Connect with us

ព័ត៌មានអន្ដរជាតិ

នៅ​តែ​ធ្ងន់​ធ្ងរ​ WHO​ ព្រមាន​វីរុស​បំប្លែង​ខ្លួន​​ផ្ទុះ​នៅ​​​ឥណ្ឌូណេស៊ី​ជាថ្មី

បានផុស

នៅ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​ប្រជា​ជន​ ខណៈ​អង្គការ​សុខភាព​ពិភព​លោក (WHO) នៅ​ថ្ងៃ​ព្រហស្បតិ៍​​ ទៅ​១៧​ខែ​មិថុនា បាន​ព្រមាន​ពី​តម្រូវ​ការ​រឹតត្បិត​សង្គមត្រូវ​តែ​បង្កើន​ចំពេល​​​ការ​ផ្ទុះ​​​វីរុស​បំប្លែង​ខ្លួន​គួរឲ្យ​ព្រួយ​បារម្ភ។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo មាន​ប្រសាសន៍​កំឡុង​ពេល​ទស្សនកិច្ច​ទៅ​កាន់​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​នៅ​ខាង​ក្រៅ​ទី​ក្រុង​ហ្សាការតា​ថា ៖«យើង​ត្រូវ​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​​​ឲ្យ​បាន​ជោគជ័យ​នៅ​តាម​សហគមន៍ ដែល​យើង​សង្ឃឹម​អាច​បញ្ឈប់​ការ​រាល​ដាល​កូវីដ-១៩​បាន»។

ប្រជាជន​ឥណ្ឌូណេស៊ី​រង់ចាំ​ចាក់​វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Widodo បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឲ្យ​គណៈ​រដ្ឋ​មន្ត្រី​ និង​រដ្ឋាភិបាល​មូលដ្ឋាន​បង្កើន​ចំនួន​​មនុស្ស​​​ត្រូវ​ចាក់​វ៉ាក់សាំង​​​រាល់​ថ្ងៃ​ឲ្យ​ដល់​១​លាន​នាក់​នៅ​ខែ​ក្រោយ។ លោក​ថា ឥណ្ឌូណេស៊ី​ឥឡូវ​នេះ​​កំពុង​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​កន្លះ​លាន​នាក់​ក្នុង​មួយ​​ថ្ងៃ។

ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​បំផុត​លំដាប់​លេខ​៤​ក្នុង​ពិភព​លោក​ដាក់​គោល​ដៅ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជនឲ្យ​បាន​ជាង​១៨១​លាន​នាក់​ក្នុង​ចំណោម​ប្រជា​ជន​២៧០​លាន​នាក់​របស់​ខ្លួន​ត្រឹម​ខែ​មីនា ឆ្នាំ​២០២២ ប៉ុន្តែ​អាជ្ញាធរ​ទើប​ចាក់​បាន​ទាំង​ពីរ​ដូស​ដល់​​ប្រជា​ជន​តែ​១១.៨​លាន​នាក់​ប៉ុណ្ណោះ  និង​ចាក់​បាន​១​ដូស​ដល់​ប្រជា​ជន​​៩.៦​លាន​នាក់។

អ្នក​នាំ​ពាក្យ​ក្រុម​ការងារ​កូវីដ-១៩​ថ្នាក់​ជាតិ​ លោក Wiku Adisasmito បាន​និយាយ​ថា វឌ្ឍនភាព​យឹត​​បណ្តាល​មក​ពី​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ពិភព​លោក​មាន​កំណត់ ការ​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​នៃ​ប្រព័ន្ធ​សុខភាព​ជាតិ និង​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការចាក់វ៉ាក់សាំង។ រហូត​ដល់​ពេល​នេះ​ រដ្ឋាភិបាលទទួល​បាន​វ៉ាក់សាំងចំនួន​​៩២.២​លាន​ដូស។

ទិន្នន័យ​ក្រសួងសុខាភិបាល​​បាន​បង្ហាញ​ថា ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ១២៦២៤​នាក់​ដែល​ជា​ចំនួន​ច្រើន​បំផុត​​ចាប់​តាំងពី​ថ្ងៃ​ទី​៣០ ខែ​មករា​ និង​មាន​ករណីស្លាន់​​ថ្មី​២៧៧​នាក់។

ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​​បណ្តាល​មក​ពី​ការ​ធ្វើ​ដំណើរ​កំឡុង​ពេល​​ថ្ងៃ​​ឈប់​សម្រាកនៃ​ពិធី​បុណ្យ​ Eid al-Fitr កាល​ពី​ខែ​មុន និង​ការ​មក​ដល់​វីរុស​បំប្លែង​ខ្លួន​ថ្មី​​ Delta ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។

តាម​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញ​ថា នៅ​ទី​ក្រុង​ហ្សាការតា ចំនួនគ្រែ​​ក្នុង​មន្ទីរ​ពេទ្យ​មាន​អ្នក​ជំងឺ​ឡើង​ដល់​៧៥​%​នៅ​ក្នុង​សប្តាហ៍​នេះ​ដែល​បាន​កើន​ឡើង​ពី​៤៥​%​កាល​ពី​សប្តាហ៍មុន​។

អង្គការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ថា ការ​កើន​​ឡើង​​យ៉ាង​ខ្លាំង​នៅ​ក្នុង​អត្រា​​អ្នក​ជំងឺ​ចូល​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​គឺ​ជា​កង្វល់​ដ៏​ធំ និង​ចាំ​បាច់​ត្រូវ​តែ​អនុវត្ត​វិធានការ​រឹត​ត្បិតសាធារណៈ​ និង​សង្គម រាប់​បញ្ចូល​ទាំង​ការ​រឹត​ត្បិត​ការ​ជួប​ជុំ​សង្គម​ដែល​មាន​មនុស្ស​ច្រើន។

WHO បាន​លើក​ឡើង​ថា ៖«ការ​ឆ្លង​ថ្មី​ចេះ​តែ​កើន​ឡើង​​គឺបណ្តាល​មក​ពី​វីរុស​បំប្លែង​ខ្លួន​គួរ​ឲ្យ​បារម្ភ ដូច្នេះ​ចំណាត់​ការ​បន្ទាន់​ត្រូវ​តែ​ធ្វើ​ដើម្បី​រក្សា​ស្ថានភាព​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន»។

មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន Delta នៅ​ទី​ក្រុង​ហ្សាការតា ខេត្ត​ជ្វា​កណ្តាល និងជ្វា​ខាង​កើត។ ពួក​គេ​បាន​រកឃើញ​វីរុស​បំប្លែង​ខ្លួន​គួរ​ឲ្យ​បារម្ភ​៣​ក្នុង​ចំណោម​៤​ដែល​ត្រូវ​បានបង្ហាញ​ដោយ​ WHO។

លោក Adisasmito និយាយ​ថា ការ​កើន​ឡើង​នៃ​ការ​ឆ្លង​កូវីដ-១៩​ត្រូវ​បាន​ឃើញ​ខ្លាំង​នៅ​សប្តាហ៍​នេះ​ក្នុង​ក្រុង​ហ្សាការតា ខេត្ត ប៉ាន់ថេន ជ្វាខាង​លិច ជ្វាកណ្តាល យូហ្គីហ្គាតា និង​ខេត្ត​ជ្វាខាង​កើត។ កន្លែង​ទាំង​​អស់​នោះ​ស្ថិត​នៅ​តំបន់​​ជ្វា​ដែល​មាន​​ប្រជាជន​​ច្រើន​បំផុត​​នៅ​លើ​កោះ​ជាង​១៧០០០។

តាម​មន្ត្រី​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល​ជាង​៣៥០​នាក់​បាន​ឆ្លង​កូវីដ-១៩ ​បើ​ទោះ​ជា​ពួក​គេបាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ Sinovac ពេញ​លេញ និង​ជា​ច្រើន​នាក់​កំពុងព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

រហូត​ដល់​ពេល​នេះ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ១.៩​លាន​នាក់​ និង​ករណី​ស្លាប់​ជាង ៥៣៧០០​នាក់​ចាប់​តាំង​ពីកូវីដ​​កើត​ឡើង​ និង​​ជា​ប្រទេស​​រង​ការ​វាយ​ប្រហារ​អាក្រក់​ជាង​គេ​​​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍។ ចំនួន​នេះ​ត្រូវ​បាន​គេ​គិត​ថា មិន​រាប់​បញ្ចូល​ទាំង​កង្វះ​នៃ​ការ​ធ្វើ​តេស្ត​ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម