ជីវិតកម្សាន្ដ
ជីវិតក្រៅឆាក ៥ យ៉ាងរបស់តារាសម្ដែង Lee Min-ho ទស្សនិកជនប្រហែលមិនធ្លាប់ដឹង
លោក Lee Min-ho ជាតារាសម្ដែង តារាចម្រៀង តារាម៉ូដែល និងជាអ្នកជំនួញ ដែលត្រូវបានគេស្ញប់ស្ញែងនូវរូបរាងស្រស់សង្ហា សមត្ថភាពពហុជំនាញ ព្រមទាំងជាតារាដែលបានចូលរួមសកម្មភាពសប្បុរសធម៌ក្នុងសង្គមយ៉ាងផុសផុល។ ប្រឡូកសិល្បៈជាង ១៧ឆ្នាំ ជឿថា ប្រិយមិត្តមួយចំនួនទំនងមិនទាន់ដឹងអំពីការពិតក្រៅឆាកនៃតារាលំដាប់ A រូបនេះឡើយ ហើយខាងក្រោមជា ៥ យ៉ាងពីតារាសម្ដែងជួរមុខកូរ៉េ Lee Min-ho ដែលទស្សនិកជនប្រហែលពុំធ្លាប់ចាប់អារម្មណ៍ នាពេលកន្លងមក៖

១. លោក Lee Min-ho មិនផឹកគ្រឿងស្រវឹងនោះទេ
ថ្វីបើតារាប្រុសស្រីជាច្រើនបានលាក់ពីការសេពគ្រឿងស្រវឹងរបស់ខ្លួនក៏ដោយ ប៉ុន្តែចំពោះ Lee Min-ho ត្រូវបានគេដឹងថា មិនផឹកគ្រឿងស្រវឹងឡើយ សូម្បីតែនៅជាមួយមិត្តជិតស្និទ្ធក៏ដោយ។
២. លោក Lee Min-ho បានរួចផុតពីសេចក្តីស្លាប់ចំនួនពីរដង

លោក Lee Min-ho ធ្លាប់បានជួបគ្រោះថ្នាក់ធំៗពីរដង។ លើកទី១ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ ២០០៦ នៅពេលដែលលោកមានវ័យ ១៩ ឆ្នាំ។ កាលណោះលោកបានធ្វើដំណើរកម្សាន្តដោយរថយន្តជាមួយតារាសម្តែង Jung Li Woo និងមិត្តភក្តិពីរនាក់ទៀត ដោយមានឡានធ្វើដំណើរផ្លូវបញ្រ្ចាសគ្នាបានបើកបុកឡានរបស់ពួកគេ។ ពេលនោះ Lee Min-ho បានសន្លប់អស់ពេលមួយខែ និងត្រូវស្នាក់នៅមន្ទីពេទ្យរយៈពេលមួយឆ្នាំ។ លោកក៏ត្រូវបញ្ចូលបន្ទះដែកក្នុងភ្លៅរយៈពេល ៣ ឆ្នាំថែមទៀតផង។
លើកទី២ ក្នុងឆ្នាំ ២០១១ Lee Min-ho បានជួបគ្រោះថ្នាក់ចរាចរណ៍មួយទៀត ពេលលោកកំពុងសម្តែងក្នុងភាពយន្តរឿង City Hunter។ ប៉ុន្តែកាលណោះ លោករងរបួសស្រាល ហើយអាចបន្តការថតវិញក្នុងរយៈពេលដ៏ខ្លី។
៣. លោក Lee Min-ho បានបម្រើការជាបុគ្គលិកសេវាកម្មសាធារណៈជំនួសឲ្យកាតព្វកិច្ចយោធា

