Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​មីយ៉ាន់ម៉ា​​សម្លាប់​​៣​នាក់​ ចាប់​ខ្លួន​អ្នក​កាសែត​ ទោះ​មាន​កិច្ចប្រជុំអាស៊ាន

បានផុស

នៅ

កា​រ​បង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​របស់​របប​យោធា​មីយ៉ាន់ម៉ា​​នៅ​​តែ​បន្ត​កើត​មាន បើ​ទោះ​ជា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដើម្បី​រក​ច្រក​ចេញ​ពីវិបត្តិក្នុង​ប្រទេស​មួយ​នេះ​ទើប​តែ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ពេល​មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា​​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​លោក Min Aung Hlaing បាន​អង្គុយ​ក្នុង​វេទិកា​ប្រជុំ​ជា​មួយ​​មេ​ដឹក​នាំ​អាស៊ាន​​​នៅ​ទី​ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ​ទាហាន​របស់​លោក​បាន​សម្លាប់​ជន​ស៊ីវិល​ហោច​ណាស់​៣​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិត​សាកល​វិទ្យាល័យ​អាយុ​២២​ឆ្នាំ​ឈ្មោះ Kaung Htet Naing ត្រូវ​​បាន​បាញ់​ស្លាប់​​ដោយ​​មន្ត្រី​ប៉ូលិស​នៅ​សង្កាត់​ Chanmyatharzi ក្នុង​ទី​ក្រុង Mandalay នៅ​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ពេល​គាត់​បាន​កំពុង​ដុត​កង់​ឡាន​ដើម្បី​តវ៉ា។

ចំណែក​នៅ​សង្កាត់​​ Pyinmana ក្នុង​រដ្ឋ Naypyitaw អ្នក​តវ៉ា​ម្នាក់​ត្រូវ​បា​ន​បាញ់ស្លាប់​នៅ​ពេល​កម្លាំង​សន្តិសុខ​បាន​បាញ់​ទៅ​លើ​កក្រុម​តវ៉ា​ជិះ​ម៉ូតូប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​របប​យោធា។

ស្ត្រី​អាយុ​៦៣​ឆ្នាំឈ្មោះ Daw Win Kyi នៅ​តំបន់ Sagaing ស្ថិត​នៅមាត់​ទន្លេ Ayeyarwady បាន​ស្លាប់​នៅ​ក្នុង​កន្លែង​ឃុំ​ខ្លួន បន្ទាប់​ពី​គាត់​ត្រូវ​បាន​ចាប់​យក​ពី​ផ្ទះ។ គាត់​ត្រូវ​បាន​ចាប់​យក​ទៅ​វេលា​ម៉ោង​៤:៣០​នាទីល្ងាច ហើយ​កន្លះ​ម៉ោង​ក្រោយ​មក សាច់​ញាតិ​បាន​ប្រាប់​ថា​ គាត់​បាន​ស្លាប់។ ប៉ូលិស​បញ្ជាក់​ថា​ គាត់​បាន​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង។

នៅ​ថ្ងៃសៅរ៍​នោះ​ដែរ ស្ត្រី​អ្នក​កាសែត និង​គ្រូបង្រៀន​ជំនាញ​សារព័ត៌មាន​ឈ្មោះ Ma Tu Tu Tha និង​​​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​យោធា​មីយ៉ាន់ម៉ា។

លោក Min Aung Hlaing ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន

យោង​តាម​សាច់​ញាតិ​ម្នាក់​ប្រាប់​ថា ប៉ូលិស និង​ទាហាន​បាន​ស្វែង​រក​ផ្ទះ​របស់​គាត់​នៅ​សង្កាត់ Thanlyin ក្នុង​ទី​ក្រុងយ៉ាំងហ្គោន ហើយ​ក៏​បាន​ចាប់​ខ្លួន​៤​នាក់​​ក្នុង​នោះ​មាន​កូន​ប្រុស ប្អូន​ប្រុស និង​ម្នាក់​ទៀត​ជា​មិត្តភក្តិ។

ពួក​គាត់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​មណ្ឌល​សួរ​ចម្លើយ​ទាហាន​មួយ​នៅ Shwepyitha។ សូម​បញ្ជាក់​ថា អ្នក​ស្រី​ Ma Tu Tu Tha ជានិពន្ធ​នាយក​កាសែត Thanlyin Post ដែល​ជា​កាសែតក្នុង​ស្រុក​​ចេញ​ផ្សាយ​ប្រចាំ​សប្តាហ៍ និង​​ធ្លាប់​ធ្វើ​ឲ្យ​សារព័ត៌មាន​ Irrawaddy។

អ្នក​សារព័ត៌មាន​ម្នាក់​ទៀត​ដែល​ធ្លាប់​ធ្វើ​ឲ្យ​សារព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ​ភូមា (DVB) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​អាទិត្យ។

រហូត​ដល់​ពេល​នេះ អ្នក​កាសែត​ជាង​៧០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១កុម្ភៈ និង​​៤០​នាក់​កំពុង​ជាប់​ឃុំ​នៅ​ឡើយ។ អ្នក​កាសែត​២២​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​។

កាល​ពី​ថ្ងៃ​អាទិត្យ និង​ចន្ទ កន្លង​ទៅ​នេះ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ទូរទស្សន៍​រដ្ឋ​ដែល​គ្រប់​គ្រង​ដោយ​យោធា​​មីយ៉ាន់ម៉ា​បាន​ផ្សាយ​ថា នៅ​ថ្ងៃ​អាទិត្យ កម្លាំង​យោធា​បាន​ចាប់ខ្លួន​អ្នកមនុស្ស​យ៉ាង​ហោច​ណាស់​​៣៤​នាក់។

ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក របប​យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៧៥១​នាក់​ហើយ​ក្នុង​នោះ​ក្មេង​៥០​នាក់ និង​បាន​ចាប់​ខ្លួន​មនុស្ស​៤៤៦២​នាក់ ហើយ​មនុស្ស​៣៤៣១​នាក់​កំពុង​ជាប់​ឃុំ។

នៅ​ថ្ងៃ​ចន្ទ ម្សិល​មិញ​នេះ​ក្រុម​មេធាវី​​បាន​​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​បាន​បន្ត​ពន្យារ​ពេល​បើក​សវនាការប្រឆាំង​​លោក​ស្រី អ៊ុងសាន ស៊ូជី ខណៈ​ក្រុម​មេធាវី​​របស់​លោក​ស្រី​​​កំពុង​តស៊ូ​ដើម្បី​បាន​​ទៅ​សួរ​សុខ​ទុក្ខ​លោក​ស្រី​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ ​មេ​ដឹក​នាំ​កំពូល​អាស៊ាន​បាន​ប្រាប់​ឲ្យ​មេ​ដឹក​នាំ​​របប​​យោធា​​មីយ៉ាន់ម៉ា«ត្រូវ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់» និង​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​អស់

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost & irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម