក់ធំៗពីរដង។ លើកទី១ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ ២០០៦ នៅពេលដែលលោកមានវ័យ ១៩ ឆ្នាំ។ កាលណោះលោកបានធ្វើដំណើរកម្សាន្តដោយរថយន្តជាមួយតារាសម្តែង Jung Li Woo និងមិត្តភក្តិពីរនាក់ទៀត ដោយមានឡានធ្វើដំណើរផ្លូវបញ្រ្ចាសគ្នាបានបើកបុកឡានរបស់ពួកគេ។ ពេលនោះ Lee Min-ho បានសន្លប់អស់ពេលមួយខែ និងត្រូវស្នាក់នៅមន្ទីពេទ្យរយៈពេលមួយឆ្នាំ។ លោកក៏ត្រូវបញ្ចូលបន្ទះដែកក្នុងភ្លៅរយៈពេល ៣ ឆ្នាំថែមទៀតផង។
លើកទី២ ក្នុងឆ្នាំ ២០១១ Lee Min-ho បានជួបគ្រោះថ្នាក់ចរាចរណ៍មួយទៀត ពេលលោកកំពុងសម្តែងក្នុងភាពយន្តរឿង City Hunter។ ប៉ុន្តែកាលណោះ លោករងរបួសស្រាល ហើយអាចបន្តការថតវិញក្នុងរយៈពេលដ៏ខ្លី។
លោក Lee Min-ho បានបម្រើការជាបុគ្គលិកសេវាកម្មសាធារណៈជំនួសឲ្យកាតព្វកិច្ចយោធា
ក្រោយពិនិត្យសុខភាពឃើញថា មិនអំណោយផលដោយសារធ្លាប់រងរបួសចំនួនពីរលើក លោក Lee Min-ho មិនបានបំពេញកាតព្វកិច្ចរបស់ពលរដ្ឋកូរ៉េខាងត្បូងនោះទេ ប៉ុន្តែជំនួសឲ្យការបម្រើកាតព្វកិច្ចជាទាហាន លោកត្រូវធ្វើជាបុគ្គលិកសេវាកម្មសាធារណៈនៅមជ្ឈមណ្ឌល Suseo Social Welfare Centre ក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល។ តែទោះជាយ៉ាងណាតារារូបនេះនៅតែស្លៀកពាក់ឯកសណ្ឋានយោធា បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលយោធាមូលដ្ឋានរយៈពេល១ខែ ក្នុងអំឡុងពេលបំពេញមុខងារសាធារណៈ។
លោក Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងច្រើន
លោក Lee Min-ho បានបង្កើតកម្មវិធីរៃអង្គាសថវិការឈ្មោះ PROMIZ ក្នុងឆ្នាំ ២០១៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការបរិច្ចាគសម្រាប់ការងារមនុស្សធម៌ និងសង្គម។ ពាក្យ “PROMIZ” បានមកពីឈ្មោះរបស់លោកផ្ទាល់ និងឈ្មោះក្លឹបអ្នកគាំទ្រផ្លូវការរបស់លោក “MINOZ”។
ក្រៅពីនោះ Lee Min-ho ក៏ធ្វើការរួមគ្នាជាមួយដៃគូដូចជា អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មូលនិធិដែលតារាប្រុសរូបនេះបានរួមចំណែកដល់បុព្វហេតុជាច្រើនរួមមាន ការបរិច្ចាគដល់កុមារក្រីក្រ ការអភិរក្សប្រភេទសត្វដែលជិតផុតពូជ និងសាងសង់អណ្តូងទឹកនៅប្រទេសម៉ាឡាវីជាដើម។
បន្ថែមពីលើនោះទៀត លោក Lee Min-ho បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន (១២ ម៉ឺនដុល្លារ) ក្រោមឈ្មោះក្លឹបអ្នកគាំទ្រទៅកាន់មូលនិធិសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដី នៅប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៥។ ទន្ទឹមនឹងនេះ លោកបានទទួលពានរង្វាន់ “ចែករំលែកសុភមង្គល” ឬ ‘Sharing Happiness Award’ ក្នុងឆ្នាំ ២០១៦ ពីក្រសួងសុខាភិបាល និងសុខុមាលភាព។
លោក Lee Min-ho បានបង្កើតប្រវត្តិសាស្ត្រក្លាយទៅជាតារាកូរ៉េដំបូងដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ China’s CCTV Lunar New Year Gala របស់ចិន ក្នុងឆ្នាំ ២០១៤។ លោក Lee Min-ho ត្រូវបានគេអញ្ជើញឲ្យទៅសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍នេះ ដែលជាកម្មវិធីទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងប្រទេសចិននាឱកាសបុណ្យចូលឆ្នាំថ្មី។ ពេលនោះ មាន ទស្សនិកជនប្រមាណ ៧០០ លាននាក់បានទន្ទឹងរង់ចាំមើល លោក Lee Min-ho ច្រៀងបទ Boys Over Flowers ជាមួយតារាចម្រៀងតៃវ៉ាន់ Harlem Yu៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP/AsiaOne
ចុចអាន៖ ៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២
ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាងដែលអ្នកគាំទ្រមិនធ្លាប់បានដឹងពីតួប្រុស It’s Okay to Not Be Okay