ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុប ចាប់ដៃគ្នាជួយអ៊ុយក្រែន ជំរុញការផលិតអាវុធធុនធ្ងន់វាយបកទៅរុស្ស៊ី
កាលពីល្ងាចថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅទីក្រុងឡុងដ៍ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដើម្បីអង្គុយជជែកគ្នាយ៉ាងតានតឹង អំពីវាសនានៃសង្គ្រាម ដែលកំពុងឆាបឆេះ។

យោងតាមការផ្សាយនាថ្ងៃចន្ទ នេះ របស់សារព័ត៌មាន iPaper នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ មេដឹកនាំទាំងបួនរូប បានឯកភាពគ្នាយ៉ាងមុតមាំថា ពួកគេចាំបាច់ត្រូវតែរួមដៃគ្នា ជំរុញការផលិតអាវុធការពារខ្លួន និងប្រព័ន្ធមីស៊ីល ដែលអាចបាញ់បានឆ្ងាយឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។ ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ដោយថែមទាំងបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី Oreshnik ទៅលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុងកៀវផងដែរ ដែលបង្កជាការភ័យខ្លាចដល់ប្រជាជនយ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី បានបង្ហើបថា លោកបានស្នើសុំមីស៊ីលការពារអាកាសបន្ថែមពីអង់គ្លេស ពីព្រោះទោះបីជាអ៊ុយក្រែន អាចទប់ទល់ការរំកិលខ្លួនរបស់ទ័ពរុស្ស៊ីនៅលើសមរភូមិបានខ្លះ និងបានប្រើដ្រូនវាយបកទៅដល់ទីក្រុង St. Petersburg របស់រុស្ស៊ីវិញក៏ដោយ ក៏អ៊ុយក្រែននៅតែត្រូវការខែលការពារខ្លួនពីមីស៊ីលដ៏សាហាវរបស់រុស្ស៊ីដែរ។ លោក ហ្សេលេនស្គី បាននិយាយទៅកាន់អ្នកសារព័ត៌មានទាំងការតាំងចិត្តខ្ពស់ថា ពួកគេនឹងមិនព្រមអង្គុយរង់ចាំសេចក្តីស្លាប់ ដោយស្ងៀមស្ងាត់ឡើយ ពោលគឺរុស្ស៊ីបាញ់មកប៉ុណ្ណា អ៊ុយក្រែននឹងវាយបកទៅវិញប៉ុណ្ណឹង ហើយនឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីការជជែករឿងអាវុធ មេដឹកនាំទាំងអស់ ក៏បានដាក់ចេញនូវលក្ខខណ្ឌសំខាន់ៗមួយចំនួន ដើម្បីស្វែងរកសន្តិភាពមួយដ៏យុត្តិធម៌ និងយូរអង្វែង។ ពួកគេបានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន យល់ព្រមផ្អាកការបាញ់បោះគ្នាជាបន្ទាន់ ដោយយកខ្សែបន្ទាត់សមរភូមិបច្ចុប្បន្នជាចំណុចចាប់ផ្តើមនៃការចរចា។ លើសពីនេះ អ៊ុយក្រែនត្រូវតែមានការធានាសន្តិសុខផ្នែកច្បាប់ ដោយមានការដាក់ពង្រាយទ័ពចម្រុះជាតិសាសន៍មកជួយការពារ ហើយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទាំងអស់ នឹងមិនត្រូវបញ្ចេញឡើយ លុះត្រាតែរុស្ស៊ីព្រមសងការខូចខាតសង្គ្រាមទាំងអស់ដល់អ៊ុយក្រែន។
សូមជម្រាបថា នៅពេលដែលចំថ្ងៃជួបប្រជុំនោះ ដ្រូនរបស់រុស្ស៊ីបានហោះទៅបុកចំមជ្ឈមណ្ឌលផ្ទុកកាកសំណល់នុយក្លេអ៊ែរ ដែលស្ថិតនៅចម្ងាយតែ៩ម៉ាយល៍ពីដេប៉ូនុយក្លេអ៊ែរ Chernobyl ដ៏ល្បីល្បាញ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ទោះជាសំណាងល្អដែលគេពន្លត់ទាន់ និងមិនមានការលេចធ្លាយសារធាតុវិទ្យុសកម្មក៏ដោយ។ ទោះជាបែបនេះក្ដី លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានផ្ញើសារយ៉ាងមុតមាំទៅកាន់ពិភពលោកវិញថា ជំហររបស់អង់គ្លេសក្នុងការគាំទ្រអ៊ុយក្រែន គឺរឹងមាំដូចដែកថែប ពីព្រោះសន្តិសុខរបស់អ៊ុយក្រែន ក៏ជាសន្តិសុខរបស់អឺរ៉ុបទាំងមូលផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