ក្រោយពិនិត្យសុខភាពឃើញថា មិនអំណោយផលដោយសារធ្លាប់រងរបួសចំនួនពីរលើក លោក Lee Min-ho មិនបានបំពេញកាតព្វកិច្ចរបស់ពលរដ្ឋកូរ៉េខាងត្បូងនោះទេ ប៉ុន្តែជំនួសឲ្យការបម្រើកាតព្វកិច្ចជាទាហាន លោកត្រូវធ្វើជាបុគ្គលិកសេវាកម្មសាធារណៈនៅមជ្ឈមណ្ឌល Suseo Social Welfare Centre ក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល។ តែទោះជាយ៉ាងណាតារារូបនេះនៅតែស្លៀកពាក់ឯកសណ្ឋានយោធា បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលយោធាមូលដ្ឋានរយៈពេល១ខែ ក្នុងអំឡុងពេលបំពេញមុខងារសាធារណៈ។
៤. លោក Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងច្រើន
លោក Lee Min-ho បានបង្កើតកម្មវិធីរៃអង្គាសថវិការឈ្មោះ PROMIZ ក្នុងឆ្នាំ ២០១៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការបរិច្ចាគសម្រាប់ការងារមនុស្សធម៌ និងសង្គម។ ពាក្យ “PROMIZ” បានមកពីឈ្មោះរបស់លោកផ្ទាល់ និងឈ្មោះក្លឹបអ្នកគាំទ្រផ្លូវការរបស់លោក “MINOZ”។

ក្រៅពីនោះ Lee Min-ho ក៏ធ្វើការរួមគ្នាជាមួយដៃគូដូចជា អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មូលនិធិដែលតារាប្រុសរូបនេះបានរួមចំណែកដល់បុព្វហេតុជាច្រើនរួមមាន ការបរិច្ចាគដល់កុមារក្រីក្រ ការអភិរក្សប្រភេទសត្វដែលជិតផុតពូជ និងសាងសង់អណ្តូងទឹកនៅប្រទេសម៉ាឡាវីជាដើម។
បន្ថែមពីលើនោះទៀត លោក Lee Min-ho បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន (១២ ម៉ឺនដុល្លារ) ក្រោមឈ្មោះក្លឹបអ្នកគាំទ្រទៅកាន់មូលនិធិសង្គ្រោះគ្រោះមហន្តរាយរញ្ជួយដី នៅប្រទេសនេប៉ាល់ក្នុងឆ្នាំ ២០១៥។ ទន្ទឹមនឹងនេះ លោកបានទទួលពានរង្វាន់ “ចែករំលែកសុភមង្គល” ឬ ‘Sharing Happiness Award’ ក្នុងឆ្នាំ ២០១៦ ពីក្រសួងសុខាភិបាល និងសុខុមាលភាព។
៥. ដៃគូស្នេហា

ក្នុងឆ្នាំ២០១១ Lee Min-ho ត្រូវបានគេបញ្ជាក់ថា បានទាក់ទងជាមួយ Park Min Young ដែលជាដៃគូសម្ដែងក្នុងរឿង “City Hunters” ប៉ុន្តែទំនាក់ទំនងនេះមានរយៈពេលមិនដល់មួយឆ្នាំនោះទេ។ ចាប់ពីឆ្នាំ ២០១៥-២០១៧ ទំនាក់ទំនងសាធារណៈរបស់លោកជាមួយតារាស្រី Suzy បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងពិភពកម្សាន្ត ប៉ុន្តែរឿងនោះបានស្ងប់ស្ងាត់ទៅវិញ ក្រោយតារាវ័យ ៣៦ឆ្នាំរូបនេះលេចមុខក្នុងរឿង “The King” និងរឿង “Pachinko” ។ ជារួមតាំងពីបង្ហាញខ្លួនក្នុងពិភពកម្សាន្តកូរ៉េ Lee Min-ho ធ្លាប់មានមិត្តស្រីតែពីរដងប៉ុណ្ណោះ។ មកទល់នឹងបច្ចុប្បន្នលោកនៅខ្លួនមួយនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនពេលល្បី តារាជួរមុខកូរ៉េខាងត្បូង Lee Min-ho មិនធ្លាប់ចង់ចូលសិល្បៈទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
នាយ ក្រឹម ចេញមុខមកបញ្ជាក់ ក្រោយផ្ទុះការរិះគន់រឿងភេទទី៣