Connect with us

ជីវិតកម្សាន្ដ

ដំណើរ​កម្សាន្ត​គីរីរម្យ ទៅ​កន្លែង​មួយ​នេះ អ្នក​ចូលចិត្ត​បោះតង់​បែប​ផ្សងព្រេង ដឹង​តែ​ពេញចិត្ត​ស្ដូក​

បានផុស

នៅ

​ស្ថិតក្នុង​ស្ថានភាព​នៃ​វីរុស​កូ​វីដ​-១៩ នៅតែ​បន្ត​រាលដាល គ្រប់គ្នា​មុខតែ​ស្មុគ ចង់​ដើរ​កម្សាន្ត​លំហែ​ខ្លះ ប៉ុន្តែ​បារម្ភ​ការឆ្លង​រោគ​។ ទោះយ៉ាងណា យើង​ក៏​មិនអាច​សម្ងំ​តែ​នៅក្នុង​ផ្ទះ​បានដែរ ព្រោះ​ផ្លូវចិត្ត​កាន់តែ​តានតឹង​លើស​ដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុនេះ​ការ​ទេសចរណ៍​រមណីយ​ដ្ឋា​ន ជា​វិធី​ល្អ​មួយ​ជួយ​រំសាយ​ភាពស្មុគស្មាញ បន្ធូរ​អារម្មណ៍​តប់ប្រមល់ ធ្វើឲ្យ​ផ្លូវចិត្ត​ស្រស់ស្រាយ​ឡើងវិញ​។ រីឯ​ការ​បោះតង់​ជា​លក្ខណៈ​ឯកជន​ក៏​ជា​ទេសចរណ៍​មួយ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​រោគ ព្រមទាំង​បាន​កម្សាន្ត​ស្របពេល​គ្នា​។

​ចំពោះ​អ្នក​និយម​បោះតង់​ទៅ​ព្រៃភ្នំ​ជា​លក្ខណៈ​ឯកជន (Private Team) វិញ ក៏​អាច​សាកល្បង​ទៅ​រមណីយដ្ឋាន Organic Jungle Farm ដែល​ទើប​ដំណើរការ​ថ្មីៗ​នេះ ដឹង​តែ​មិន​ខុស​បំណង​ទេ​។​

Organic Jungle Farm ជាទី​តាំង​បោះតង់​សក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​គេង​ព្រៃ​បែប​ផ្សងព្រេង មាន​គ្នា​តិច ឬ​ជា​ក្រុម​ក្រោម ៣០ នាក់​។ តង់​គេង​មាន​ជម្រើស​ជា​ឯកជន និង​គ្រួសារ ប្រកបដោយ​ផាសុកភាព​។ ទេសចរ​និយម​គេង​ព្រៃភ្នំ អាច​ពិចារណា​ទីតាំង​នេះ ដែលជា​កន្លែង​កម្សាន្ត​ថ្មីរ​របស់ រមណីយដ្ឋាន វី ភី​ន គីរីរម្យ រី​សត (V Pine kirirom Resort) ។ ស្ថិតនៅ​ជម្រាលភ្នំ ដាច់​ពី​គេ គ្មាន​សំឡេង​រំខាន ទីធ្លា​ទូលាយ កន្លែង​អាំង​សាច់ ដុត​ពោត​ឬ​ដំឡូង បែប​ស្ងប់ស្ងាត់​។ ជាពិសេស​ភ្ញៀវ​អាច​បេះ​បន្លែ ឬ​ដក​មើមដំឡូង​ធម្មជាតិ​ ដែល​មាន​នៅ​ទីនោះ យក​ទៅ​អាំង​បា​ប៊ី​ឃ្យូ​បាន​ទៀតផង​។ ​ក្រៅ​កន្លែង​ស្នាក់នៅ បុគ្គលិក​រី​សត នឹង​ជូន​ភ្ញៀវ​ដើរ​កម្សាន្ត​ទៅកាន់​ទំនប់​វា​រី​អគ្គិសនី ជម្រាលភ្នំ ទឹកធ្លាក់​ក្បែរៗ​រី​សត​ដើម្បី​ទស្សនា​ព្រៃព្រឹក្សា​យ៉ាង​ស្រស់​ស្អាត​នៃ​ឧទ្យាន​ជាតិ​គីរីរម្យ​។

​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ឧទ្យាន​ជាតិ​គីរីរម្យ​នា​ដើម​សប្ដាហ៍​នេះ ក្រុមការងារ​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA (Cambodia Association of Travel Agents) លើកឡើងថា Organic Jungle Farm ជាទី​មនោរម្យ​មិន​គួរ​រំលង សម្រាប់​ភ្ញៀវ​ដែល​ចូលចិត្ត Adventure​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ ឆាយ ស៊ីវលីន រួម​ជា​មួយសហការ​ដៃ​គូ​ទេសចរណ៍​៣០​នាក់ បាន​ចូល​រួម​ដំណើរ​កម្សាន្ត​មួយ​នេះ ដែល​ជា​ការសិក្សា​ស្វែង​យល់​បន្ថែម​ពី​ការ​ដើរ​បែប​បោះ​តង់ ផ្សងព្រេង នៅ​ក្នុង​ព្រៃ​គីរីរម្យ។

លោក​ស្រី​ ឆាយ ស៊ីវលីន ប្រធានសមាគមទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏​បាន​ជំរុញ​ដល់​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់ សូម​កុំ​បាក់​ទឹក​ចិត្តចំពោះ​បញ្ហា​កូវីដ-១៩ ដែលបាន​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ប៉ុន្តែ​លោក​ស្រី​នឹង​ខិត​ខំ​ប្រឹង​ប្រែង បែរ​ទិស​ដៅ​ពី​ទេសចរ​ក្រៅ​ស្រុក មក​រក​ទេសចរ​ក្នុង​ស្រុក ដើម្បី​បង្កើន​ចំណូលដល់​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​មួយ​នេះ៕

អត្ថបទ៖ ផានិត

រូបភាព៖ KUNTHEARA

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម