Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា វេទនាខ្លាំង ព្រោះជួបទុក្ខផ្ទួនៗ

បានផុស

នៅ

ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្លាស់ទីលំនៅមនុស្សរាប់រយនាក់ បន្ថែមពីលើភាពវេទនារបស់ប្រទេសមួយ ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ និងភាពវឹកវរ ដែលបង្កើតឡើងដោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍មក បានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ជាច្រើន ដែលបង្ខំឲ្យបុគ្គលិកថែទាំសុខភាព ជម្លៀសអ្នកជំងឺកូវីដតាមផ្លូវលិចទឹក និងច្រកតូចដើម្បីស្វែងរកកន្លែងស្ងួត។

លោក Pyae Sone បុគ្គលិកសង្គមនៅក្រុង Hlaingbwe ក្នុងរដ្ឋ Kayin បាននិយាយថា “ផ្ទះរាប់រយខ្នង ត្រូវលិចទឹក ហើយគេមើលឃើញតែដំបូលផ្ទះប៉ុណ្ណោះ។ កូវីដ កំពុងតែរីករាលដាលនៅក្នុងទីក្រុង មានមនុស្សជាច្រើនកំពុងឈឺ”។

តំបន់លំនៅដ្ឋានប្រមាណ ៥០០ កន្លែងនៅតាមបណ្តោយព្រំដែនថៃ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈប្រជាជនរាប់រយនាក់ ត្រូវផ្លាស់ទីលំនៅ។

លោក Joy Singhal ប្រធានប្រតិភូមីយ៉ាន់ម៉ា នៃសហព័ន្ធអន្តរជាតិ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា “ទឹកជំនន់ បានជន់លិចតំបន់ធំ ៗ នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលជាទឹកជំនន់អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយវាកំពុងបង្កទុក្ខវេទនាបន្ថែមទៀត សម្រាប់ប្រជាជនដែលកំពុងរងគ្រោះរួចទៅហើយ​ ខណៈខណៈករណីឆ្លងកូវីដ​ កំពុងហក់ឡើងខ្លាំងទូទាំងប្រទេស”។

លោកបាននិយាយថា IFRC បានធានាជាបន្ទាន់នូវការផ្គត់ផ្គង់ជំនួយបន្ថែម ដើម្បីគាំទ្រដល់ប្រជាជនរាប់ពាន់នាក់ដែលប្រឈមនឹងហានិភ័យពីទឹកជំនន់។

ការឆ្លងកូវីដនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងចាប់តាំងពីខែមិថុនាមក ដោយការឆ្លង ៤,៦៣០ ករណីនិង អ្នកស្លាប់ ៣៩៦ នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យនិងសេវាបុណ្យសព អះអាងថា​ ចំនួនអ្នកស្លាប់ខ្ពស់ជាងនេះឆ្ងាយណាស់។

យោធា បានព្យាយាមរក្សាការគ្រប់គ្រង ចាប់តាំងពីឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ដែលបង្កឲ្យមានការតវ៉ា កូដកម្មនិងការប្រយុទ្ធគ្នានៅក្នុងតំបន់ជាច្រើន តាមព្រំដែន។

ដោយមានការខឹងសម្បាចំពោះវេជ្ជបណ្ឌិតដែលប្រឆាំងនឹងកងទ័ព យោធារបស់ប្រទេសមីយ៉ាន់ម៉ាក៏បានចាប់ខ្លួនក្រុមវេជ្ជបណ្ឌិតជាច្រើននាក់ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដ ធ្វើ ឲ្យ បុគ្គលិក យោធា មីយ៉ាន់ម៉ា វេទនា ជាង ប្រជា ជនធម្មតាទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម