Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបិទភ្នែកម្ខាង មិននិយាយរឿងរំសាយនុយក្លេអ៊ែរ អំឡុង​ជំនួប​នៅ​ព្យុងយ៉ាង

បានផុស

នៅ

ចំណុចដ៏រសើប និងគួរឱ្យភ្ញាក់ផ្អើលបំផុតនៅ​ជំនួបកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ស៊ី ជីនពីង ក្នុង​រដ្ឋធានី​ព្យុងយ៉ាង កាលពីថ្ងៃចន្ទ ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៦ គឺជា​ការស្ងាត់មាត់​ស្ងាត់ ក មិន​ឭ​ភាគី​ណាមួយ​លើក​ឡើង​ពី​ប្រធានបទ​នៃ​ «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ទាល់តែ​សោះ​សម្រាប់​របាយការណ៍សង្ខេបផ្លូវការរបស់​ប្រទេស​ទាំង​ពីរ។

លោក ស៊ី និង​លោក គីម (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ របស់​សារព័ត៌មាន Yonhap វា​គឺ​ជាការផ្លាស់ប្តូរជំហរការទូតដ៏ធំមួយ របស់ទីក្រុងប៉េកាំង បើប្រៀបធៀបទៅនឹងទស្សនកិច្ចរបស់លោក ស៊ី កាលពីឆ្នាំ២០១៩ ដែលកាលនោះ ចិនបានប្រកាសជាសាធារណៈពីការប្តេជ្ញាចិត្ត រុញច្រានឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

ក្រុមអ្នកវិភាគអន្តរជាតិ បានមើលឃើញថា «ការរក្សាភាពស្ងប់ស្ងាត់ដោយចេតនា» របស់ចិនលើបញ្ហានុយក្លេអ៊ែរនេះ គឺជាយុទ្ធសាស្ត្របំពេញចិត្តកូរ៉េខាងជើង ដើម្បីទាញយកឥទ្ធិពលរបស់ខ្លួនមកវិញ។ សម្រាប់លោក គីម ជុងអ៊ុន ការទទួលបានការទទួលស្គាល់ឋានៈជា «រដ្ឋមានអាវុធនុយក្លេអ៊ែរ» ដោយប្រយោលពីសំណាក់បងធំចិន គឺជាគោលដៅការទូតដ៏សំខាន់បំផុតមួយ។ តាមរយៈការមិនដាក់សម្ពាធ ឬមិននិយាយរំលឹកពីរឿងលុបបំបាត់អាវុធនេះ ចិនបានបង្ហាញសញ្ញាថា ខ្លួនត្រៀម​រួចជាស្រេច ក្នុងការចាប់ដៃជាមួយកូរ៉េខាងជើង ព្រមទាំងទទួលយកស្ថានភាពនុយក្លេអ៊ែរបច្ចុប្បន្នរបស់ទីក្រុងព្យុងយ៉ាង ដោយមិនយកបញ្ហានេះធ្វើជាលក្ខខណ្ឌមុនការចរចាទៀតឡើយ។

ការព្រងើយកន្តើយរបស់ចិនចំពោះរឿងនុយក្លេអ៊ែររបស់​កូរ៉េខាង​ជើង បានកើតឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានប្រកាសបើករោងចក្រផលិតធាតុផ្សំនុយក្លេអ៊ែរថ្មី និងប្តេជ្ញាបង្កើនកម្លាំងបំផ្លិចបំផ្លាញនេះ ក្នុងល្បឿនលឿនបំផុត។ ជាងនេះទៅទៀត លោកស្រី គីម យូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ក៏ទើបតែបានវាយបកចំៗទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យថា ការបង្ខំឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរ គឺគ្រាន់តែជា «សុបិនខុសសម័យកាល» តែប៉ុណ្ណោះ។ ជំហរមិនកែប្រែរបស់កូរ៉េខាងជើង បូករួមនឹងការបិទភ្នែកម្ខាងរបស់ចិន បានធ្វើឱ្យការខិតខំប្រឹងប្រែងរបស់អាមេរិក និងកូរ៉េខាងត្បូង ក្នុងការទាមទារឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ ជួបប្រទះនឹងភាពទាល់ច្រក និងក្លាយជាបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុតនៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម