Connect with us

ព័ត៌មានអន្ដរជាតិ

អនុ​ប្រធានាធិបតី​អាមេរិកព្រមានអីរ៉ង់កុំ​ឲ្យ​ធ្វើរឿង «ល្ងង់ខ្លៅ» ព្រោះតែបញ្ហានៅលីបង់

បានផុស

នៅ

សភាពការណ៍នយោបាយរវាងមហាអំណាចអាមេរិក និងអីរ៉ង់ កាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខព្រមានចំៗទៅកាន់ប្រទេសអីរ៉ង់ថា វានឹងក្លាយជារឿង «ល្ងង់ខ្លៅបំផុត» ប្រសិនបើអីរ៉ង់ហ៊ានយកកិច្ចព្រមព្រៀងឈប់បាញ់ជាមួយវ៉ាស៊ីនតោនទៅប្រថុយប្រថាន គ្រាន់តែដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។

លោក JD Vance (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​ Al Jazeera នា​ថ្ងៃទី​៩​ខែ​មេសា​ឆ្នាំ​២០២៦ លោក JD Vance បានបញ្ជាក់យ៉ាងច្បាស់ៗថា សហរដ្ឋអាមេរិកមិនដែល​យល់ស្រប​ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារនៅលីបង់ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នេះឡើយ។ លោកបន្ថែមថា បើអីរ៉ង់ចង់​ឲ្យ​ការចរចានេះរលាយសាបសូន្យព្រោះតែរឿងលីបង់ ដែលមិនពាក់ព័ន្ធនឹងខ្លួនសោះនោះ វាក៏ជាជម្រើសរបស់អីរ៉ង់ដែរ ប៉ុន្តែវាជាជម្រើសដ៏ខុសឆ្គងបំផុត។

យ៉ាង​ណាមិញ ភាពចម្រូងចម្រាសបានកើតឡើងនៅត្រង់ថា តើកិច្ចព្រមព្រៀងនេះគ្របដណ្តប់ដល់ប្រទេសលីបង់ដែរឬទេ? កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi បានលើកយកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការឈប់បាញ់នេះមកបង្ហាញ ដោយបញ្ជាក់ថា លីបង់គឺស្ថិតក្នុងកិច្ចព្រមព្រៀងនេះដែរ។ ខាងភាគីអីរ៉ង់បានសង្កត់ធ្ងន់ថា អាមេរិកត្រូវតែជ្រើសរើសផ្លូវមួយ គឺចង់បានសន្តិភាពពិតប្រាកដ ឬចង់បន្តសង្គ្រាមតាមរយៈ​អ៊ីស្រាអែល ព្រោះអាមេរិកមិនអាចយកចំណេញទាំងពីរផ្លូវក្នុងពេលតែមួយបានទេ។ ប៉ុន្តែខាងសេតវិមានរបស់លោក ដូណាល់ ត្រាំ នៅតែប្រកែកដាច់អហង្ការថា លីបង់មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងនេះឡើយ ហើយលោក JD Vance ក៏បានចាត់ទុកបញ្ហានេះថាគ្រាន់តែជា «ការយល់ច្រឡំ» គ្នាប៉ុណ្ណោះ។

ស្របពេលដែលអ្នកនយោបាយកំពុងជជែកដេញដោលគ្នា ស្ថានភាពនៅលើដីជាក់ស្តែងក្នុងប្រទេសលីបង់បានក្លាយជាឋាននរកទៅហើយ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវឃោរឃៅបំផុត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៤នាក់ និងបង្ករបួសស្នាមដល់មនុស្សជាង ១១០០នាក់ផ្សេងទៀតក្នុងថ្ងៃតែមួយ។ បើទោះបីជាមានការបង្ហូរឈាមបែបនេះក្តី លោក JD Vance បែរជាលើកឡើងថា អ៊ីស្រាអែលបានសន្យាថានឹង «ចេះទប់ចិត្តខ្លះ» នៅលីបង់ ដើម្បីទុកឱកាសឱ្យការចរចារវាងអាមេរិក និងអីរ៉ង់ អាចដំណើរការទៅមុខបានដោយជោគជ័យ។

ជាចុងក្រោយ អណ្តាតភ្លើងសង្គ្រាមនេះហាក់ដូចជាពិបាកនឹងរលត់ទៅវិញណាស់ ខណៈដែលកងកម្លាំងឆ្មាំបដិវត្តន៍អីរ៉ង់ (IRGC) បានចេញមុខមកគំរាមវិញថា ប្រសិនបើការឈ្លានពានលើប្រទេសលីបង់មិនត្រូវបានបញ្ឈប់ជាបន្ទាន់ទេនោះ អីរ៉ង់នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនដោយផ្តល់ «ចម្លើយដែលធ្វើឲ្យសត្រូវត្រូវស្តាយក្រោយ» ជាមិនខាន។ ការប្រឈមមុខដាក់គ្នានេះបានធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ដែលពិភពលោកកំពុងសង្ឃឹម ស្ថិតក្នុងស្ថានភាពមាត់ជ្រោះដ៏គ្រោះថ្នាក់បំផុត៕

ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​លីបង់ (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម