វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ

បានផុស

នៅ

អាជ្ញាធរអាកាសចរណ៍វៀតណាម បាននិយាយនៅថ្ងៃពុធ ទី ២ ខែមិថុនា នេះថា ប្រទេសវៀតណាម នឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិ មកកាន់ទីក្រុងហាណូយ និងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ ភ្លាមៗ បន្ទាប់ពីមានការផ្អាករយៈពេលពីរបីថ្ងៃ ដោយសារជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ ប្រទេសនេះបានហាមឃាត់ការហោះហើរអន្តរជាតិ ចូលមកអាកាសយានដ្ឋាន Noi Bai របស់ទីក្រុងហាណូយ រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទ និងទៅកាន់អាកាសយានដ្ឋាន Tan Son Nhat របស់ទីក្រុងហូជីមិញ រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ។

អាជ្ញាធរអាកាសចរណ៍ មិនបាននិយាយពីមូលហេតុ នៃការបន្តជើងហោះហើរ លឿនជាងការគ្រោងទុកនោះទេ ដោយគ្រាន់តែអះអាងថា ភាគច្រើននៃករណីឆ្លងជំងឺកូវីដ ១៩ ផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ជាករណីឆ្លងក្នុងសហគមន៍ មិនមែនជាអ្នកដំណើរអន្តរជាតិឡើយ ។

ទន្ទឹមនោះ ការបន្តជើងហោះហើរអន្តរជាតិ ចូលមកទីក្រុងធំៗនេះ គឺធ្វើឡើងដាច់ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាដែលស្ថានទូតវៀតណាម ប្រចាំនៅប្រទេសឡាវ បាននិយាយថា អាជ្ញាធរវៀតណាមបានហាមឃាត់មនុស្ស មកពីប្រទេសឥណ្ឌា ថៃ កម្ពុជា និងឡាវ មិនឲ្យចូលប្រទេសវៀតណាមនោះទេ ដែលជាវិធានការមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានដកស្រង់សេចក្តីជូនដំណឹង របស់ស្ថានទូតដែលបាននិយាយកាលពីថ្ងៃចន្ទថា ការផ្អាកនេះ គឺអនុវត្តចំពោះអ្នកដែលស្នាក់នៅ ឬឆ្លងកាត់ប្រទេសទាំង ៤ ខាងលើ ក្នុងរយៈពេល ២១ ថ្ងៃ មុនពេលចូលមកប្រទេសវៀតណាម លើកលែងតែក្នុងករណីពិសេសប៉ុណ្ណោះ ។

ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងនោះ ស្ថានទូតវៀតណាមបានបញ្ជាក់ថា បទបញ្ជាថ្មីនេះ គឺមិនអនុវត្តនោះទេ ចំពោះជនបរទេសរូបណា ដែលហោះហើរមក អមជាមួយទំនិញ ហើយក្រោយមក ចាកចេញទៅវិញ បន្ទាប់ពីដាក់ទំនិញចុះ ដោយគ្មានការទាក់ទង ជាមួយអ្នកស្រុកវៀតណាម ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៦២៥ ករណី និងមានអ្នកស្លាប់ ៤៨ នាក់ ខណៈមានអ្នកជាសះស្បើយ ៣,០៤៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA / Tuoi Tre

ចុចអាន ៖ ខ្លាចកូវីដ! វៀតណាម ហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូល ក្នុងនោះមាន កម្ពុជា ដែរ

ចុចអាន ៖ វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services