Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសថា ប្រជាជន៧លាននាក់ ត្រៀមចាប់កាន់អាវុធ ប្រយុទ្ធជាមួយទ័ពជើងគោកអាមេរិក

បានផុស

នៅ

ទន្ទឹមនឹងមានការគំរាមបើកប្រតិបត្តិការជើងគោករបស់អាមេរិក ពេលនេះប្រទេសអ៊ីរ៉ង់ប្រកាសថា ប្រជាជនខ្លួន ៧លាននាក់ បានត្រៀមខ្លួនរួចហើយ ដោយនឹងក្រោកឈរឡើងចាប់កាន់អាវុធ ដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពអាមេរិក។

ប្រជាជនអ៊ីរ៉ង់ (រូប៖ Reuters)

សារព័ត៌មាន Times of Israel បានដកស្រង់សំណេរប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Qalibaf ដែលបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២ខែមេសាឆ្នាំ២០២៦ថា៖ «ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង យុទ្ធនាការជាតិដ៏ខ្លាំងក្លាដែលកំពុងរីករាលដាលពាសពេញផ្ទៃប្រទេស បានទាក់ទាញប្រជាជនអ៊ីរ៉ង់ប្រហែល ៧ លាននាក់ឲ្យចូលខ្លួនស្ម័គ្រចិត្ត ដោយប្រកាសពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការក្រោកឈរចាប់កាន់អាវុធដើម្បីការពារប្រទេសជាតិរបស់ពួកគេ»។

លោកបន្តថា៖ «ប្រជាជនមិនមែនគ្រាន់តែនិយាយពីការការពារប្រទេសនោះទេ ប៉ុន្តែកាលពីអតីត ពួកគាត់ក៏ធ្លាប់លះបង់ជីវិត ហើយក៏ត្រៀមខ្លួនធ្វើវាម្តងទៀតដែរ។ រាល់ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នឹងត្រូវជួបប្រទះការឆ្លើយតបជារួម ប្រៀបដូចជាការប្រឈមមុខជាមួយសមាជិកគ្រួសារទាំងមូលអ៊ីចឹង »។

ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Qalibaf (រូប៖ Reuters)

សូមជម្រាបថា អ៊ីរ៉ង់មានប្រជាជនប្រហែល៩០លាននាក់ គឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនៅតំបន់មជ្ឈិមបូព៌ា។ ក្នុងនោះ មានមនុស្សប្រហែល ៤៨ ទៅ ៥០ លាននាក់ ស្ថិតក្នុងវ័យដែលអាចបម្រើការងារយោធាបាន។

បើនិយាយពីកម្លាំងទ័ព អ៊ីរ៉ង់មានទ័ពសកម្មប្រហែល ៦០០ ០០០ ទៅ ៦៥០ ០០០ នាក់ និងទ័ពបម្រុង ប្រហែល ៣៥០,០០០ នាក់។ 

ប្រជាជនអ៊ីរ៉ង់ (រូប៖ Reuters)

ចំណែក កងកម្លាំង Basij ដែលជាកងទ័ពស្ម័គ្រចិត្ត គឺអាចចល័តបានចន្លោះពី ១ ទៅ ១០ លាននាក់ ក្នុងករណីមានសង្គ្រាមទ្រង់ទ្រាយធំ។

យោងតាមការវាយតម្លៃរបស់ Global Firepower, ក្នុងឆ្នាំ២០២៦នេះ អ៊ីរ៉ង់នៅតែស្ថិតក្នុងចំណោម ប្រទេសដែលមានអំណាចយោធាខ្លាំងបំផុតទាំង ១៥ លើពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម