កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ដែលជាមេបញ្ជាការទី ២ របស់ក្រុមអាល់កៃដាត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវដោយភ្នាក់ងារអ៊ីស្រាអែល បន្ទាប់ពីមានការបញ្ជាពីសហរដ្ឋអាមេរិក ។
ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ឬ Abu Muhammad al-Masri ត្រូវបានបាញ់សម្លាប់ជាមួយកូនស្រីដោយបុរស ២ នាក់ដែលជិះម៉ូតូកាលពីថ្ងៃទី ៧ ខែសីហា ។
របាយការណ៍បានអះអាងថា ដំបូងឡើយអ៊ីរ៉ង់បានព្យាយាមលាក់បាំងការស្លាប់របស់លោក Abdullah ដោយសារព័ត៌មានអ៊ីរ៉ង់ និងលីបង់បានពិពណ៌នាអំពីជនរងគ្រោះនៃការបាញ់សម្លាប់កាលពីថ្ងៃទី ៧ ខែសីហា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រលីបង់ និងកូនស្រីរបស់គាត់ ។
ទោះយ៉ាងណាក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធរបាយការណ៍នេះកាលពីថ្ងៃសៅរ៍ដោយនិយាយថា “ជាញឹបញាប់ទីក្រុងវ៉ាស៊ីនតោន និងក្រុង Tel Aviv ព្យាយាមចងអ៊ីរ៉ង់ជាមួយក្រុមបែបនេះដោយនិយាយកុហក និងបែកធ្លាយព័ត៌មានមិនពិតទៅប្រព័ន្ធផ្សព្វផ្សាយដើម្បីចៀសវាងការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋកម្មនៃរឿងនេះ និងក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់ ។
ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Al-Masri បានស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ ២០០៣ មកដោយដំបូងឡើយត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែក្រោយមករស់នៅ និងដើរហើរដោយសេរី ។