Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី កំពុងក្លាយជាកន្លែងបង្កាត់ពូជវីរុសបំប្លែងខ្លួនថ្មីៗ ហើយកាន់តែគ្រោះថ្នាក់ជាងវីរុស Delta

បានផុស

នៅ

អ្នកជំនាញខាងជំងឺឆ្លងមកពីជុំវិញពិភពលោកបានព្រមានថា ល្បឿន និងទំហំនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅឥណ្ឌូណេស៊ី បានបង្កើតជាកន្លែងបង្កាត់ពូជដ៏ខ្លាំងក្លា សម្រាប់វីរុសបំប្លែងខ្លួនប្រភេទថ្មី ដែលកាន់តែអាចឆ្លង និងមានគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Dicky Budiman អ្នកជំនាញរោគរាតត្បាតរបស់ឥណ្ឌូណេស៊ី ដែលកំពុងស្រាវជ្រាវពីវីរុសបំប្លែងខ្លួននៅសាកលវិទ្យាល័យ Griffith របស់ប្រទេសអូស្រ្តាលី បាននិយាយថា “វីរុសបំប្លែងខ្លួនថ្មីតែងតែលេចឡើងនៅក្នុងតំបន់ ឬប្រទេសដែលមិនអាចគ្រប់គ្រងការផ្ទុះនេះបាន ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា ប្រសិនបើការធ្វើតេស្តច្រើនជាង ៥ ភាគរយមានលទ្ធផលវិជ្ជមាន ការផ្ទុះឡើងគឺមិនអាចគ្រប់គ្រងបានទេ” ។

លោកបន្តថា “នៅប្រទេសឥណ្ឌូនេស៊ី វាខ្ពស់ជាង ១០ ភាគរយឯណោះក្នុងរយៈពេល ១៦ ខែ នៅពេលចាប់ផ្តើមរោគរាតត្បាត ហើយឥឡូវនេះ វាខ្ពស់ជាង ៣០ ភាគរយទៅទៀត ។ ដូច្នេះ អ្នកអាចស្រម៉ៃថាតើលទ្ធភាពខ្ពស់ប៉ុណ្ណាសម្រាប់ឥណ្ឌូនេស៊ី ក្នុងការបង្កើតវីរុសបំប្លែងខ្លួនថ្មី ឬវីរុសកូវីដបំប្លែងខ្លួនកូនកាត់កាន់តែទំនើបនោះ” ។

ចំណែកលោក Amin Soebandrio នាយកនៃវិទ្យាស្ថាន Eijkman ដែលជាអង្គការរដ្ឋាភិបាលសិក្សាអំពីជំងឺឆ្លង បាននិយាយថា ខណៈពេលដែលមិនទាន់មានវីរុសបំប្លែងខ្លួនថ្មីនៅក្នុងឥណ្ឌូនេស៊ីនៅឡើយនោះ ការប្រុងប្រយ័ត្នរបស់ប្រទេសនេះ គឺមានសារៈសំខាន់ណាស់ ។

លោកបាននិយាយថា “យើងមិនអាចបដិសេធទេថា វីរុសថ្មីមិនអាចកើតឡើងបាននោះ ហើយយើងត្រូវសង្កេតដោយប្រុងប្រយ័ត្ន ដើម្បីកំណត់អត្តសញ្ញាណវីរុសបំប្លែងថ្មី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលវាលេចចេញមក” ។

គួររំឭកថា កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ីបានវ៉ាដាច់ឥណ្ឌា និងប្រេស៊ីល ក្លាយជាប្រទេសដែលមានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក ខណៈកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសប្រជុំកោះមួយនេះបានរាយការណ៍ថា មានករណីឆ្លងថ្មីជាង ៤៩,៥០០ ករណី និងមានអ្នកស្លាប់ ១,៤៤៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ បុរស ឥណ្ឌូណេស៊ី កើតកូវីដ បន្លំប្រើអត្តសញ្ញាណប័ណ្ណប្រពន្ធ ហើយក្លែងធ្វើស្រី ដើម្បីបានជិះយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម