តារាសម្ដែង លោក អ៊ុន សិទ្ធា បានជំរុញឲ្យយុវជនខ្មែរគ្រប់រូប ចូលរួមលើស្ទួយទៅលើការប្រើប្រាស់និងការសរសេរភាសាជាតិឲ្យបានច្រើនជាជាងភាសាបរទេស នៅតាមបណ្តាញសង្គម។
តារាសម្តែងប្រុសច្រមុះស្រួចរាងសង្ហា លោក អ៊ុន សិទ្ធា ស្របពេលដែលអាជីពសិល្បៈបច្ចុប្បន្ននូវតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពច្រើនលើទីផ្សារសម្តែងនោះ ត្រូវបានគេកត់សម្គាល់ថា លោកមិនត្រឹមតែអាចរកចំណូលបានខ្ពស់នោះទេ គឺតារាប្រុសរូបនេះ តែងបង្ហាញពីភាពហ៊ឺហាជាមួយការប្រើប្រាស់សម្ភារៈថ្លៃៗទៀតផង។
ភាពហ៊ឺហាភ្ជាប់ជាមួយការរក្សាបានប្រជាប្រិយភាព ពីសំណាក់តារាសម្តែងលោក អ៊ុន សិទ្ធា លើអាជីពសិល្បៈនេះ ទើបធ្វើឲ្យបណ្តាផលិតកម្មឬផលិតករខ្មែរមួយចំនួន សម្លឹងឃើញនូវសមត្ថភាព និងទេពកោសល្យរបស់តារាប្រុសម្នាក់នោះ។ ម្យ៉ាងទៀតចំណុចពិសេសដែលធ្វើឲ្យអ្នកគាំទ្រមិនអាចមើលរំលងនោះ គឺស្ថិតនៅត្រង់មានអត្តចរិតរោះរាយរាក់ទាក់ មិនប្រកាន់ខ្លួនជាតារាល្បី។
ដោយឡែក បើងាកមកចាប់អារម្មណ៍ ចំណុចសំខាន់មួយទៀតរបស់លោក អ៊ុន សិទ្ធា ដែលមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងនាំគ្នាគាំទ្រនោះ គឺមុននេះលោកបានចេញមុខបំផុសស្មារតីដល់យុវជនខ្មែរគ្រប់រូប ត្រូវនាំគ្នាចូលរួមថែរក្សានិងអភិរក្សប្រើប្រាស់អក្សរសាសន៍ជាតិឲ្យបានច្រើន នៅលើបណ្តាញសង្គមយក្សមួយនេះ។
លោក អ៊ុន សិទ្ធា បានថ្លែងបញ្ជាក់ដោយខ្លីបែបនេះថា អ្វីដែលលោកចង់បានពេលនេះ គឺគ្រាន់តែចង់ឃើញយុវជនគ្រប់រូប ត្រូវចូលរួមប្រើប្រាស់អក្សរខ្មែរទាំងអស់គ្នា។ សូមជម្រាបដែរថា នេះពុំមែនទើបជាលើកទីមួយ សម្រាប់តារាសម្តែងលោក អ៊ុន សិទ្ធា នោះទេ ដែលចេញមុខបំផុសនិងស្នើឲ្យយុវជនខ្មែរ ប្រើប្រាស់អក្សរសាសន៍ជាតិ ពោលគឺ កន្លងមកមានតារាសិល្បៈខ្មែរមួយចំនួនមកហើយ ដែលមានទស្សនៈដូចលោកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ផ្ទុះការសរសើរពេលយុវជនមួយក្រុម នាំគ្នាគ្រងសម្លៀកបំពាក់ បែបសម័យអាណានិគមបារាំង